រឿង បញ្ចុកស្នេហ៍បំពេញបេះដូង ភាគទី ៥~៣ តចប់ (រឿងប្រលោមលោក)

Novel Readers 2021-10-24 11:04:25
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ក្រោយពីត្រឡប់មកដល់ផ្ទះ ដររីស ប្លែកចិត្តណាស់ដែលឃើញប៉ានិងប្អូនប្រុសនៅផ្ទះមិនចេញទៅ ចំណែក ធេមមី ទៅទិញរបស់របរ ។

"បងកំពុងមានស្នេហាមែនទេ?” ដូណាល់ សួរ មិនត្រឹមតែគេទេ សូម្បីតែសង្សាររបស់គេក៏គិតថាបងស្រីម្នាក់នេះមានស្នេហាហើយ ទើបមិនសូវនៅផ្ទះ ពេលថ្ងៃឈប់សម្រាករឹតតែមិនឃើញមុខ ហើយទឹកមុខក៏ចូលចិត្តបង្ហាញឱ្យឃើញស្នាមញញឹមចម្លែក ធេមមី

ប្រាប់ថាជាស្នាមញញឹមនៃក្តីស្រលាញ់ ។

គ្រែនដ៍ ក៏គិតថាពីរបីខែមកនេះ មើលទៅកូនស្រីរវល់ណាស់ ពេលខ្លះត្រឡប់មកដល់ផ្ទះយប់ជ្រៅ “ដររីស កូនមានសង្សារហើយពិតមែនទេ?"

ដររីស មិនដឹងថាគួរឆ្លើយយ៉ាងម៉េចល្អ នាងនិងលោកប្រធាន ហៅបានថាកំពុងមានស្នេហាឬអត់?

ទោះជាការទៅមករកគ្នារបស់ពួកគេមិនខុសប្លែកពីអ្នកដែលស្រលាញ់គ្នាខ្លាំង តែដោយសារតែគេមិនបាននិយាយថា សេពគប់គ្នា នាងមិនដឹងដូចគ្នាថាពួកគេរាប់ថាជាសង្សារនឹងគ្នាឬអត់ តែគេបាន តែថើបនាងញឹកញាប់ ពេលនឹកឃើញដល់រូបភាពគេថើបនាងហើយថើបទៀត នាងក៏មុខក្រហម

"គឺថា...កូនមានណាត់ជា មួយ អេវ៉ាត្រូវប្រញាប់ចេញទៅ ចាំថ្ងៃក្រោយសឹមនិយាយគ្នា" ពេល និយាយចប់ នាងក៏ប្រញាប់ចូលទៅយកកាបូបស្ពាយក្នុងបន្ទប់ បន្ទាប់ពីនោះក៏ចេញទៅតាមការណាត់ ។

"ប៉ា ខ្ញុំថាឫកពាបែបនេះ បងកំពុងមានស្នេហាប្រាកដណាស់”

"ប៉ា ក៏គិតអីចឹងដែរ កូនម្នាក់នេះកំពុងខ្មាស ហាសៗ” មុននេះគ្រែនដ៍ ឃើញកូនស្រីមុខក្រហម មើលឫកពាកូនស្រីទៅកំពុងមានស្នេហាពិតមែន ។

“មិនដឹងថាគេជាមនុស្សប្រុសបែបណា សង្ឃឹមថាគេមិនគិតថា គាត់និយាយសាំដដែលៗដូចយាយចាស់ទេ"

"កុំនិយាយនាងបែបនេះ ច្រើនឆ្នាំមកនេះ នាងហត់នឿយណាស់ ដើម្បីមើលថែក្រុមគ្រួសារយើង” គ្រែនដ៍ មានអារម្មណ៍សោកសៅដែលច្រើនឆ្នាំមកនេះកូនស្រីនឿយហត់លំបាក ក្មេងម្នាក់នោះ មិនដែលត្អូញត្អែរទេ នាងតែងមានស្នាមញញឹមជានិច្ច "សង្ឃឹមថាមនុស្សជាទីស្រលាញ់នោះជាឧត្តមស្វាមី ប៉ាថាលើកក្រោយឲ្យនាងនាំគេមកផ្ទះល្អជាង"

ដររីស និង អេវ៉ា មកដល់ហាងលក់ទំនិញទូទៅហើយ ពួកនាងដើរលេងរហូត២ម៉ោង អ្នកទាំងពីរសបភីងជាមួយគ្នាមិនតិចទេ ភាគច្រើន ដររីស ទិញអាហារបម្រុងរាងកាយ ចំណែក អេវ៉ា ទិញសម្លៀកបំពាក់ជាច្រើនសម្រាប់ បន្ទាប់ពីនោះអ្នកទាំងពីរក៏ទិញស្បែកជើងមួយគូម្នាក់ ។

"ចង់ទៅញ៉ាំអីនៅជាន់ខាងក្រោម” នាងដូចស្រេកទឹកបន្តិច ។

"លើកមុនខ្ញុំទៅហាងកាហ្វេ សិស្សច្បងសួរដល់រឿងរបស់ឯង ហើយប្រាប់ថាមិនជួបឯង 'ជាយូណាស់' មកហើយ" អេវ៉ា និយាយ សង្កត់ពាក្យថា យូរណាស់ ជាពិសេស “ឯងនេះពេលមានស្នេហាហើយភ្លេចមិត្តភក្តិ"

"សុំទោស លើកក្រោយខ្ញុំនឹងទៅសុំទោសសិស្សច្បងដល់ហាងកាហ្វ" គិតៗមើលទៅ នាងមិនបានទៅហាងកាហ្វេយូរពិតមែន ។

"បាន"

"ខ្ញុំយល់ ទើបតែ អ៊ុនលើហ្វ គឺបែបនេះទាំងអស់ហ្នឹង ចង់នៅជាមួយសង្សារគ្រប់នាទី យូរៗទៅពេលមានប្ដីប្រពន្ធចាស់ៗរៀងខ្លួនក៏លែងផ្អែមល្ហែមបែបនេះហើយ ដូច្នេះឆ្លៀតឱកាសពេលនេះមានក្តីសុខឲ្យពេញទីចុះ”

ដររីស សំឡឹងមើល អេវ៉ា "អេវ៉ា ថ្មីៗនេះឯងនិងសង្សារឯងយ៉ាងម៉េចដែរ?"

អេវ៉ា ញញឹម "គ្មានអីទេ នៅដូចដើម គេរវល់ការងារណាស់”

"អេវ៉ា ឯង..." ដររីស ឃើញអ្នកដែលដើរកាត់មុខ ហើយឈប់និយាយ។

អេវ៉ា សំឡឹងមើលតាមទៅ ខសស្ទីន សុង! អ្នកនៅក្បែរផ្ទះរបស់ដររីស ហើយក៏ជាស្នេហ៍ដំបូងរបស់ដររីស ទៀតផង កាលពីមុនពេលដែលទៅផ្ទះ ដររីស នាងធ្លាប់ជួបគេ៣-៤ដង រាងខ្ពស់ស្គម ពាក់វែនតា ឫកពាសុភាពរាបសា។

ខណៈនោះអ្ហែ៎ង ស្រីម្នាក់ស្រស់ស្អាតដែលដើរនៅខាងមុខ ខសស្ទីន ក៏បែរមកហើយនិយាយឮៗ រអ៊ូរទាំថា "បងដើរឲ្យលឿនៗបន្តិចបានទេ អូនត្រូវទៅទិញខោអាវនៅជាន់ខាងក្រោមទៀត”

“បានៗ” ខសស្ទីន កាន់ស្បោងក្នុងដៃមិនតិចនោះទេ តបដោយសំឡេងទន់ភ្លន់ តែពេលឃើញ ដររីស គេក៏ឈប់ដើរ លីអ៊ែនដ៍ ភរិយាគេដែលដើរនៅខាងមុខក៏ឈប់ដើរតាមដែរ ។

ដររីស ដើរចូលទៅរក ហើយញញឹមបន្តិច "បង ខសស្ទីន ខានជួបគ្នាយូរហើយ" នាងនិយាយរាក់ទាក់ភរិយា ខសស្ទីន ដូចគ្នា "សួស្តី"

"ដររីស ខានជួបគ្នាយូរហើយ សុខសប្បាយដែរទេ?” ខសស្ទីន និយាយដោយសំឡេងកក់ក្តៅដូចមុន ស្នាមញញឹមក៏ដូចគ្នា។

"សុខសប្បាយទេ” ខសស្ទីន នៅតែសង្ហានិងទន់ភ្លន់ដូចដើម "ថ្ងៃនេះខ្ញុំមកជាមួយមិត្តភក្តិ" ដររីស ចង្អុលទៅមិត្តជិតស្និទ្ធដែលឈរនៅខាងក្រោយ ។

"បងស្គាល់ នោះគឺ អេវ៉ា មិត្តជិតស្និទ្ធបំផុតរបស់អូន” ខសស្ទីន ងក់ក្បាលដាក់ អេវ៉ា ។

"អឺម"

លីអ៊ែនដ៍ ដែលឈរនៅក្បែរ ហាមាត់ហាក់ដូចជាធុញទ្រាន់។

"សុំទោស ខ្ញុំមានរបស់ដែលត្រូវទិញ ខសស្ទីន ទៅយើង” ពេលនិយាយចប់ អ្នកនាងធំដូចជានាងក៏ដើរទៅខាងមុខយ៉ាងឆ្មើងឆ្មៃ ។

"ដររីស សប្បាយចិត្តណាស់ដែលបានជួបអូន លើកក្រោយបើទំនេរចាំនិយាយគ្នាទៀត" ខសស្ទីន ដើរតាមភរិយាទៅ។

អេវ៉ាដើរមករក ហើយធ្វើសំឡេងក្តក់អណ្តាត៣-៤ដង "ម្នាក់នោះជាប្រពន្ធរបស់ ខសស្ទីន! មិនខុសពីរាជនីទេ ប្រើប្ដីដូចទាសករ ខសស្ទីន មើលទៅគួរឲ្យអាណិតណាស់មែនទេ?"

ដររីស មិននិយាយអី នាងនិយាយពីការគិតក្នុងចិត្តពេលនេះមិនចេញទេ អាចខូចចិត្តបន្តិចបន្តួចទេដឹង? នាងធ្លាប់ចូលចិត្ត ខសស្ទីនណាស់ ។

ខសស្ទីន មើលមកនាងជាប្អូនស្រីជានិច្ច រឿងនេះនាងក៏ដឹងច្បាស់ តែនាងក៏នៅចូលចិត្តគេ តែក្រោយពីគេនិង លីអ៊ែនដ៍ សេពគប់គ្នាហើយ និងរៀបការជាមួយគ្នា នាងក៏ធ្វើចិត្តបាន យ៉ាងណានាងមិនចង់ធ្វើជាអ្នកទីបី។

"ការពិតមិនឃើញមានអីគួរឲ្យយល់ចិត្តយល់ថ្លើមទេ ម្នាក់ៗយល់ព្រមចិត្តទាំងសងខាង បានរៀបការជាមួយអ្នកនាងត្រកូលសេដ្ឋីគឺសុខស្រួល៣០ឆ្នាំហើយ ប្ដូរជាមួយកិត្តិយសនៃភាពជាប្តីដែលបាត់បង់ទៅ"

អេវ៉ា ទាញខ្លួន ដររីស ដែលកំពុងមមើមមាយ "ណ្ហើយចុះ ឈប់គិតរឿងប្តីប្រពន្ធមួយគូនោះបានហើយ យើងទៅរកអីញ៉ាំជាមួយគ្នា”

"អឺម” ដររីស ដកដង្ហើមក្នុងចិត្ត ។

មួយម៉ោងក្រោយមក ដររីស ត្រឡប់មកផ្ទះ វីជេយ៍ ម្តងទៀត នាងចម្លែកចិត្តដែលឃើញគេអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ ព្រោះធម្មតាគេធ្វើការក្នុងបន្ទប់អានសៀវភៅ គេរង់ចាំនាងឬក៏អត់?

"លោកប្រធាន ខ្ញុំនឹងត្រៀមអាហារពេលល្ងាច..."

"មិនបាច់ត្រៀមអាហារពេលល្ងាចទេ"

ដររីស ទើបតែសង្កេតឃើញថាទឹកមុខគេមើលទៅប្លែកៗ ។

"ដររីស បន្តិចទៀតយើងចេញទៅជួបមនុស្សម្នាក់ជាមួយគ្នា”

"ជួបអ្នកណា?"

"ម៉ាក់ខ្ញុំ" វីជេយ៍ តប "គាត់ត្រឡប់មកដល់តៃវ៉ាន់កាលពីរសៀលហើយបបួលពួកយើងទៅញ៉ាំអាហារពេលល្ងាចជាមួយគាត់”

ស្អីគេ? ទៅជួបអគ្គនាយិក! ដររីស ភ្ញាក់ផ្អើលស្រឡាំងកាំង ។

ពីមុននាងធ្លាប់ជួបអគ្គនាយិកាម្តងរួចទៅហើយ គាត់ស្លៀកសម្លៀកបំពាក់ដែលកុម្មង់កាត់ មើលឫកពារាងហ្មត់ចត់ ហេតុអីនៅសុខៗត្រូវជួបគ្នា នាងនៅមិនទាន់បានត្រៀមចិត្តសូម្បីតែបន្តិច

"លោកប្រធាន ខ្ញុំត្រូវទៅជាមួយដែរឬ?"

“មិនបាច់ភ្ញាក់ផ្អើលទេ គ្រាន់តែញ៉ាំបាយជាមួយម៉ាក់ខ្ញុំមួយពេលប៉ុណ្ណោះ"

"តែថា..." ដររីស ញាប់ញ័រចិត្តខ្លាំង នាងមិនដឹងថាអគ្គនាយិកា ចូលចិត្តនាងឬអត់? បើសិនជាស្អប់នាង ធ្វើយ៉ាងម៉េចល្អទៅ?

"មិនបាច់តែទេ ណាត់គ្នារួចរាល់ហើយ"

ហ៊ឺ! មិនទុកពេលឱ្យអ្នកផ្សេងបានត្រៀមចិត្តអីបន្តិច "ខ្ញុំចង់ត្រឡប់ទៅផ្ទះប្តូរខោអាវផ្លូវការជាងនេះសិន"

“មិនបាច់ទេបែបនេះអ្នកនាងមើលទៅស្អាតស្រាប់ហើយ”

វីជេយ៍ ឡិចថ្ពាល់សរលោងថ្នមៗ ភ្ញាក់ផ្អើលថ្នាក់នេះផងឬ? ហើយគេក៏ថើបនាងភ្លាម ។

ពុទ្ធោ! សុំអង្វរណា៎ នេះជាពេលអីទៅហើយ មិនឃើញទេឬថានាងភ្ញាក់ផ្អើលណាស់ គេនៅថើបនាងដោយសប្បាយចិត្តបានទៀត ។


ប្រភព៖ OBSOK BOOK 

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប