Cambo-China

· 2023-11-19

អាកាសយានដ្ឋានសៀមរាបថ្មីនឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់តែច្រើនមក​ប្រាសាទ​អង្គរ

#ប្រាសាទ​អង្គរ​វត្ត​# #​ទាក់ទាញ​ភ្ញៀវ​ទេសចរ​# #អាកាសយានដ្ឋាន# #សង្គម# #សៀមរាប# #CAMBO-CHINA# #សេដ្ឋកិច្ចជាតិ#

5049

ប្រភពរូប៖ ស៊ីនហួរ

អាកាសយានដ្ឋានសៀមរាបថ្មី ដែលវិនិយោគដោយក្រុមហ៊ុន វិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (កម្ពុជា) ដែលជាសាខារបស់ក្រុមហ៊ុនវិនិយោគយូណានរបស់ប្រទេសចិន អាកាសយានដ្ឋាននេះមានទំហំ ៧០០ហិចតា ដែលរចនាតាមរចនាបថស្ថាបត្យកម្មខ្មែរ ត្រូវបានសម្ពោធក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរ។ 

អាកាសយានដ្ឋានសៀមរាបថ្មីនេះ ស្ថិតក្នុងស្រុកសូទ្រនិគម ចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីឧទ្យានអង្គរ និងជាង ៥០គីឡូម៉ែត្រពីក្រុងសៀមរាប ជាអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E នឹងអាចផ្ទុកអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ និងអ្នកដំណើររហូតដល់ ១២លាននាក់ក្នុងមួយឆ្នាំចាប់ពី ២០៤០។ ជាមួយនឹងផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ បច្ចុប្បន្ន វាគឺជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងជាច្រកទ្វារដ៏សំខាន់ទៅកាន់ប្រាសាទអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកម្ពុជា។

អាជីវករលក់វត្ថុអនុស្សាវរីយ៍ លី រតនា មានសុទិដ្ឋិនិយមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលវិនិយោគដោយចិន នឹងនាំភ្ញៀវទេសចរកាន់តែច្រើនមកកាន់ខេត្តសៀមរាប ដូច្នេះអាជីវកម្មរបស់លោកអាចនឹងរីកចម្រើនឡើងវិញ។ លោកបានបន្តថា អាជីវកម្មរបស់លោកបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងជំងឺកូវីដ-១៩ ហើយសូម្បីតែពេលនេះចំនួនភ្ញៀវទេសចរមកខេត្តនៅមានកម្រិតទាបនៅឡើយបើធៀបនឹងសម័យមុនជំងឺរាតត្បាត។

លោកបាននិយាយទៀតថា ការបើកអាកាសយានដ្ឋានថ្មីនេះ គឺជាការរំពឹងទុករបស់អ្នកស្រុកខេត្តសៀមរាបដែលពឹងផ្អែកលើវិស័យទេសចរណ៍។លោកជឿ​ជាក់​ថា អាកាសយានដ្ឋាន​នេះ ​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន។ លោកបានអរគុណអ្នកវិនិយោគចិនដែលបានសាងសង់អាកាសយានដ្ឋាននេះនៅក្នុងខេត្តសៀមរាបរបស់កម្ពុជា ហើយសូមបន្តជួយទាក់ទាញភ្ញៀវទេសចរចិនមកខេត្តសៀមរាបកាន់តែច្រើន។

ចំណែក កញ្ញា លាត ម៉ានីន ដែលជាបុគ្គលិកនៅហាងលក់វត្ថុអនុស្សាវរីយ៍មួយក្នុងទីរួមខេត្តសៀមរាប មានទំនុកចិត្តថា អាកាសយានដ្ឋានថ្មីនេះ នឹងនាំមកនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សដល់ខេត្ត ជាពិសេសលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។នាងសង្ឃឹមថា អាកាសយានដ្ឋានថ្មីនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ខេត្តសៀមរាប ដូច្នេះទេសចរណ៍ និងអាជីវកម្មរបស់យើងនៅទីនេះនឹងកើនឡើងម្តងទៀត ។ នាងក៏បានអំពាវនាវឱ្យមានការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរចិនដោយនិយាយថាវត្តមានរបស់ពួកគេបានរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។

លោក Gong Shuai ជំនួយការអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ បាននិយាយថា អាកាសយានដ្ឋានបច្ចុប្បន្នមានបុគ្គលិកកម្ពុជាជិត ៤០០នាក់។ លោកបានបន្តថា ក្នុងនាមជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយ អាកាសដ្ឋាយនេះ គ្រោងនឹងបើកផ្លូវអន្តរជាតិចម្ងាយឆ្ងាយបន្ថែមទៀត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនពីប្រទេសចិន និងជុំវិញពិភពលោក ដូច្នេះនឹងជំរុញការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍កម្ពុជា និងវិបុលភាពសេដ្ឋកិច្ច។ លោកបានបន្ថែមថា ក្នុងនាមជាគម្រោងសំខាន់មួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ យើងមានទំនុកចិត្តថា អាកាសយានដ្ឋានេះនឹងបញ្ចូលសន្ទុះថ្មីចូលទៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងកិច្ចសហប្រតិបត្តិការលើសមត្ថភាពផលិតកម្មរវាងចិន និងកម្ពុជា៕

សម្រួលអត្ថបទដោយ៖ Li Xiaoling 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស