
Donal
· 2019-03-07
រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថា ជើងហោះហើរត្រង់ពីម៉ានីល មកភ្នំពេញ នឹងជួយជម្រុញកំណើនទេសចរមកកម្ពុជា
0
ខណៈដែលក្រុមហ៊ុនអាកាសចរ Philippines Airline បានប្រកាសថា ខ្លួននឹងបើកជើងហោះហើរត្រង់ពីទីក្រុងម៉ានីល មកកាន់រាជធានីភ្នំពេញ នៅដើមខែមេសាខាងមុខ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាបានថ្លែងដោយរំពឹងថា ជើងហោះហើរត្រង់នេះ នឹងជួយជម្រុញកំណើនទេសចរពីហ្វីលីពីន និងប្រទេសទី៣ទៀត មកកាន់ប្រទេសកម្ពុជាឲ្យកាន់តែច្រើន។
លោក ថោង ខុន បានថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយលោក Jaime J. Bautista ប្រធានក្រុមហ៊ុនអាកាសចរ Philippines Airline កាលពីពេលថ្មីៗនេះថា ការតភ្ជាប់ជើងហោះហើរត្រង់ម៉ានីល-ភ្នំពេញនេះ គឺជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ពីព្រោះតាំងពីឆ្នាំ១៩៧០មក កម្ពុជាមិនទាន់មានជើងហោះហើរត្រង់ណាមួយ ពីភ្នំពេញទៅមកម៉ានីលឡើយ ប៉ុន្តែដោយសារកម្ពុជាបច្ចុប្បន្នមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទើបក្រុមហ៊ុនអាកាសចរ Philippines Airline ក៏ដូចជាក្រុមហ៊ុនអាកាសចរក្រៅប្រទេសដទៃទៀត ពង្រីកការតភ្ជាប់ជើងហោះហើរត្រង់បែបនេះ។ ម្យ៉ាងវិញទៀត កត្តាដែលជំរុញឲ្យមានការហោះហើរត្រង់នេះ ក៏ដោយសារនិន្ននាការរបស់ភ្ញៀវទេសចរបច្ចុប្បន្នផងដែរ ពោលគឺពួកគេនិយមចូលចិត្តការហោះហើរត្រង់ ងាយស្រួល និងប្រើពេលខ្លីឆាប់ដល់គោលដៅ។
គួរជំរាបដែរថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរមួយរបស់ហ្វីលីពីន ក៏បានហោះហើរត្រង់ពីទីក្រុងសេប៊ូ (ទីក្រុងមួយនៅលើកោះសេប៊ូ នៃប្រទេសហ្វីលីពីន) មកក្រុងសៀមរាបផងដែរ ដោយក្នុងមួយសប្ដាហ៍ហោះហើរបានចំនួន៤ជើង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)