Antonio

· 2019-03-01

ស្នងការនគរបាលខេត្តព្រៃវែង ក្រើនរំលឹកមន្រ្តីក្រោមឱវាទឲ្យប្រកាន់យកឥរិយាបថសុភាពរាបសា និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ

0

ខេត្តព្រៃវែង៖ ក្នុងឱកាសចុះសំណេះសំណាល និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ដល់មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមជរ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានធ្វើការក្រើនរំលឹកមន្រ្តីនគរបាលទាំងអស់ ត្រូវផ្លាស់ប្តូរឥរិយាបថ ហើយរក្សាភាពថ្លៃថ្នូរ សុភាពរាបសា ជាពិសេសត្រូវយកចិត្តទុកដាក់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន។

លោកស្នងការ ក៏បានជំរុញឲ្យមន្រ្តីនគរបាលធ្វើបច្ចុប្បន្នភាព ជូនប្រជាពលរដ្ឋដែលមាន និងគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដើម្បីយកទៅផ្ទៀងផ្ទាត់ និង បន្តជំរុញចុះថតផ្តល់អត្តសញ្ញាណប័ណ្ណឲ្យបានឆាប់រហ័ស។

លោកស្នងការក៏បានណែនាំមន្រ្តីនគរបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អទប់ស្កាត់ដាច់ខាតរាល់កម្លាំងអមិត្ត ដែលមានបំណងប្រឆាំង ឬ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និង ត្រូវថែរក្សាការពារសមទ្ធិផលនានា ដែលរាជរដ្ឋាភិបាលបានខិតខំកសាងកន្លងមក។ បែងចែកកម្លាំងប៉ុស្តិ៍ ឲ្យចុះទទួលខុសត្រូវតាមភូមិ ដោយក្នុង ១ភូមិ ត្រូវមានសៀវភៅ ២ក្បាល (១ក្បាលសម្រាប់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ និង ១ក្បាលទៀត សម្រាប់គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ)។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានជំរុញនគរបាលឲ្យយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសបំផុសឲ្យមានចលនាប្រជាការពារ និងឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អតាមមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ជំរញឲ្យលោកអធិការ អធិការរងទទួលការសន្តិសុខ ត្រូវក្តាប់ឲ្យបានផ្តល់ព័ត៌មាន តាមសង្គម facebook និងព័ត៌មាននានាធ្វើការឆ្លើយតបឲ្យបានទាន់ពេវេលា៕ យឺត ភារ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)