រឿង ទាសករស្នេហ៍ប្រុសផ្តាច់ការ ភាគទី ១~២ _ ប្រលោមលោក

Novel Readers 2021-12-11 08:01:11
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប៉ុន្តែ...ត្រឹមមុខជំនួញ ចៅហ្វាយប្រៀបដូចសាច់មួយដុំស្រោបដោយមាសដែលអាចដើរបាន ទើបអាចរួចពីមាត់ស្ទាំងមាត់ក្អែកបានរហូតមកដល់ថ្ងៃសព្វថ្ងៃនេះ ។ ទាំងដែលអាយុក៏ស័ក្ដិសមនឹងមានគូគ្រងទៅហើយ ប៉ុន្តែ សាច់ស្រោបមាស នៅតែហោះទៅហោះមក បោកស្រីៗជុំវិញពិភពលោកឲ្យហូរទឹកមាត់លេង ។

ខ្លោដ រីត មិនធ្លាប់ប្រាកដប្រជាជាមួយអ្នកណា ហើយក៏មិនធ្លាប់បញ្ឈប់ដើម្បីស្វែងយល់ពីអ្នកណាឲ្យប្រាកដប្រជារយៈពេលយូរដែរ ។

ដូច្នេះហើយតើឲ្យទៅរៀបការជាមួយអ្នកណាទៅ?

បើឲ្យរៀបការជាមួយក្រដាសប្រហែលជាអាចទៅរួច ព្រោះស្និទ្ធស្នាលជាមួយវាបំផុត ។

ឃើញថាអាចមកពីតំណពូជ ព្រោះថា ជេក រីត ប្រមុខត្រកូលជំនាន់មុនដែលជាតាបង្កើតរបស់ ខ្លោដ រហូតមកដល់ពេលនេះនៅតែមិនព្រមឈប់ឡូយឆាយ ទាំងដែលមានចៅប្រុសពេញកំលោះស្ដូកទៅហើយ ។

លើកចុងក្រោយ ជេក បានបណ្ដើរប្រពន្ធថ្មីដើរលេងជុំវិញពិភពលោក ។ អ៊ីធាន ធុញទ្រាន់នឹងរាប់ទៅហើយថាតាំងពីស្គាល់គ្នារហូតមកដល់ពេលនេះ ជេក រីត ហាន់នីមូនប៉ុន្មានដង ជាមួយអ្នកណាខ្លះ ដែលច្បាស់នោះគឺមិនធ្លាប់ជាន់គ្នានោះទេ ម្រាមដៃម្រាមជើងនៅក្នុងខ្លួនវាមិនគ្រប់ឲ្យរាប់ផង ។

កិច្ចកម្មចូលចង្វាក់ និងដៅបានថាជាចង្វាក់ដែលធ្ងន់គួរសម ប្រហែលទើបតែចប់ថ្មីៗមុនពេល អ៊ីធាន ចូលមកមិនប៉ុន្មាននាទី ព្រោះស្រីបីនាក់នោះនៅដេកស្ដូកស្ដឹង ខណៈដែលចៅហ្វាយរបស់គេស្លៀកតែខោខូវបយមួយប៉ុណ្ណោះ រាងកាយល្វែងលើទទេស្អាត។

ខ្លោដ ទាញអាវយឺតមកពាក់ ខណៈដែលដៃម្ខាងទៀតស្រវាយកបារីមកអុជជក់ ផ្លុំផ្សែងឡើងហុយផ្អោង ។ សាច់ដុំកម្រើកឡើងចុះតាមរូបរាងសមសួនខណៈដែលដើរឲ្យរំភើយ ដោយមិនបានប្រញាប់ប្រញាល់ ក្លាយជាទស្សនីយភាពដែលគួរឲ្យចង់មើល តាំងពីស្មាធំទូលាយមកដល់ដើមទ្រូងហាប់ណែន ពោះដែលមានសាច់ដុំកង់ៗ ស៊ីនឹងត្រគាកបាវសាច់ ។

គេឱនរើសអាវក្រៅដែលធ្លាក់នៅក្បែរស្រីស្អាតទាក់ទាញ មកពាក់នឹងស្មា ប៉ុន្តែពេលឱនថើប...លា អារម្មណ៍ស្រឡាញ់ដែលគិតថាធ្លាប់មានក៏រលាយទៅតាមការប្រាថ្នាងាយៗ...ត្រឹមមួយរាត្រី ។

*ឬ...ឬថាស្នេហានោះ តាមពិតទៅវាដំណើរការបានត្រឹមមួយវេលាខ្លី?*

ទៀតហើយ ខ្លោដ មិនគិតទេថាគេបោកខ្លួ​នឯងឬអ្នកណាៗ គ្រាន់តែ...គេមិនធ្លាប់ជួបស្នេហាដែលមានរយៈពេលវែងលើសពីមួយយប់ប៉ុណ្ណោះ ។

បើ...បើស្នេហាមានអាយុកាលខ្លីដល់ថ្នាក់នេះ គេមិនត្រូវការ ក៏បាន ។

យ៉េមី កាំង ចាប់ដៃប្អូនប្រុសឪពុកទីទៃណែនដៃ ។ អ្វីដែលបានដឹងនៅខណៈនេះ ធ្វើឲ្យរាងកាយដែលក្ដៅភាយៗដោយសារការដើរក៏ទៅជាត្រជាក់ សូម្បីតែសរសៃសក់និងញើសគ្រប់តំណក់ក៏អាចកកបានដែរ ។

ប្អូនប្រុសរបស់នាងនៅតូច គេមិនអាណិតអាសូទេឬទើបធ្វើដល់ថ្នាក់នេះ?

ធ្វើយ៉ាងម៉េច...ធ្វើយ៉ាងម៉េចទៅ?

ខួរក្បាលដែលលោតផ្តឹកៗសុទ្ធតែជាសំណួរ នាងគួរធ្វើយ៉ាងណា?

“...ប្ដឹងប៉ូលិសគួរតែល្អ”

មនុស្សស្រីដែលឈរនៅចំពោះមុខនាងនាពេលនេះ គឺស្រីវ័យកណ្ដាលជនជាតិបារាំង ដែលងឿងឆ្ងល់ដូចគ្នាចំពោះហេតុការណ៍ដែលកើតឡើងយ៉ាងទាន់ហន់ ទឹកមុខដែលខ្មៅប៉ែប្រាប់ឲ្យដឹងថា នាងមិនបានធ្វើពុត ។

ផ្ទះដែល យ៉េមី ធ្លាប់រស់នៅ លែងមានហើយពេលនេះ ។

យ៉េមី មកពីកូរ៉េខាងត្បូងដែលជាស្រុកកំណើត និងរស់នៅជាមួយឪពុកតាំងពីដឹងក្ដីកាលពីមួយឆ្នាំជាងនេះឯង ។ ខណៈនោះនាងរៀនថ្នាក់វិទ្យាល័យ អាយុមិនទាន់គ្រប់១៧ឆ្នាំផង ឪពុកក៏ចែកឋានដោយសារឧបទ្ទវហេតុ ។ គាត់មិនបានបន្សល់ទុកអ្វីឲ្យ ព្រោះគាត់ក៏គ្មានអ្វីសេសសល់ដូចគ្នា ជីវិតជាអ្នកដឹកសេះឲ្យទេសចរជួលតាមឆ្នេរខ្សាច់ បានប្រាក់គ្រប់ហូបចុកតែក្នុងមួយថ្ងៃៗប៉ុណ្ណោះ ព្រោះសេះត្រូវជួលពីគេមួយតង់ទៀត ។

ឪពុករបស់នាងជាមនុស្សល្អ ប៉ុន្តែនៅក្នុងពិភពពិត មនុស្សល្អមិនបានរស់សុខស្រួលដូចក្នុងកុននោះទេ ។ នាងស៊ាំនឹងជីវិតបែបនោះទើបមិនបានគិតអីច្រើន ទើបតែមកគិតនៅពេលដែលឪពុកចែកឋានយ៉ាងទាន់ហន់ហ្នឹងឯង ។


ប្រភព៖ OBSOK BOOK

សម្រាប់រឿងពេញសូមទាក់ទងតាមរយៈ Facebook: OBSOK Publisher 

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប