Suorsdey

· 2019-03-11

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ គ្រោង​រៀបចំការ​ប្រកួត​បាល់​ទឹក​ដាច់​ដោយ​ឡែក​ពេល​ខាង​មុខ​

0

សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំការប្រកួតបាល់ទឹកនៅពេលខាងមុខដាច់ដោយឡែកពីវិញ្ញាសាផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមដែលឆ្លងកាត់វគ្គសិក្សាថ្មីៗនេះ។

រូបភាពហ្វេសបុកសហព័ន្ធ

លោក ហែល គីរី អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា ដើម្បីឲ្យសិក្ខាកាមដែលបានសិក្សាវគ្គគ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១ ឲ្យយល់ដឹងបានច្បាស់ និងដកពិសោធនូវកង្វះខាតផ្សេងៗ នៅពេលខាងមុខនឹងរៀបចំឲ្យមានការប្រកួតជាក់ស្ដែងតែម្ដង។

រូបភាពហ្វេសបុកសហព័ន្ធ

អគ្គលេខាធិការរូបនេះលើកឡើងទៀតថា កាលពីវគ្គសិក្សាកម្រិតមូលដ្ឋានគឺផ្ដោតខ្លាំងលើទ្រឹស្ដី ប៉ុន្តែវគ្គសិក្សាកម្រិត១ដែលទើបបញ្ចប់ទៅប៉ុន្មានថ្ងៃនេះ ផ្ដោតលើការអនុវត្ត ការបង្ហាត់បង្រៀន និងបច្ចេកទេសលេងតែម្ដង។ បន្ថែមជាងនេះទៅទៀតនោះ ផ្ដោតលើមូលដ្ឋានគ្រឹះរបស់កីឡាករដែលត្រូវមានជាចាំបាច់។ ឆ្លងកាត់វគ្គសិក្សាចំនួន២ដងរួចហើយក្ដី សិក្ខាកាមទាំងអស់ក៏មិនទាន់អាចក្លាយជាកីឡាករ ឬជាគ្រូលំដាប់អន្តរជាតិនៅឡើយទេ គឺយ៉ាងហោចណាស់ក៏សិក្សាដល់កម្រិត៣ដែរទើបបាន។

រូបភាពហ្វេសបុកសហព័ន្ធ

រំលឹកដែរថា វគ្គសិក្សាគ្រូបាល់ទឹកកម្រិត១ នេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែមីនា ២០១៩ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ នេះជាលើកទី២ហើយសហព័ន្ធខ្មែរកីឡាហែលទឹកបានបើកវគ្គសិក្សាលើកីឡាបាល់ទឹក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស