Kaliyanei

· 2019-03-18

មហាខ្យល់ព្យុះ Idai សម្លាប់មនុស្ស៣១នាក់ ពេលបក់បោកភាគខាងកើត ហ្ស៊ីមបាវ៉េ

0

មហាខ្យល់ព្យុះមួយ ដែលមានឈ្មោះហៅថា Idai បានសម្លាប់មនុស្សរហូតដល់៣១នាក់ ខណៈដែលវាបានវាយប្រហារបក់បោក នៅភាគខាងកើត របស់ប្រទេសហ្ស៊ីមបាវ៉េ ។

មន្ត្រីរដ្ឋាភិបាលបានថ្លែងបញ្ជាក់កាលពីថ្ងៃទី១៦ ខែមីនាថា យ៉ាងតិចមនុស្ស៣១នាក់ បានស្លាប់ និងរាប់សិបនាក់ទៀត នៅបាត់ខ្លួន ក្រោយខ្យល់ព្យុះកម្លាំងខ្លាំង Idai វាយប្រហារភាគខាងកើតរបស់ ហ្ស៊ីមបាវ៉េ ។

នៅមុនការវាយប្រហារដល់ភាគខាងកើតហ្ស៊ីមបាវ៉េនេះ មហាព្យុះ Idaiបានវាយប្រហារប្រទេសជិតខាង ម៉ូសំប៊ិច (Mozambique)ស្លាប់មនុស្ស និងខូចខាតលំនៅឋានពលរដ្ឋរាប់រយខ្នង ។

ថ្លែងតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter ក្រសួងព័ត៌មាន ហ្ស៊ីមបាវ៉េ ថា ភាគច្រើនជនរងគ្រោះស្ថិតនៅតំបន់ប្រជុំជន Chimanimani ។

នាយកដ្ឋានការពារជនស៊ីវិល DCP ថ្លែងការណ៍ថា ជនរងគ្រោះជានិស្សិត២នាក់ បានស្ថិតក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតទាមងនោះ បន្ទាប់ពីហេតុការណ៍បាក់ដី ខ្ទាតដុំថ្មមកលើអន្តិវាសិកដ្ឋានរបស់ពួកគេ ។ ព្រមជាមួយគ្នានេះ ខ្យល់ព្យុះIdaiនៅបង្កឲ្យបាក់រលំជញ្ជាំងអគារសង្កត់មនុស្សប្រហែល៥០នាក់ទៀត ។

កងកម្លាំងសង្គ្រោះបន្ទាន់ និងទាហានបានចេញប្រតិបត្តិការសង្គ្រោះ និងជម្លៀសនិស្សិតប្រហែល២០០នាក់ ពីសាលាអន្តេវាសិកដ្ឋានក្នុងតំបន់ ទៅរកទីសុវត្ថិភាព ។

ប្រភពDCP បញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្ស៧១នាក់បានបាត់ខ្លួន ។

មន្ត្រីរដ្ឋាភិបាលនិយាយថា ពលរដ្ឋភៀសខ្លួនទៅឈរលើកំពូលភ្នំ រង់ចាំការជួយសង្គ្រោះ ។ ក្នុងចំណោមនោះ មានពួកកម្មករ៉ែត្បូងពេជ្រ។ ឥទ្ធិពលខ្យល់ព្យុះនេះ បណ្តាលឲ្យមានខ្យល់ខ្លាំង បន្ទុចបង្អាក់ដំណើរការហោះហើរឧទ្ធម្ភាគចក្រក្រុមជួយសង្គ្រោះ ទៅជួយដល់ជនរងគ្រោះផងដែរ ។

លំនៅឋានមិនតិចខ្នងនោះទេ ត្រូវខ្យល់កួចយកទៅ បាក់រលំរាបដល់ដី, ស្ពាននៅតំបន់ខាងកើតខេត្ត Manicaland ព្រំដែនជាមួយ ម៉ូសំប៊ិច រងការកាត់ផ្តាច់, មនុស្សរាប់ពាន់នាក់ ពុំមានអគ្គិសនីប្រើប្រាស់ និងលិចលង់ទៅទឹកជំនន់ ។

មកដល់ព្រឹកថ្ងៃទី១៦ ខែមីនា មនុស្សបានបាត់ខ្លួនកើនជាង១០០នាក់ហើយ ។ ទីក្រុង Ngangu ផ្ទះសម្បែងពលរដ្ឋជិត១០០ខ្នង ត្រូវមហាព្យុះ Idaiនេះបក់កួចរាបដល់ដីតែម្តង ។

នៅមុនដំណើរមកដល់ប្រទេសហ្ស៊ីមបាវ៉េ មហាព្យុះ Idai នេះ វាយប្រហារនៅប្រទេសមូសំប៊ិច ភាគកណ្តាល សម្លាប់មនុស្ស២១នាក់ និងកាត់ផ្តាច់ថាមពលប្រើប្រាស់មនុស្សជិតកន្លះលាននាក់ ស្ថិតនៅទីក្រុងកំពង់ផែ Beira ។

គ្រោះធម្មជាតិកើតឡើងផ្ទួនៗ នៅក្នុងប្រទេសម៉ូសំប៊ិច ។ ជាក់ស្តែងនៅមុនមហាព្យុះនេះមកដល់កាលពីថ្ងៃសុក្រ គឺភ្លៀងបានធ្លាក់ខ្លាំងអូសបន្លាយពេលរាប់សប្តាហ៍មកហើយ បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចល្ហរល្ហាច សម្លាប់មនុស្សអស់៦៦នាក់ និងបង្ខំពលរដ្ឋជាង១៧,០០០នាក់ភៀសខ្លួនពីផ្ទះសម្បែង ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស