រឿងចន្ទរះលើដី វគ្គទីមួយ៖ ពិធីខួបកំណើត (ភាគទីមួយ)

និទានរឿងខ្មែរ 2022-02-21 11:23:33
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

រាត្រីក្នុងក្រុងសៀមរាប ឆ្នាំ ២០២០…

ចន្ទ្រានារាត្រីពេញបូណ៌មី កំពុងតែបង្អួតរស្មីយ៉ាងមូលក្រឡង់ សែនស្រស់ស្រទន់គន់មិនណាយមកលើផែនពសុធា។ ដុំពពកដែលកំពុងតែបណ្តែតខ្លួនតាមដងវេហា រសាត់តាមលំនាំនៃវាយោ ដែលបានបក់ទៅប៉ះ។ វាយោបក់ល្វើយៗ នាវេលារាត្រី ធ្លាក់ល្ហើយប៉ះជើងដៃរបស់អ្នកកំលោះម្នាក់ ដែលកំពុងតែអង្គុយបណ្តែតក្បូនអារម្មណ៍ តាមមហាសមុទ្រចិត្តឥតព្រំដែន នាឯក្នុងសួនផ្កាខាងក្រោយផ្ទះមួយកន្លែង ស្ថិតក្នុងក្រុងសៀមរាប។ ធម្មជាតិនៃសួនផ្កានាពេលរាត្រី ថ្វីដ្បិតតែមិនរីកស្គុសស្គាយ ដូចពេលព្រឹកព្រលឹមក៏ពិតមែន តែស្រមោលនៃស្បៃអន្ធិកា បានគ្របដណ្តប់គ្រប់ទងនៃដើមផ្កានីមួយៗ ធ្វើឱ្យស្លឹកបុប្ផាមានពណ៌ខៀវស្រងាត់ ស្រស់បំព្រង។ ធម្មជាតិនេះ ហាក់ប្រៀបបានទៅនឹង ចំណងចងចិត្តកំលោះសៀមរាប ឱ្យភ្លឹក ស្លុងអារម្មណ៍ ហើយមិនចង់ងើបចេញទៅណាសោះ។ កំលោះដែលមានសម្បុរខ្មៅស្រអែម ចង្កាព្រែក ភ្នែកតូចៗ កម្ពស់ប្រហែល មួយម៉ែត្រចិតនេះ មានឈ្មោះថា មរតក។ គេកំពុងតែអង្គុយគងអន្ទាក់ខ្លា នៅលើកៅអីថ្មពណ៌ឈាមជ្រូកមួយ ដាក់ខ្នងផ្អែកទៅលើដើមដូងធំមួយដើម។ ជើងស្តាំគងលើជើងឆ្វេង ញាក់កជើងតាមចង្វាក់អារម្មណ៍ ដែលអណ្តែតត្រសែត ទៅជាមួយរាត្រីកាលនេះ។ គិតមកដល់ឆ្នាំ ២០២០ នេះ អាយុគេជិតនឹងសាមទៅហើយ។ ឪពុកម្តាយរបស់គេ ក៏តែងតែរំលឹកឱ្យគេ សម្លឹងរកមើលគូគ្រងទងនិស្ស័យផងដែរ តែកំលោះនេះ មិនទាន់ពេញចិត្តនឹងនារីណាម្នាក់នោះឡើយ ដោយសារតែរូបគេមិនដែលប្រាថ្នានារីល្អឆើត យកមកធ្វើជាគូអនាគតនោះទេ។ កែវភ្នែករបស់អ្នកកំលោះ ក៏តែងតែសម្លឹងតាមបង្គាប់របស់ឪពុកម្តាយ​ដែរ តែពុំមាននារីសម័យនេះឯណា នឹងបានល្អត្រូវចិត្ត ពេញបេះដូងកំលោះជាជាងគំនូរនេះសោះ។ អ៊ីចឹងហើយ បានជាខ្សែអារម្មណ៍ពេលនេះ ហាក់អណ្តែតអណ្តូងហោះហើរ រសាត់យ៉ាងឆ្ងាយ ។

រូបភាព៖ និទានរឿងខ្មែរ

បានបន្តិចសំឡេងបើកទ្វារ បានបន្លឺឡើង ចេញពីខាងក្រោយគេ បណ្តាលឱ្យមានឮសំឡេងតន្ត្រី លេចចេញតាមប្រលោះទ្វារដែលទើបតែបើកចេញមកនោះ ហើយស្នូរជើងរាងធ្ងន់ៗបានខិតមកជិតគេ។ ម្ចាស់ស្នូរជើងដ៏មានទម្ងន់នេះឈ្មោះថា ខេមរា ជាកំលោះមាឌធំ ខ្លាញ់ច្រើន ច្រើនរហូតរករាងរៅមិនឃើញនោះទេ។ មើលចុះ! ក្បាលក៏ធំ កក៏រួញ ដៃខ្លីជើងខ្លី ក្បាលពោះប៉ោងលយទៅខាងមុខ សូម្បីតែអាវដែលគេពាក់ ក៏មិនអាចគ្របដណ្តប់ទៅលើរណ្តៅផ្ចិត ដ៏ស៊ិចស៊ីរបស់គេបានដែរ។ គេដើរមកជិត មរតក ហើយបន្លឺវាចាដោយសំឡេងគ្រលរៗ បែបខ្លាញ់ពេញបំពង់កថា “មរតកហា៎! អាជុន ឱ្យគ្នាមកហៅឯង ព្រោះអត់ឃើញឯង នៅជុំតុជាមួយគ្នាយើង ណា៎”។

“អើ! គ្នាទៅឥឡូវហើយ! នៅខាងមុខឮភ្លេង​ ខ្លាំងៗ​ពេក ទើបគ្នាដើរមកក្រោយផ្ទះស្រូបយកខ្យល់ធម្មជាតិបន្តិចនឹងណា៎” មរតកតប។

“អើ! ឱ្យឆាប់ៗបន្តិចទៅចឹង” ថាហើយ ខេមរា ក៏ដើរចេញទៅវិញ ដោយដំណើរមួយៗ ផ្អៀងទៅឆ្វេងទៅស្តាំ តាមរលកនៃខ្លាញ់ក្បាលពោះរបស់គេ។ ចំណែកឯមរតក ក៏ដកដង្ហើមធំ ហាក់មិនទាន់ចង់ត្រលប់ទៅក្នុងពិធីខួបកំណើតរបស់ជុន ដែលកំពុងតែរៀបចំនៅខាងមុខវិញសោះ ព្រោះតែខាងមុខមានសំឡេងភ្លេងខ្លាំងៗ ដែលនោះមិនមែនជាចំណង់ចំណូលចិត្តរបស់កំលោះនេះនោះទេ តាំងពីដើមមកម្ល៉េះ។ តែបើទុកជាខ្លួនមិនចូលចិត្តនូវសំឡេងរំខានយ៉ាងនេះក៏ដោយក្តី ក៏ខ្លួនមិនអាចឱ្យមិត្តភក្តិ ផ្សេងៗ ទន្ទឹងរង់ចាំជុំគ្នានៅខាងមុខទេ ហេតុនេះគេក៏ដើរចេញដើម្បីទៅចូលរួមអង្គុយលេងជាមួយមិត្តភក្តិ  ដទៃ។

នៅក្នុងកម្មវិធីជប់លាងខួបកំណើតនេះ ម្ចាស់កម្មវិធីបានរៀបចំយ៉ាង​ធំដុំ ក្នុងវីឡាពីរជាន់ដ៏ធំស្កឹមស្កៃ។ តុសម្រាប់ទទួលភ្ញៀវ ត្រូវបានរៀបដាក់ព័ទ្ធជុំវិញអាងទឹកដ៏ធំ លម្អទៅដោយក្រណាត់ពណ៌លឿងទុំ បរិបូរណ៍ទៅដោយភេស្ជជៈ និងទឹកប្តូរ និស្ស័យសម័យទំនើប មានគ្រប់ម៉ូតគ្រប់ម៉ាក។ តុនីមួយៗ ឡោមព័ទ្ធដោយភ្ញៀវប្រុសស្រី ខ្លះកំពុងតែនិយាយគ្នាលេងសើចក្អាកក្អាយជាមួយជនរួមតុ ខ្លះកំពុងតែកាន់ចង្កឹះ កាន់ស្លាបព្រាលូកចាប់អាហារយកមកដាក់ចូលមាត់ ហើយទំពាយ៉ាងឆ្ងាញ់ពិសា ខ្លះក៏ងើបឈរទង្គិចកែវគ្នា ហើយងើយក្រេបយករសនៃស្រាបៀ ទំនងមើលទៅដូចជាល្វីងបន្តិច ចត់បន្តិចផង ព្រោះឃើញដូចជារាងជ្រួញចិញ្ចើម ហើយធ្វើមាត់ជីបអូចៗ ក្រោយក្រេបរួចនោះ។ ពន្លឺភ្លើងហ្វារពណ៌ស ឆ្វាចទៅលើផ្ទៃមេឃ ចេញពីអំពូលបួនប្រាំ ដែលដាក់តាំងលម្អឆាកតន្ត្រី ដែលត្រូវបានរៀបចំ   តុប​តែងយ៉ាងល្អប្រណិតនៅខាងមុខតុទទួលភ្ញៀវទាំងអស់។ នៅជ្រុងម្ខាង ខាងក្រោយឆាក ជាទ្វារមួយដែលជាច្រកសម្រាប់ឱ្យភ្ញៀវបានចេញចូលទៅបន្ទប់ទឹក ហើយក៏ជាច្រកមួយដែលនាំទៅដល់សួនផ្កាក្រោយផ្ទះ កន្លែងដែលកំលោះមរតក បានទៅអង្គុយលេងផងដែរ។ នុ៎ះន៏! នឹកដើមដង្ហើមដល់ កំលោះយើងកំពុងតែដើរចេញមកតាមច្រកនោះល្មម។ ដើរមកដល់កៀនឆាក ទិដ្ឋភាពហាក់បីដូចជាប្លែកខុសពីមុនពេលដែលគេ ចេញទៅស្រូបខ្យល់អាកាសនៅខាងក្រោយផ្ទះ ដោយមានមនុស្សម្នាច្រើនជាងកាលពីក្បាលល្ងាច នៅអង្គុយពេញតុញ៉ាំអាហារ ហើយក៏ឃើញសម្បូរទៅដោយមិត្តភក្តិចាស់ៗ ដែលបែកគ្នាក្រោយរៀនចប់ថ្នាក់វិទ្យាល័យផងដែរ។ វង់តន្ត្រីសម័យ កំពុងតែបន្តលេងពីមួយបទទៅមួយបទនៅលើឆាក ដែលមានតុបតែងលម្អដោយភ្លើងអំពូលធំតូច ចម្រុះពណ៌ភ្លឺផ្លេក និងមានតាំងរូបម្ចាស់កម្មវិធីយ៉ាងស្រស់សង្ហា ពាក់អាវធំពណ៌ខ្មៅយ៉ាងថ្លៃថ្នូរ នៅលើវាំងននពណ៌ក្រហមខាងក្រោយក្រុមតន្ត្រីករ​។ ក្រឡេកទៅមើលលើឆាក មរកត បានឃើញ សោភាទេពី ដែលជាមិត្តភក្តិធ្លាប់អង្គុយតុក្បែរគ្នាកាលដែលនៅរៀន កំពុងដើរទៅយកម៉ាយក្រូហ្វូន មកស្រែកច្រៀងបទជូនពរថ្ងៃកំណើត។ តែឃើញម្តងនេះ ធ្វើឱ្យគេភ្លឹកអារម្មណ៍ ព្រោះនាងផ្លាស់ប្តូររូបរាងសឹងមើលមិនស្គាល់។ មិនមែនតែសោភាទេពីទេដែលផ្លាស់ប្តូរ មិត្តនារីៗភាគច្រើនសុទ្ធតែផ្លាស់ប្តូរ។ មរតកក៏ចោលភ្នែកទៅមើលនារីដែលឈរកាន់កែវស្រាក្រវីចុះឡើង នៅខាងមុខមិត្តភក្តិរបស់គេម្នាក់ឈ្មោះថា រ៉ាត់។ គេភ្ញាក់ផ្អើលទៅលើការប្រែប្រួលរបស់មិត្ត   នារីៗមែនទែន។ វាធ្វើឱ្យខ្សែចិត្តជាបុរសរបស់គេ ជក់ចិត្តទៅលើរូបរាងដ៏សែនស៊ិចស៊ីរបស់ពួកនាង សម្លឹងមើលហើយសឹងមិនចង់ដាក់ភ្នែក។

“ពិភពលោកនេះ ពិតជាប្រែប្រួលមែនហើយ…!” មរតកលួចលាន់មាត់តិចៗ ហាក់បីដូចជាហួសចិត្តនឹងការប្រែប្រួល ហើយក៏ហាក់ចង់ ចំអន់ចំអកដល់ការប្រែប្រួល របស់នារីសម័យនេះផងដែរ​ “កាលដែលនៅរៀន នាងៗក្រមុំអស់នេះ ខ្មៅក៏ខ្មៅ ស្គមក៏ស្គម តែឥឡូវសាច់ក៏ស មាឌក៏ធំ តែមើលទៅមិនដូចធម្មជាតិសោះ! អ៊ីចឹងតើ បានជាអ្នកលក់ឡេតាមអនឡាញម្នាក់ៗ ស្រែកថាលក់ដាច់ណាស់! មើលចុះ…! ម្នាក់ស្រីដែលឈរកាន់កែវស្រា នៅខាងមុខរ៉ាត់នោះ កាលពីនៅរៀន និយាយថាពីស្វិត        គ្រជីវៗ។ ដល់ពេលឥឡូវ ម្នាយ(ម្តាយ)​អើយ…! មានសាច់មានឈាម ថ្លោសឱ្យទ្រលុកទ្រលន់តែម្តង! រីឯត្រគាកវិញ ឡើងមូលក្លំ ដូចគេញាត់សំឡី ទាំង        ការុងៗចូលចឹង។ ចំណែកឯនាងម្នាក់ដែលឈរនៅមុខឆាកឯណោះវិញ កាលដែលនៅរៀន ខ្មៅឱ្យ កក្រិត សក់ក្រញាញ់ចូលគ្នា ដូចខ្សែភ្លើងនៅភ្នំពេញ មើលទៅមិនគួរឱ្យអំណោយទានសោះ។ តែដល់ឥឡូវ! ព្រះអើយ…! ស្បែកស ដូចកញ្ចាញ់ចេក ត្រូវគេបកស្បែក។ យីអើ…! ពិភពលោកនេះ ពិតជាប្រែប្រួលមែនហើយ” ។

ថ្វីដ្បិតតែសម្តីបញ្ចើបញ្ចើចនេះ វាមិនបានឮដល់ម្ចាស់ខ្លួនទាំងឡាយក៏ពិតមែន តែវាក៏បានធ្វើឱ្យមរតកបានធូរស្បើយល្ហើយចិត្ត រំសាយអស់សេចក្តីមិនពេញហឫទ័យទាំងឡាយ ទៅលើការប្រែប្រួលខុសធម្មជាតិរបស់នារីសម័យថ្មីនេះដែរ។

រូបភាព៖ និទានរឿងខ្មែរ

បើសម្លឹង​ទៅមើលតុមួយ ដែលនៅចំត្រង់ខាងមុខឆាក តែត្រូវដើរឆ្លងទីម្ខាងនៃអាងទឹក យើងឃើញបុរសម្នាក់ ដែលពាក់អាវដៃវែងពណ៌ពងក្រសា គ្របដោយអាវកាក់វាលដៃពណ៌ប្រផេះមួយជាន់ទៀតនៅខាងលើ មានក្រវ៉ាត់ក ពណ៌ខ្មៅលានចេញពីកអាវ លូនចូលទៅក្រោមអាវកាក់ និងកម្រងផ្កាដោតដោយលុយដុល្លាមួយចំនួនផងនៅជុំវិញក កំពុងតែឈរដាក់ដៃម្ខាងចូលហោប៉ៅ ហើយដៃម្ខាងទៀតកាន់កែវ ដែលបំពេញទៅដោយ ទឹកប្តូរនិស្ស័យសម័យទំនើបនាមអង្គរបៀរ ទៅទង្គិចកែវគ្នាជាមួយភ្ញៀវមួយក្រុម ដែលកំពុងតែអង្គុយចួបជុំនៅតុនោះ។ នោះគឺជា ជុន ដែលជាម្ចាស់កម្មវិធី និងជាកូនប្រុសលោកមន្ត្រីធំប្រចាំទឹកដីនៃក្រុងអង្គរយើង។ ក្រឡេកភ្នែកមកឃើញ មរតក គេបានលើកដៃបក់ហៅមិត្ត ឱ្យមកអង្គុយកន្លែងដើមវិញ​។ ឃើញជុនលើកដៃបក់រវិចៗយ៉ាងដូច្នេះ អ្នកកំលោះមិនឈរត្រង់បង្អង់ដំណើរ នឹកភ្នកស្រមៃវិភាគនារី​សម័យនេះបន្តទៅទៀតឡើយ គេដើរវឹង សំដៅទៅកន្លែងចាស់។ ដើរបណ្តើរកន្ទុយភ្នែក ក៏រពិស​ចោលទៅចំនារីម្នាក់ ដែលឈរបែរចំហៀងមកបញ្ចា្រស់ទិសរបស់គេ នៅឯនាយខាងស្តាំនៃអាងទឹក។ ពន្លឺនៃចំណាប់អារម្មណ៍ ក៏ប្រឌិដ្ធឡើងមួយរំពេច ក្នុងមនោគតិរបស់អ្នកកំលោះ ដោយសារតែសម្លៀកបំពាក់ ប្រពៃណីខុសប្លែកអស់នារីដទៃ តែជើងរបស់គេមិនបានឈប់បោះជំហានទៅមុខនោះទេ គឺគ្រាន់តែកត់ចំណាំទុកក្នុងអារម្មណ៍របស់គេ នាពេលនេះតែប៉ុណ្ណោះ។ ដើរដល់កន្លែងដើមភ្លាម ជុន ដែលជាមិត្តភក្តិជិតស្និតតាំងពី​ថ្នាក់បឋមសិក្សានោះ បានយកកែវស្រាមកចាក់ ហើយហុចឱ្យមរតក។ មរតកលើកកែវស្រាឡើង ទៅជល់ជា​មួយនឹងមនុស្សមួយក្រុម ដែលកំពុងតែលើកកែវរបស់ពួកគេ មកទង្គិចគ្នាឮសូរ “ម៉ឺងៗ” ថើរៗ។ ស្រាមានរស​ជាតិល្វីង ចត់មិនដូចជាទឹកក្រូច ទឹកកូកាកូឡាអីនោះទេ ហើយមរតក ក៏មិនដែលចូលចិត្តសេពគប់ ជាមួយសារធាតុស្រវឹងនេះម្តងណាឡើយ ក៏ប៉ុន្តែឱ្យធ្វើដូចម្តេចទៅ បើសង្គមនេះ មើលឃើញថា របស់នេះជាមិត្តដ៏ជិតស្និតបំផុត ជាគ្រូពេទ្យព្យាបាលជម្ងឺគ្មានមិត្តទាំងឡាយទៅហើយ។ បើគេមិនលើកកែវតម្រង់មាត់ ក្រេបជញ្ជក់យក​ជាតិវាខ្លះ មុខតែគេគ្រប់គ្នាមានពាក្យបន្ទោសថា ជាមនុស្សមិនចុះក្នុងសង្គម ឬថាធ្វើចរិតប្រុសស្អាត ជាសុភាពបុរសមិនខានឡើយ។ បែបនេះហើយ រាល់ពេល នៅក្នុងកម្មវិធីនានា គេតែងតែកាន់កែវទឹកប្តូរ​​និស្ស័យ ដូចបុរសទទៃទៀតដែរ តែមិនដែលហៀរហូរនោះទេ ហើយក៏មិនដែលក្រេបដាច់ ដូចបុរសសម្បូរមិត្ត​ដទៃទៀតដែរ។ ជុន មិនអាចឈរជាមួយមិត្តបានយូរនោះទេ ព្រោះគេត្រូវតែដើរទៅរាក់ទាក់ជាមួយនឹងភ្ញៀវដទៃទៀត ដែលកំពុងតែ រង់ចាំនិយាយពាក្យជូនពរដល់គេ ហេតុនេះហើយ គេក៏បានលាអ្នកនៅតុនេះ​ត្រឹមនេះ រួចក៏បោះជំហានដើរចេញទៅ។ មរតកក៏ដាក់គូទអង្គុយចុះលើកៅអីរបស់គេនៅក្បែរ ខេមរា ដែលជាកំលោះមាឌធំ សម្បូរខ្លាញ់ មិត្តភក្តិសម្លាញ់របស់គេ។ គេបានចាប់ចង្កឹះរៀបចំលូកចាប់អាហារដូចគេដូចឯង តែក៏មិនភ្លេចឡើយ បែរមកមើលនារីចម្លែក ​ដែលកំពុងតែឈរបែរខ្នងមករកគេនាពេលនេះ។ នាងអើតអើមនៅក្រៅវង់ មិនឃើញចូលទៅអង្គុយតុសោះ។ នៅក្នុងដៃរបស់នាងកាន់កាដូរមួយយ៉ាងធំ វេចខ្ចប់យ៉ាងស្អាត បើមើលទំនងទៅប្រហែលជាដាក់រូបតុក្តតា​នៅខាងក្នុងនោះ។ ដំបូងឡើយអ្នកកំលោះក្រឡេកមើលយូរៗម្តងនោះទេ តែដល់ពេលដែលអ្នករួមតុ​មិនចាប់អារម្មណ៍នឹងសកម្ម​ភាព​របស់ខ្លួន គេក៏ក្រឡេកមើលនាងនោះជាញយៗ ព្រោះឥតលាក់បាំងអ្វីនឹង​ចិត្តអ្នកកំលោះនេះ! រូបខ្លួននេះ តែងតែស្រមៃចង់បានដៃគូរួមដំណើរ ភ្ជាប់ចំណងជីវិត ដែលមានឥរិយាថ្លៃថ្នូរ ជាពិសេស ដោយខ្លួនគេ​ផ្ទាល់ ជាមនុស្សដែលអានប្រវត្តិសាស្រ្តច្រើនផងនោះ ធ្វើឱ្យគេតែងតែគយគន់មើលនារីណា ដែលមានសម្លៀកបំពាក់បែបសមសួន ជាខេមរនារីតែប៉ុណ្ណោះ។ លុះដល់មកឃើញក្នុងចំណោមមនុស្សបែបនេះទៀត ចំ​ណាប់​អារម្មណ៍របស់​អ្នកកំលោះ ក៏រឹតតែឆាបឆេះជាដុំភ្លើងឡើង។ ក្នុងចិត្តចង់តែទៅសួរនាំនាង តែបីដូចជាមិនសមគួរ ព្រោះមនុស្សសម័យនេះ បើកាលណាគេឃើញយើងទៅសួរគេមុនក្នុងកម្មវិធី ជាពិសេសក្នុងឱកាសនៃពិធីបែបនេះទៀតនោះ គេច្បាស់ជាគិត  គួចនៅក្នុងចិត្តគំនិតមិនខានថា យើងចង់ញ៉ែញ៉ងត្រកងស្នេហ៍គេ។ ចុះបើចៃ​ដន្យ អ្នកកំលោះយើងទៅដោយឆៅៗបែបនេះ នាងឆ្លើយតែមួយម៉ាត់ថា “ខ្ញុំមានសង្សារហើយ” តើអ្នកកំលោះ​យើង យកមុខទៅទុកកន្លៀតណា បើខ្លួនជាមនុស្សដែលអៀនច្រើន ហើយប្រកាន់ណាស់ ចំពោះសម្តីចំអន់ចំអក​របស់អ្នកដទៃមកលើខ្លួន។ ហេតុនេះហើយ ទោះបីជាចិត្ត លួចគិតយ៉ាងណា ចង់សាកសួររាប់អានយ៉ាងណា ក៏គេបានត្រឹមតែលួចសម្លឹងពីចម្ងាយតែប៉ុណ្ណោះ។ […]

និពន្ធរឿងដោយ៖ ស្រេង បញ្ញា

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប