
TNAOT News
· 05-25
ចិនប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់ និងផ្លូវ»ជាមួយកម្ពុជា
#ចិនប្តេជ្ញា# #តជំរុញកិច្ចសហប្រតិបត្តិការ# #នាយករដ្ឋមន្រ្តីនៃកម្ពុជា# #សង្គម# #ខ្សែក្រវាត់ និងផ្លូវ# #ព័ត៌មានសង្គម#
7136
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនប្តេជ្ញាជំរុញការតភ្ជាប់ និងការអភិវឌ្ឍន៍រួមជាមួយប្រទេសទាំងអស់ ហើយចិន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវជាមួយកម្ពុជា ដោយផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីអត្ថប្រយោជន៍យ៉ាងធំធេងអំពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នៅក្នុងពិធីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីថ្ងៃទី ២២ កន្លងទៅ។
ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ដែលថាកម្ពុជាទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាមួយប្រទេសចិន។ លោកស្រី Mao Ning បានបញ្ជាក់ថា ប្រទេសចិន បានជួយកម្ពុជាក្នុងការសាងសង់ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ហើយការផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាពរបស់ប្រទេសចិន បានធានាការនាំចេញទៅបរទេសរបស់កម្ពុជា និងបង្កើតឱកាសការងាររាប់លានការងារ។
លោកស្រី Mao បាននិយាយថា «ជាការពិតគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍន៍រួមនៃប្រទេសទាំងអស់។ លោកស្រី Mao Ning បានដកស្រង់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន ចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនថា «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ មិនកំណត់គោលដៅប្រទេសណាមួយទេ ហើយក៏មិនរារាំងការអភិវឌ្ឍន៍របស់ប្រទេសណាមួយដែរ ហើយមិនមែនតែកម្ពុជាទេ ដែលទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បណ្តាប្រទេសអាស៊ានដទៃទៀតក៏កំពុងទទួលបានផលប្រយោជន៍ផងដែរ»។
លោកស្រីបន្តថា ក្នុងរយៈពេល ១០ឆ្នាំ ចាប់តាំងពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានស្នើឡើងដោយផ្អែកលើគោលការណ៍នៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ ការរួមចំណែករួម និងផលប្រយោជន៍រួម បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងស៊ីជម្រៅជាមួយបណ្តាប្រទេសដូចជា កម្ពុជា។ លោកស្រីបាននិយាយទៀតថា ជាងបីភាគបួននៃប្រទេសជុំវិញពិភពលោកបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ រហូតមកដល់ពេលនេះ បានបង្កើតការងារចំនួន ៤២ម៉ឺនឱកាសការងារនៅក្នុងប្រទេសទាំងនោះ និងជួយប្រទេសកាន់តែច្រើនឡើងជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពួកគេ។
លោកស្រី Mao ជឿជាក់ថា វឌ្ឍនភាពជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលមានគុណភាពខ្ពស់នឹងនាំមកនូវឱកាសកាន់តែច្រើនសម្រាប់វិបុលភាពរួមសម្រាប់ប្រទេសទាំងអស់។ ហើយប្រទេសចិននឹងអនុវត្តដោយស្មោះស្ម័គ្រនូវមតិឯកភាពដ៏សំខាន់ដែលមេដឹកនាំចិន និងកម្ពុជាសម្រេចបាន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរវាងប្រជាជាតិទាំងពីរ ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)