X

Cambo-China

· 05-24

កម្ពុជា-ចិន ពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកម្ពុជាបន្ថែម

#ប្រទេសកម្ពុជា# #ខេត្តជាំងស៊ូ​# #ជើងហោះហើរត្រង់# #ឆ្នាំទេសចរណ៍# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2352

ថ្នាក់ដឹកនាំកម្ពុជា-ចិន ពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសិក្សាលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តជាំងស៊ូមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តជាំងស៊ូក៏នឹងសហការយ៉ាងជិតស្និតជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាក្នុងឆ្នាំ២០២៥ ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន ដូចជាការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាំងស៊ូ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ ព្រមទាំងជួយទាក់ទាញវិនិយោគិនក្នុងខេត្តជាំងស៊ូឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូ ឱ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)