
TNAOT News
· 06-11
សម្តេចធិបតី៖ បារាំងជាមិត្តល្អរបស់កម្ពុជាហើយកំពុងធ្វើការជាមួយគ្នាដើម្បីឈានតម្លើងកម្រិតទំនាក់ទំនងការទូតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
#NEW NEWS# #បារាំង# #សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម#
2626
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ សម្តេចធិបតីក៏បាន អរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ដោយសម្តេចបញ្ជាក់ថានឹងរង់ចាំស្វាគមន៍វត្តមានរបស់ឯកឧត្តម ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ។
គួរឲ្យដឹងដែរថា សម្តេចធិបតីដឹកនាំគណៈប្រតិភូករាជរដ្ឋាភិបាលម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.) ដើម្បីចូលរួមសន្និសីទ (UNOC3) ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព»។
ក្នុងឱកាសនោះដែរក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)