Novel Readers

· 2022-11-27

រឿងប្រលោមលោកខ្មែរ ស្អប់ស្រឡាញ់ក្នាញ់អាណិត ភាគទី ៣ (៨)

#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#

3472

"ម៉ាក់...នាងម្នាក់ហ្នឹងជាកូនខ្មែរសុទ្ធសាធមែនទេម៉ាក់ ?"

តុលាក៏បន្លឺឡើង៖

"មែនហើយ...នាងជាកូនខ្មែរ ដែលវង្វេងដោយសារតែពួកចោរដេញចាប់ធ្វើបាបនាង ម៉ាក់ឃើញស្លូតក៏យកមកនៅជាមួយទៅ !"

នរៈយើងងក់ក្បាល លោកប្រុសក៏បន្តទៀត៖

"នាងមិនសូវចេះនិយាយស្តីអីទេកូន បើមានការធ្វើគឺធ្វើមិនឈប់ទេនាងចិត្តបានណាស់ ពេលយប់ព្រលប់អី សុខចិត្តអត់ងងុយមកអង្គុយច្របាច់ដៃច្របាច់ជើងមិនបានដេកពួនទេ !"

រាសីឮលោកប៉ារបស់គេពោលសរសើរពីមាណវី គេក៏ឆ្លើយតបយ៉ាងលឿនទៅវិញ៖

"លោកប៉ាសរសើរតែនាងពេកហើយ ចុះត្រង់កូនរត់ទៅតាមហៅពេទ្យនោះលោកប៉ាមើលមិនឃើញទេ !"

"ចុះប៉ាមានថាឯងមិនបានជួយឯណា!"

ការជជែកគ្នាក៏ត្រូវចប់នៅពេលបាយរួច ក៏បំបែកគ្នារៀងៗខ្លួនទៅតាមបន្ទប់របស់គេវិញ ។

រាត្រីនេះលោកប្រុសនិងអ្នកស្រី បានពិគ្រោះគ្នាដោយស្ងៀមស្ងាត់នៅក្នងបន្ទប់ !

"ពីដើមប៉ាវាឯងគិតថាទុកបូរមីឱ្យទៅរាសី តែឥឡូវបើតាមមើលទៅនិងតាមការសង្កេតរបស់ខ្ញុំ រាសីវាមិនចូលចិត្តនឹងបូរមីទេ ជារៀងរាល់ពេលនេះ វាបន់ឱ្យតែបូរមីទៅអ្នកណាគេដែលចូលមកដណ្តឹងដើម្បីកុំឱ្យវាឃើញមុខតទៅទៀត ពេលនេះខ្ញុំគិតថាបើរាសីវាមិនពេញចិត្តទេ!យើងរៀបចំឱ្យទៅតុលាវិញទៅ តើសម្ដីរបស់ខ្ញុំនេះប៉ាវាឯងយល់ស្របដែរឬទេ ?"

លោកតារាបឺតខ្សៀបន្ដិចទើបតបទៅវិញ៖

"ស្រេចតែម៉ាក់វាឯងទេ បើមិនបានមួយក៏បានមួយដែរ តាមខ្ញុំមើលទៅ តុលាពិតជាពេញចិត្តនឹងបូរមីហើយ !"

"បើអញ្ចឹងយើងសម្រេចថា រៀបការឱ្យទៅតុលាចុះ តែចាំ

សួរចិត្តវាទាំងពីរសិន កុំឱ្យវាចោទថាយើងធ្វើអីតាមតែអំពើចិត្ត !"

"ធ្វើម៉េចធ្វើចុះឱ្យតែស្រួលទៅបានហើយ !"

គាត់នាំគ្នាជជែកឥតដឹងថា បូរមីនាងលបស្ដាប់តាមមាត់ទ្វារឡើយ ពេលឮយោបល់ពួកគាត់នាងសែនរន្ធត់ ដោយមិននឹកស្មានថាពួកគាត់មានបំណងយកនាងធ្វើជាកូនប្រសាយ៉ាងនេះទេ ។

"ទេ.. ខ្ញុំមិនព្រមទេ ព្រោះខ្ញុំជាជន្លេនរូបគេ គឺជាដួងផ្កាយដែលឆនៅលើអាកាសខ្ពស់ណាស់ ខ្ញុំឈោងចាប់មិនដល់ឡើយ ។ ព្រះអើយហេតុអីក៏ដាក់ទណ្ឌកម្មជីវិតរបស់ខ្ញុំឱ្យកើតមកកំព្រាយ៉ាងនេះទៅវិញ ? ពិតជាគ្មានមេត្តាដល់សត្វលោកមែន ខ្ញុំមិនចង់មានឈ្មោះថាជាមនុស្សមកដណ្ដើមទ្រព្យរបស់គេនោះទេ ។

ពេញមួយរាត្រី ស្រីនាងគេងគិតទៅដល់ពាក្យសម្តីទាំងប៉ុន្មានរបស់លោកទាំងពីរ ធ្វើឱ្យនាងគេងមិនលក់សោះ ស្រីនៅតែគិតថានាងមិនអាចទទួលបុរសណាម្នាក់ ក្នុងចំណោមក្រុមគ្រួសារនេះមកធ្វើជាគូអនាគតឡើយ ។

ក្រោយពីការវិលត្រឡប់របស់តុលាមកពីបរទេសវិញ អ្នកត្រូវបានច្បាប់ឈប់សម្រាកចំនួន១០ថ្ងៃ រួចហើយព្រឹកនេះគឺដល់ពេលដែលគេត្រូវចូលបម្រើការងារនៅក្នុងក្រសួងសុខភាពសាធារណៈ ដែលចាត់តាំងទៅធ្វើការនៅក្នុងមន្ទីរពេទ្យ វិឆៃយុទ្ធ ។

ពេលវេលាដែលតុលាបានមកនៅលើផ្ទះនេះវិញ គេតែងតែលួចតាមដានមើលបូរមីជានិច្ច តែនាងគ្មានលក្ខណៈត្រង់ណាដែលអាចបញ្ជាក់ថានាងជានារីឃោរឃៅដូចជារាសីថានោះទេ សូម្បីតែមុខគេក៏នាងមិនដែលហ៊ានងើបមើលឡើយ។ ទាំងនេះធ្វើឱ្យគេរឹតតែមានចិត្តអាណិតនាងខ្លាំងឡើង ព្រោះគេដឹងថា ស្រស់ស្រីយើងនាងស្លូតណាស់ ព្រឹកនេះគេរៀបចំចេញទៅធ្វើការដូចធម្មតា ពេលមកដល់បន្ទប់ទទួលភ្ញៀវ អ្នកកំលោះឃើញញបូរមីកំពុងតែជូតសំអាតបន្ទប់ នរៈក៏ដើរ មកជិតនាង !

"បូរមីមិនបាច់ជូតទេ ! ទុកឱ្យគេផ្សេងជូតទៅបានហើយ.. អូនឯងត្រូវសម្រាកយកកម្លាំងណា៎ !"

រំភើបផងភ្ញាក់ផង នាងនឹកនៅក្នុងចិត្តថា គាត់នេះចិត្តល្អណាស់ មិនកាចដូចជារាសីទេ " ស្រីតបដោយឱនមុខចុះ"

"ចា៎ស...មិនអីទេលោក ការងារបន្តិចបន្តួចខ្ញុំអាចធ្វើបាន ជាជាងទំនេរចេះតែធ្វើលេងទៅ !"

"តែបូរមីមិនមែនជាឈ្នួលបម្រើឯណា ម៉ាក់ចាត់ទុកនាងជាកូនស្រីរបស់គាត់បង្កើត ដូច្នេះការងារនេះបូរមីមិនបាច់ធ្វើទេ !"


និពន្ធដោយ៖ ទឹមម៉ានី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)