Cambo-China

· 2023-08-23

កីឡាករ និងកីឡាការិនីចំនួន ១៣៦នាក់នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន

#NOCC# #ក្រុមជម្រើសជាតិកម្ពុជា# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

6795

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាននិយាយថា ក្រុមជម្រើសជាតិកីឡាករ កីឡាការិនីចំនួន១៣៦នាក់ នឹងទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន ដើម្បីបន្ដកម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលនៅសល់អាហារូបករណ៍ប្រមាណ ៩០ថ្ងៃទៀត។

នេះជាលើកទី២ ហើយដែលកម្ពុជាបានបញ្ជូនអត្តពលិកជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅចិនដោយសារកាលស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាធ្លាប់បានបញ្ចូនអត្តពលិកចំនួន ១៦១នាក់ លើ ១២ប្រភេទកីឡា ទៅហ្វឹកហាត់ជាង ៧ខែមកហើយ កាលពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ។

មុនចេញទៅហ្វឹកហាត់ ក្រុមជម្រើសជាតិកីឡាករ ការិនីចំនួន១៣៦នាក់ ដែលត្រូវទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន បានចូលជួបសំណេះសំណាលសម្ដែងការគួរសម ជាមួយនឹង ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា និង លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និង កីឡាផងដែរ។

ការបោះជំរុំហ្វឹកហាត់លើកនេះ លោក វ៉ាត់ ចំរើន និយាយថា ការបណ្ដុះបណ្ដាលនេះ យើងមានគោលដៅសម្រាប់កីឡាករ-កីឡាការិនីពេញវ័យ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុងហានចូវ ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាផង និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ ផង។ ចំពោះកីឡាករ និងកីឡាការិនី អាយុជាង ១០ឆ្នាំ គឺត្រូវត្រៀមសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ការងារនេះ ត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និង NOCC ពិសេសគឺសហព័ន្ធជាតិ បានខិតខំប្រឹងប្រែង ក្នុងការជំរុញឲ្យមានការហ្វឹកហាត់ ប្រកបដោយស្ថេរភាព និងនិរន្ដរភាព ដើម្បីធានាបាននូវកម្រិតបច្ចេកទេសខ្ពស់ និងត្រឡប់មកវិញ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍សំខាន់ៗទាំងបីខាងលើ ។

ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា ការរៀបចំដំណើរទៅហ្វឹកហាត់នៅចិន នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយត្រឡប់មកមកវិញ ប្រកបទៅដោយកិត្តិយស និងទទួលបាននូវលទ្ធផលល្អក្នុងការហ្វឹកហាត់ទាំងអស់គ្នា៕

សម្រួលអត្ថបទដោយ៖ Li Xiaoling

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស