ថ្មីៗ-ThmeyThmey

· 01-25

លោក គួច ចំរើន​ ដាក់គោលដៅធ្វើឱ្យ«ព្រៃកោងកាងតាសុខ គ្មានថង់ប្លាស្ទិក គ្មានការបំពុលបរិស្ថាន»

#សមាគមទេសចរណ៍ព្រៃកោងកាងតាសុខ# #សង្គម# #ការបំពុលបរិស្ថាន# #គួច ចំរើន# #ព័ត៌មានសង្គម#

3900

រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ៕

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ បានដាក់គោលការណ៍បរិស្ថានគ្មានថង់ប្លាស្ទិកក្នុងសមាគមទេសចរណ៍ព្រៃកោងកាងតាសុខ ក្នុង​ក្រុង​កោះរ៉ុង ខេត្តព្រះសីហនុ។ ការ​ដាក់ចេញ​គោលការណ៍នេះ​ ដើម្បីលើកកម្ពស់ ក្នុងការទប់ស្កាត់ផលប៉ះពាល់ដល់ការបំពុលបរិស្ថានដែលកើនឡើងពីថង់ប្លាស្ទិក និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត។

 ខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ថា ជាតំបន់មួយដែលទាក់ទាញភ្ញៀវទេសចរ តាមរយៈតំបន់​ឆ្នេរសមុទ្រ,អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជាច្រើនទៀត។

 លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងតំបន់ព្រៃកោងកាង នឹងមិនឱ្យមានការបំពុលបរិស្ថានដោយថង់ប្លាស្ទិកឡើយ។ ជាមួយគ្នានេះ តំបន់ទេសចរណ៍ខេត្តព្រះសីហនុ មានលក្ខណៈពិសេស និងភាពទាក់ទាញផ្សេងៗដោយឡែកពីគ្នា។ ប៉ុន្តែបរិស្ថានគ្មានថង់ប្លាស្ទិកនៅតាមព្រៃកោងកាង គឺជាលក្ខណៈសម្បត្តិរួមមួយ ដែលជួយបង្កើនភាពទាក់ទាញថែមមួយកម្រិតទៀតផងដែរ។

 តំបន់អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ មានផ្ទៃដីទំហំប្រមាណ ២០ហិកតា ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង ខេត្ត​ព្រះ​សីហនុ។ ព្រៃនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍បៃតងនៅខេត្តព្រះសីហនុ និងអាចបង្កើនការងារដល់ពលរដ្ឋតំបន់កោះឱ្យមានការងារធ្វើកាន់តែច្រើន។​

 អភិបាលខេត្តព្រះសីហនុរូបនេះ នឹងបន្តពង្រឹងព្រៃកោងកាង ជាព្រៃឈើគ្មានការបំពុលបរិស្ថានក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យ​ខេត្តព្រះសីហនុ ក្លាយជាគោលដៅទេសចរណ៍ស្អាត គ្មានថង់ប្លាស្ទិក មានសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ដល់តំបន់ទេសចរណ៍ ក៏ដូចជាដើម្បីទាក់ទាញទេសចរកាន់តែច្រើន។

 លោក គួច ចំរើន ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋយកចិត្តទុកដាក់ថែរក្សា និងអភិរក្សព្រៃឈើឱ្យគង់វង្ស ព្រោះព្រៃឈើទាំងអស់នេះ អាចរកចំណូលសម្រាប់ប្រជាពលរដ្ឋតំបន់ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវទេសចរបរទេស ឱ្យមកកម្សាន្តក្នុងខេត្តព្រះសីហនុ៕

ប្រភពដើម៖ ThmeyThmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)