RICHELEAU

· 2019-03-06

កេនយ៉ា យកកម្ពុជាជាគោលដៅ សម្រាប់ឈ្វេងយល់ពីវិស័យការងារ

0

ភ្នំពេញ៖ លោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រី ក្រសួងការងារ និងការគាំពារសង្គម នៃសាធារណៈកេនយ៉ា កាលពីរសៀលថ្ងៃទី០៥ មីនា បានជួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កម្ពុជា បន្ទាប់ពីលោក បានសម្រេចយកកម្ពុជា ជាគោលដៅដើម្បីស្វែងយល់ពីវិស័យការងារ ។

ក្នុងឱកាសនោះលោក អ៊ិត សំហេង បានប្រាប់សមភាគីកេនយ៉ារបស់ខ្លួន ពីវឌ្ឍនភាពជាច្រើន នៃក្រសួងការងារ ដោយបញ្ជាក់ថា កម្ពុជាជាប្រទេសតែមួយគត់ ដែលហ៊ានផ្សារភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨របស់អង្គការពលកម្មអន្តរជាតិ ILO អនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីត្រួតពិនិត្យលក្ខខណ្ឌការងារ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពង្រីករបបសន្តិសុខសង្គមនៅទូទាំងប្រទេស។

តាមគម្រោង ប្រតិភូ នៃក្រសួងការងារកេនយ៉ាទាំងនេះ នឹងទស្សនកិច្ចសិក្សានៅកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៩ ខែមីនានេះ ។ ដោយក្នុងនោះពួកគេ ក៍នឹងទៅសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍នៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផងដែរ ដើម្បីស្វែងយល់ អំពីដំណើរការផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ, ការបង្កើត និងអនុវត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជា។

គួរបញ្ជាក់ថា កេនយ៉ាជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្រ្វិកប៉ែកខាងកើតដែលមានផ្ទៃដីសរុប ៥៨០,៣៦៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧ លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។ កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់១,៥០៧.៨១ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ ប្រទេសនេះទើបបានបង្កើតអាជ្ញាធរជាតិការងារ ហើយពុំទាន់មានដំណើរការពេញលេញនៅឡើយ និងកំពុងសិក្សាស្វែងយល់បន្ថែមពីបណ្តាលប្រទេសនានា ដែលក្នុងនោះក៍មានកម្ពុជាផងដែរ៕chantha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)