Town News

· 01-23

កម្ពុជារកចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១០៧៧លានដុល្លារនៅឆ្នាំ ២០២២

#ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ# #អាជីវកម្ម# #សង្គម# #គ្រាប់ស្វាយចន្ទី#

5573

បច្ចុប្បន្ននេះដំណាំស្វាយចន្ទី គេបានធ្វើការដាំដុះនៅតាមបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជាដើម្បីយកគ្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលកំពុងមានតម្រូវការខ្ពស់។ក្នុងមួយឆ្នាំៗប្រទេសកម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីបានរាប់សិបតោនដើម្បីធ្វើការនាំចេញ ហើយនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ ប្រទេសកម្ពុជាបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តជាតិបានប្រមាណជា ៦៧ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ១ពាន់ ៧៧លានដុល្លាអាមេរិក។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺប្រភេទពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលបានចំនួន ១,៤៩ តោន។តាមការប៉ាន់ស្មាន មានកសិករចំនួន ២២,០០០ នាក់ ហើយមានប្រជាជនប្រមាណជា ៣៨,០០០ នាក់ កំពុងបម្រើការក្នុងខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី បូករួមទាំងកំលាំងពលកម្មប្រចាំរដូវផងដែរ។បច្ចុប្បន្ននេះទិន្នផលស្វាយចន្ទីស្ទើរតែទាំងអស់ត្រូវបាននាំចេញក្រោមរូបភាពមិនទាន់កែច្នៃ ប៉ុន្តែវាអាចនឹងផ្តល់ការងារបន្ថែមចំនួន ១០,០០០ ទៀត ប្រសិនបើផលិតផលគ្រាប់ស្វាយចន្ទីឆៅទូទាំងប្រទេសកម្ពុជាត្រូវបានកែច្នៃ និងវេចខ្ចប់ក្នុងស្រុក (EIC២០០៧)។

ផលិតផលគ្រាប់ស្វាយចន្ទីឆៅក្នុងពិភពលោក មានការកើនឡើង១២ដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីតិចជាង៣០០,០០០តោនក្នុងឆ្នាំ១៩៦១ ដល់៣,៧ លានតោនក្នុងឆ្នាំ២០០៨។ ការដាំដុះមានការកើនឡើងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយផលិតផលស្ទើរតែកើនឡើងទ្វេដងពីឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារការកើនឡើង ២៧ភាគរយនូវផ្ទៃដីដាំដុះក្នុងពិភពលោក ហើយទិន្នផលជាមធ្យមក្នុងពិភពលោកកើនឡើងជាង ៥០ភាគរយ។

បើតាមរាបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ កម្ពុជាបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តជាតិបានប្រមាណជា៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានដូចជាប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)