ដើមអម្ពិល-DAP News

· 01-25

៤ឆ្នាំនេះ ថវិកាជាង ១៣៨ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនស្រ្តី ជាសមាជិក ប.ស.ស. សម្រាលកូន

#ហ៊ុន សែន# #បេឡាជាតិសន្តិសុខសង្គម# #សង្គម# #ព័ត៌មានសង្គម#

3484

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលជាង ៤ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ដែលនេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្ត ទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្នុងការរួមចំណែកដោះស្រាយ នូវទុក្ខលំបាក ការខ្វះខាតរបស់បងប្អូន ក្នុងអំឡុងពេលសម្រាលមាតុភាព។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា៖ គិតចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សរុបប្រមាណ ១៣៨ ៥០៣ ២០០ ០០០ រៀល ដល់កម្មការិនីសម្រាលកូន ជាសមាជិកប.ស.ស. ចំនួន ៣៤៣ ៨៨៤នាក់ ដែលមានចំនួនកូនីសរុបចំនួន ៣៤៦ ២៥៨នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរ មានចំនួន ២៣២៦នាក់ និងកូនភ្លោះបី មានចំនួន ២៤នាក់) ។

តាមរបាយការណ៍ដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា៖ ក្នុងរយៈពេលពេញមួយឆ្នាំ គឺក្នុងឆ្នាំ២០២២ កន្លងទៅ ថវិកាសរុបប្រមាណ២២ ៤៦៩ ២០០ ០០០រៀល របស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សរុបចំនួន ៥៥ ៧៧០នាក់ ដែលមានចំនួនកូនសរុប ៥៦ ១៧៣នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៣៩៣នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) មានការថយចុះជាង ១៤% បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។

គួររំលឹកឱ្យដឹងថា៖ ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ ដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករផ្ទាល់។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)