Champey

· 2019-03-18

រាប់ពាន់នាក់ បាតុកម្ម នៅជប៉ុន ប្រឆាំងវត្តមាន បន្ទាយកងទ័ពជើងអាកាស អាមេរិក

0

ប្រជាពលរដ្ឋជប៉ុនរាប់ពាន់នាក់ បានតវ៉ាប្រឆាំងចំពោះវត្តមានបន្ទាយកងទ័ពជើងអាកាសរបស់អាមេរិក នៅលើដែនកោះ អូគីណាវ៉ា (Okinawa) ដោយសំអាងថា វានឹងបង្កឲ្យមានហានិភ័យខ្ពស់ អំពើឧក្រិដ្ឋកម្ម ការបំពុលបរិស្ថាន ប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅ និងសេចក្តីសុខពលរដ្ឋនៅក្នុងតបំន់ ។

កាលពីថ្ងៃទី១៦ ខែមីនា បាតុករ ជប៉ុនរាប់ពាន់នាក់ នៅដែនកោះ អូគីណាវ៉ា ភាគខាងត្បូងជប៉ុននេះ បានប្រមូលផ្តុំ បាតុកម្មប្រឆាំងជំទាស់ ការរុះរើដូរទីតាំងបន្ទាយកងទ័ពជើងអាកាសអាមេរិក មកកាន់ដែនកោះ ដែលមានពលរដ្ឋជាច្រើនរស់នៅនេះ ។

បាតុករយ៉ាងតិច១ម៉ឺននាក់ បានបាតុកម្មនៅចំណុចសួនឧទ្យានមួយក្នុងក្នុងរដ្ឋធានី Naha ទាមទាររដ្ឋាភិបាលជប៉ុន និងអាមេរិក បញ្ឈប់ការផ្លាស់ប្តូរបន្ទាយជើងអាកាសអាមេរិក ពី Futenma តំបន់ Ginowan ទៅកាន់ តំបន់ឈូងសមុទ្រ មនុស្សរស់នៅច្រើន Henoko ។ ក្រុមបាតុករបញ្ជាក់ថា ពលរដ្ឋជប៉ុនរស់នៅដែនកោះ អូគីណាវ៉ា នឹងរងគ្រោះដោយសារតែអំពើឧក្រិដ្ឋកម្ម ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ដទៃផ្សេងៗទៀតទាក់ទងនឹងទាហាន និងបន្ទាយយោធារបស់អាមេរិក ដែលមានវត្តមាននៅលើទីតាំងដ៏តូចចង្អៀតនេះ ។ ពលរដ្ឋស្នើសុំឲ្យបន្ទាយកងទ័ព Futenma នេះផ្លាស់ប្តូរចេញពីដីកោះអូគីណាវ៉ាព្រមជាមួយគ្នា ពីទឹកដីជប៉ុនផងដែរ ។

កាលពីខែមុន លទ្ធផលប្រជាមតិក្នុងតំបន់ជាង៧០ភាគរយបានជំទាស់គម្រោងផ្លាស់ប្តូរទីតាំងបន្ទាយកងទ័ពរបស់រដ្ឋាភិបាលកណ្តាល ប៉ុន្តែទោះបីយ៉ាងណា រដ្ឋាភិបាលជប៉ុន នៅតែសម្រេច បន្តផែនការផ្លាស់ប្តូរ និងសាងសង់បន្ទាយថ្មីនេះនៅលើដែនកោះអូគីណាវ៉ាដដែល និងបានច្រានចោលលទ្ធផលប្រជាមតិរបស់ពលរដ្ឋក្នុងតំបន់ថែមទៀតផង ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានស្នើសុំពលរដ្ឋមេត្តាយោគយល់ បង្កលក្ខណៈងាយស្រួល ពីព្រោះវាមានលក្ខណៈចាំបាច់ដែលត្រូវផ្លាស់ប្តូរបន្ទាយមកកាន់ទីតាំងនេះ ហើយការងារសាងសង់បន្ទាយនេះ មិនអាចបញ្ឈប់ ឬប្តូរទៅកាន់ទីកន្លែងផ្សេងក្រៅពីដែនកោះអូគីណាវ៉ានេះបានឡើយ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស