TNAOT News

· 2023-05-19

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣

#ឆ្នាំ២០២៣# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

10438

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ត្រីមេពូជចំនួន ២ប្រភេទ ត្រូវបានលែងទៅក្នុងអន្លង់អភិរក្ស ខេត្តស្ទឹងត្រែង ដើម្បីឱ្យបន្តពូជសម្បូរបែបឡើងវិញ

ស្ទឹងត្រែង៖ ត្រីមេពូជចំនួន ២ប្រភេទ មានត្រីគល់រាំង និងត្រីប្រាធំត្រូវបានរដ្ឋបាលជលផលសហការជាមួយមន្ត្រីគម្រោងអច្ឆរិយភាពនាំយកមកលែងទៅក្នុងអន្លង់អភិរក្សនៅ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីឱ្យវាបន្តពូជសម្បូរបែបឡើងវិញ។

២. សេចក្ដីព្រាងច្បាប់ ស្ដីពីវិធានដើមកំណើតទំនិញ ត្រូវបានអនុម័តទាំងស្រុងដោយគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ «សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ» ត្រូវបានគណៈរដ្ឋ​មន្ត្រី​ពិនិត្យ ពិភាក្សា និងអនុម័តរួចរាល់ហើយ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣​នេះ ក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

៣. ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី រៀបដំបូងគេបង្អស់នៅប្រទេសសឹង្ហបុរី មាន ៤៦ប្រទេស និងមានកីឡាច្រើនជាង ២០ប្រភេទ

ភ្នំពេញ៖ ក្នុងប្រវត្តិសាស្រ្តប្រទេសសិង្ហបុរី គឺបាន​រៀបចំធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះមុនដំបូងគេបង្អស់ នៅឆ្នាំ២០០៩ និងប្រទេសចិន ​ចុងក្រោយគេបង្អស់ នៅឆ្នាំ២០១៣ បន្ទាប់ពីត្រូវបាន​ពន្យាពេល និងលុបចោលរហូតមកដោយសារ ការដកខ្លួនរបស់ប្រទេសជាម្ចាស់ផ្ទះ និងវិបត្តិកូវីដ ជាដើម។

៤. ប្រទេសឥណ្ឌូនេស៊ី បានធ្វើការដង្ហែអបអរការឈ្នះមេដាយមាសស៊ីហ្គេម២០២៣ នៅទីក្រុងហ្សាកាតា

ភ្នំពេញ៖ ប្រជាជនឥណ្ឌូនេស៊ី បានរៀបចំក្បួនដង្ហែស្វាគមន៍ការឈ្នះមេដាយមាស របស់ក្រុមអត្តពលិកជម្រើសជាតិពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ យ៉ាងអធឹកអធម នៅក្នុងទីក្រុងហ្សាកាតា។

៥. ពលរដ្ឋជាច្រើននាក់ អ្នកខ្លះកាន់សំណាញ់ ខ្លះកាន់កញ្ច្រែង ចាប់ត្រីខណៈត្រីជាច្រើនកំពុងពុលទឹក

កំពង់ស្ពឺ៖ ពលរដ្ឋជាច្រើននាក់ អ្នកខ្លះកាន់សំណាញ់ ខ្លះកាន់ស្នរ និងខ្លះកាន់កញ្ច្រែង ដើម្បីចាប់ត្រីនៅក្នុងស្ទឹងព្រែកត្នោត ខណៈត្រីនៅក្នុងស្ទឹងនេះកំពុងពុលទឹក នាព្រឹកថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០២៣។

៦. កិច្ច​ប្រជុំ​អាហារ​ថ្ងៃត្រង់របស់​ក្រុមមេដឹកនាំកំពូល G7 នៅប្រទេស​ជប៉ុន

មេដឹកនាំក្រុមប្រទេស G7 បានចាប់ផ្តើមកិច្ចប្រជុំកំពូល នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុននាថ្ងៃសុក្រ ទី១៩ ខែឧសភា ជាមួយនឹងអាហារថ្ងៃត្រង់។ មេដឹកនាំ​ទាំងអស់បានបង្ហាញជំហរ​នឹង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ខណៈ​សន្យា​បន្ត​គាំទ្រ​ប្រទេសអ៊ុយក្រែន។

៧. មេដឹកនាំ G7 ថតរូប និងដាំដើមឈើទុកជាអនុស្សាវរីយ៍មុនចាប់ផ្តើមកិច្ចប្រជុំកំពូល

នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងលោកស្រី Yuko Kishida បានទទួលស្វាគមន៍មេដឹកនាំនៃក្រុមG7 រួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រីUrsula von der Leyen ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ប្រធានាធិបតីអាល្លឺម៉ង់ Olaf Scholz ប្រធានាធិបតីបារាំង Emmanual Macron នាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងប្រធានាធិបតីអាមេរិក Joe Biden។

៨. ស្ថាប័ន SIAAP ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ជូនដល់រាជធានីភ្នំពេញ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៨ ខែឧសភានេះ លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME) សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame បានជួបសំដែងការគួរសមជាមួយ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ និងលើកឡើងថា លោកស្រីគឺជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។

៩. កម្ពុជា បាននាំទំនិញចេញទៅប្រទេសវៀតណាម កើនឡើង ២៤.៤ភាគរយ

កម្ពុជា បាននាំទំនិញចេញទៅប្រទេសវៀតណាម សម្រេចបានទឹកប្រាក់ប្រមាណ ២៧១លានដុល្លារ កើនឡើង ២៤.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ សម្រេចបានតែជាង ២១៨លានដុល្លារប៉ុណ្ណោះ។

១០. គ្រូពេទ្យវេជ្ជសាស្រ្តចិនបានព្យាបាលនារីខ្មែរម្នាក់ពីបញ្ហាពិការគរថ្លង់តាំងពីអាយុពីរឆ្នាំឲ្យជាសះស្បើយ

ភ្នំពេញ៖ អ្នកជំងឺម្នាក់ ជាជនជាតិខ្មែរ អាយុ១៨ឆ្នាំ ប៉ុន្តែនាងមានបញ្ហាពិការគរថ្លង់តាំងពីអាយុ ២ឆ្នាំដោយសារជំងឺគ្រុនឈាម និងមិនបានព្យាបាលទាន់ពេលវេលា ហើយម្ដាយរបស់នាងបានស្វែងរកការព្យាបាលរយៈពេលជាងដប់ឆ្នាំមកហើយតែមិនបានជោគជ័យឡើយ។ បន្ទាប់ពីជួបជាមួយនឹងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ហៅកាត់ថា(TCM) បានមកដល់ប្រទេសកម្ពុជាភ្លាម ពួកគេបានមកស្វែងរកការព្យាបាលជាមួយនឹងទំនុកចិត្តដើម្បីសាកល្បង ទីបំផុតក៏បានជោគជ័យមែន៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស