X

TNAOT News

· 06-10

សម្ដេចធិបតី៖ អ្នកនយោបាយខ្លះថាស្នេហាជាតិ ប៉ុន្តែបែរជាទៅបម្រើសត្រូវវាយប្រហារជាតិទៅវិញ

#វាយប្រហារជាតិ# #ស្នេហាជាតិ# #NEW NEWS# #សម្ដេចធិបតី ហ៊ុនម៉ាណែត# #សង្គម# #ព័ត៌មានសង្គម#

2349

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សពផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។

តាមរយៈសាររបស់សម្តេចធិបតីបានបញ្ជាក់ថា ក្រុមអ្នកនយោបាយខ្លះបានបង្កើតព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយមួយចំនួនរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិ ជាពិសេសទឹកចិត្តកងទ័ព។ 

សម្តេចគូសបញ្ជាក់ថា៖«តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងល់ មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?»។

គួរឲ្យដឹងដែរថា សម្តេចធិបតីលើកឡើងដូចនេះបន្ទាប់ពីមានគណនី Tik Tok ឈ្មោះ " Amy Richard310" និងហ្វេសប៊ុកឈ្មោះ " Piseth P G EM" ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់ ផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។

បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំ ប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)