TNAOT News

· 06-12

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបត្ថម្ភស្បៀងអាហារ សម្ភារៈ និងថវិកាគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី!

#ថវិកា# #ស្បៀងអាហារ# #NEW NEWS# #សង្គម# #ព្រំដែន# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម#

2480

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បាននាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចធិបតី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបាននិងកំពុងអនុវត្តនូវបទបញ្ជាសហការការពារជាដាច់ខាត ដែនអធិបតេយ្យភាពជាតិ និងបានថ្លែងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំ នៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានផ្តល់ការលើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ។ ជាការកត់សម្គាល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។ ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេលវេលារបស់ភាគីថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)