Novel Readers

· 2023-05-30

រឿង កូនចៀមក្នុងក្រញាំខ្លា ភាគទី ១០ (២) ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#

6132

"អ៊ំគឺជាមិត្តរបស់អ៊ំប្រុស ហាសិន ឬ?" នាងក្រមុំសួរបន្ទាប់ពីនិយាយគ្នាពាក់ព័ន្ធនឹងអតីតកាលរបស់ ថេមិន បានមួយសន្ទុះធំ។

"មែន ខ្ញុំនិង ហាសិន គឺជាមិត្តសម្លាញ់នឹងគ្នា”

"ល្អដល់ហើយដែលអ្នកទាំងពីរគឺជាមិត្តសម្លាញ់នឹងគ្នា អីចឹងតើបានជាខ្ញុំប្រហែលៗមុខអ៊ំថាដូចធ្លាប់ជួបនៅឯណា តាមពិតគឺមកផ្ទះអ៊ំជាញឹកញាប់នេះឯង" នាងនិយាយព្រមទាំងញញឹម ។

"តែខ្ញុំមិនដែលឃើញមុខនាង"

"ខ្ញុំនៅតែផ្ទះបាយ និងនៅក្នុងបន្ទប់ប៉ុណ្ណោះ មិនចេញទៅឲ្យទើសទែងទេ”

"និយាយពីអីហ្នឹង?" អ្នកស្រីសួរ គាត់ទើបតែធ្វើចិត្តដើរចូលមកផ្ទះបាន។

"និយាយពីនេះពីនោះ ចុះ យូហ៊ី ទៅវិញហើយឬ?” បុរសចំណាស់សួរដោយការរអាចិត្ត ។

"ទៅវិញហើយ ប្រហែលជាស្លុតនឹងហេតុការណ៍នៅថ្ងៃនោះដែលមានអ្នកឃើញ” ពីរនាក់ប្ដីប្រពន្ធមើលមុខគ្នាព្រោះយល់ ។

"ល្អហើយ យ៉ាងណាក៏ខ្ញុំមិនចង់ទទួលស្រីអាក្រក់ម្នាក់នោះមកធ្វើជាកូនប្រសាដែរ”

"ខ្ញុំសុំសួរអីម្យ៉ាងបានទេ?” ហេណា សួរទាំងញញើតញញើម។

"សួរមក” អ្នកស្រីតបដោយសំលេងស្រទន់ មានអារម្មណ៍

អាណិតស្រលាញ់ក្មេងស្រីម្នាក់នេះជាពិសេសដោយមិនដឹងពីហេតុផលដូចគ្នាថាហេតុអ្វី ។

"ថេមិន និង អ្នកនាង យូហ៊ី មានអ្វីកើតឡើងឬ ហេតុអីបានជា ថេមិន ត្រូវខឹងគ្រប់ពេលដែលឃើញមុខនាង ឬក៏និយាយដល់នាង?" នាងក្រមុំសួរព្រមទាំងឱនមុខជ្រប់ ពេលឃើញថាចាស់ទុំទាំងពីរមើលមុខគ្នា ដូចជាលេបមិនចូលខ្ជាក់មិនចេញ ។

"ខ្ញុំស្មានថា ថេមិន និយាយឲ្យនាងស្តាប់ទៅហើយ” អ្នកស្រីសួរដោយការសង្ស័យ ។

"គេមិនបាននិយាយអីឲ្យខ្ញុំស្តាប់ទេ”

អ្នកស្រីរិះគិតយ៉ាងយូរទំរាំតែសម្រេចចិត្តនិយាយរឿងរ៉ាវទាំងអស់ឲ្យស្ដាប់ គាត់មិនចង់បិទបាំងអ្នកដែលខ្លួនឯងជឿជាក់ថាជាអនាគតកូនប្រសា ។

"រឿងទាំងអស់កើតឡើងកាលពី៣ឆ្នាំមុន ពេលនោះ ថេមិន ស្លូតបូតគួរឲ្យស្រលាញ់ ជាមនុស្សល្អ មានទឹកចិត្ត យល់ចិត្តមនុស្សស្រី ដែលសំខាន់ជាសុភាពបុរស នាងធ្លាប់បានឮទេថាស្នេហាលើកដំបូងវាតែងតែមិនសមបំណង ស្នេហារបស់គេគឺដូចគ្នា ថ្ងៃនោះ យ៉េអ៊ុន... ខ្ញុំមានន័យដល់សង្សារចាស់របស់គេ ពីរនាក់នោះណាត់គ្នាទៅផឹកនៅបារ តែក៏មានរឿងកើតឡើងពេលដែល យ៉េអ៊ុន សុំបែកគ្នា បន្ទាប់ពីស្រវឹងខ្លាំងដល់ថ្នាក់គ្មានស្មារតីថេមិន ក៏ត្រលប់ មកវិញជាមួយ យូហ៊ី ហើយបន្ទាប់ពីនោះក៏មិនចាំបាច់និយាយថាមានអីកើតឡើង ពេលដែលមនុស្សម្នាក់ស្រវឹងគ្មានស្មារតី និងមនុស្សម្នាក់ទៀតដែលមានស្មារតីល្អ ដែលគិតតែតាមចាប់គេឲ្យបាន” អ្នកស្រីឈប់និយាយព្រមទាំងមើលប្រតិកម្មអនាគតកូនប្រសាថាភ្ញាក់ផ្អើលនឹងហេតុការណ៍ទាំងអស់នោះឬអត់ តែអត់ទេ...មិនឃើញមានអ្វីនៅក្នុងកែវភ្នែកស្រស់ស្អាតមួយគូនោះ ។

"ព្រឹកថ្ងៃបន្ទាប់ ខ្ញុំក៏បានដឹងថាមានអ្វីកើតឡើងចំពោះពីរនាក់នោះ ថេមិន ព្រមទទួលខុសត្រូវចំពោះរឿងដែលកើតឡើង ព្រមទាំងភ្ជាប់ពាក្យជាមួយ យូហ៊ី បន្ទាប់ពីនោះមិនយូរប៉ុន្មាន ក៏កើតរឿងពេលដែល យ៉េអ៊ុន មករកដោយយកធៀបការមកឲ្យផង តែ យូហ៊ី មិនដឹងរឿង ស្មានថា យ៉េអ៊ុន មកដណ្ដើមយក ថេមិន វិញ ទើបចោទប្រកាន់ យ៉េអ៊ុន ថារុញនាងទម្លាក់ពីជណ្តើរ ព្រមទាំងទះតប់នាងទៀតផង ថេមិន ដែលមិនដឹង មិនឃើញហេតុការណ៍អ្វីទាំងអស់ យល់ច្រឡំ ប្រកាសកាត់ផ្តាច់មិត្តភាពពី យ៉េអ៊ុន ព្រមទាំងក្លាយជាមនុស្សម្នាក់ទៀត ពេលដែល យូហ៊ី រលូតកូន គេសឹងតែមិនញញឹម សោះកក្រោះ ម៉ឺងម៉ាត់ ត្រជាក់ ព្រមទាំងមិនព្រមរៀបការជាមួយ យូហ៊ី ពេលដែលដឹងការពិតពីខ្ញុំ"

ហេណា មានប្រតិកម្មតិចតួចបន្ទាប់ពីបានស្តាប់រឿងរ៉ាវទាំងនោះ នាងដឹងថា ថេមិន ប្រហែលជាមិនអាចធ្វើចិត្តនិយាយឲ្យនាងស្តាប់បាន ពេលគេគឺជាអ្នកបាត់បង់បែបនេះ ។

"អឺ...បើអ៊ំស្រីលំបាកចិត្តនឹងនិយាយ ខ្ញុំមិនស្ដាប់ក៏បាន" នាងថាដោយការយល់ចិត្ត ។

"មិនអីទេ នាងគិតឬថាមនុស្សដូចជា ប៊ែក យូហ៊ី នឹងឈប់ត្រឹមហ្នឹង?” អ្នកស្រីសួរ ។

"មានន័យថាម៉េចឬ?"

"យូហ៊ី ព្យាយាមធ្វើឲ្យខ្លួនឯងមានផ្ទៃពោះម្តងទៀត តែ ថេមិន បែរជាមិនចាញ់កលទៀត គេប្រាប់ខ្ញុំថាគេការពារគ្រប់ពេល បើថ្ងៃណាដែល យូហ៊ី មានផ្ទៃពោះ ក្មេងនៅក្នុងពោះនោះច្បាស់ជាមិនមែនជាកូនរបស់គេ”

"ចុះហេតុអ្វី ថេមិន ត្រូវរកភស្តុតាងអ្វីម្យ៉ាងដែរ?” នាងសួរព្រោះចង់ដឹង ។

"ហេណា បន្ទាប់ពីនេះទៅខ្ញុំប្រហែលជាឆ្លើយតបមិនបាននោះទេ គ្រប់យ៉ាងគឺជាអាថ៌កំបាំង ខ្ញុំប្រាប់នាងមិនបានពិតមែន"

អ្នកដែលមានអាយុចាស់ជាង និយាយដោយការយល់ចិត្តកូនប្រុសរបស់ខ្លួនដែលកំពុងតែធ្វើអ្វីម្យ៉ាងដែលចិត្តប្រាថ្នា និងត្រូវការ បើសិនជាគេធ្វើបាន គេនឹងសប្បាយចិត្ត ។


ប្រភពអត្ថបទ៖ OBSOK BOOK 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)