X

Cambo-China

· 05-26

សមយុទ្ធកងទ័ពជើងទឹក កម្ពុជា-ចិន លើផ្ទៃសមុទ្រត្រូវបានបិទបញ្ចប់ដោយជោគជ័យ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2279

សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិនក្នុងលំហសមុទ្រកម្ពុជាចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ បានបញ្ចប់ហើយប្រកបដោយជោគជ័យ ដែលធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» ។

ឯកឧត្តម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក នៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទសមយុទ្ធលើលំហសមយុទ្ធប្រព្រឹត្តទៅ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការីនាយសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ធ្វើឡើងនៅខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ប្រកបដោយភាពជោគជ័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកង័ពកម្ពុជា-ចិន។

តាមសេចក្តីរាយការណ៍របស់ប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធបានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ការបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំងមធ្យោបាយកងទ័ពជើងទឹកដើម្បីទប់ទល់និងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព និងការពារសន្តិភាពក្នុងតំបន់។

សមយុទ្ធនាគមាសកងទ័ពជើងទឹកលើកទី២ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពចិន ធ្វើឡើងក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរកងទ័ពជើងទឹកកម្ពុជា-ចិន សរុប ៦៧៧ នាក់ ក្នុងនោះសមយុទ្ធជើងទឹកកងទ័ពប្រទេសទាំងពីរបានប្រើប្រាស់នាវាចំនួន១០ គ្រឿង កម្ពុជាមាននាវាចូលរួមចំនួន ៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង, កងទ័ពចិនមាននាវាចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតលើនាវាដឹកទំនិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)