
Verilyn
· 2019-03-06
អភិបាលខេត្តស្វាយរៀងដាក់ផែនការ៥ចំណុចដល់មន្ត្រីក្រោមឱវាទត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់
0
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទីអគារ ខ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងកងកម្លាំងទាំង៣ នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពនានា និងលោកអភិបាលក្រុង-ស្រុកទាំង៨។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរ-អង្គភាព រដ្ឋបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធីសង្ក្រាន្តស្វាយរៀង និងមានវិធានការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខាងមុខឲ្យប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ រលូនល្អប្រសើរស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
២. ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈក្នុងការថែរក្សាទឹកទុកក្នុងរដូវប្រាំងឆ្នាំនេះ និងត្រៀមកម្លាំងក្នុងគណៈបញ្ជាការឯកភាពចុះអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ដែលអាចកើតឡើងជាយថាហេតុ។
៣. ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបន្ថែមទៀត។
៤.រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តទប់ស្កាត់ និងផ្សព្វផ្សាយអប់រំកុំឲ្យប្រជាពលរដ្ឋជួលដីនៅតាមតំបន់ព្រំដែនទៅឲ្យប្រជាពលរដ្ឋប្រទេសជិតខាង។
៥.ទន្ទឹមនឹងពង្រឹងវិធានការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ក៏ត្រូវបង្កើនការក្ដាប់សភាពការណ៍ និងត្រូវអន្តរាគមន៍ ស្រាវជ្រាវបង្ក្រាបឲ្យបាននូវរាល់បទល្មើសដែលបានកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន៕ សុខជាតិ+ភក្តី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)