TNAOT News

· 2023-11-19

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣

#ស.ស.យ.ក# #សង្គម# #OpenAI# #អ៊ីស្រាអែល# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់# #សហរដ្ឋអាមេរិក#

10645

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖ 

១. ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស.ស.យ.ក. ត្រូវបានជនអនាមិកចូលកាន់កាប់

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស.ស.យ.ក. ត្រូវបានជនអនាមិកចូលកាន់កាប់ នេះបើយោងតាមផេកហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារយ៉ាងដូច្នេះថា «សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

២. ប្រាសាទ​ចិន​អាយុ ​១៦០០​ឆ្នាំ​នឹង​បើក​ឡើង​វិញ​ក្រោយ​ការ​ជួសជុល​រយៈពេល​ ២​ឆ្នាំ

ប្រាសាទពុទ្ធសាសនាដែលមានអាយុកាលជាង ១,៦០០ឆ្នាំនៅខេត្ត Gansu ភាគពាយ័ព្យប្រទេសចិននឹងបើកឡើងវិញជាសាធារណៈនៅថ្ងៃចន្ទ បន្ទាប់ពីវាត្រូវបានបិទអស់រយៈពេលពីរឆ្នាំសម្រាប់ការជួសជុលឡើងវិញ។

៣. CEO នៃក្រុមហ៊ុន OpenAI ដែលបង្កើត Chatgpt ត្រូវបានបញ្ឈប់ពីក្រុមហ៊ុនខ្លួនហើយ

លោក Sam Altman ដែលជានាយកប្រតិបត្តិ និងសហស្ថាបនិកនៃក្រុមហ៊ុន OpenAI ត្រូវបានក្រុមប្រឹក្សាភិបាលរបស់នៃក្រុមហ៊ុនបញ្ឈប់ចេញ បន្ទាប់ពីបានចោទប្រកាន់គាត់ថា "មិនមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនងរបស់គាត់" ។

៤. សិស្សានុសិស្សជាង២ម៉ឺននាក់ ក្នុងខេត្តកំពត ប្តេជ្ញាចិត្តចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

សាលារៀននៅក្នុងស្រុកឈូកខេត្តកំពត បានប្តេជ្ញាចិត្តក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធ្វើឱ្យតាមសាលារៀនដងផ្លូវទីសាធារណៈតំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។

៥. រ៉ុក្កែត Starship របស់ SpaceX ត្រូវផ្ទុះខូតខាតអំឡុងពេលបាញ់បង្ហោះសាកល្បង

ការបាញ់បង្ហោះសាកល្បងលើកទីពីររបស់គ្រាប់រ៉ុក្កែត Starship របស់ SpaceX ហោះបានចម្ងាយលើសពីការបាញ់បង្ហោះលើកដំបូងរបស់ខ្លួនកាលពី ៧ ខែមុន ប៉ុន្តែបានបញ្ចប់ដោយការផ្ទុះខូតអស់។

៦. WHO និយាយថា មន្ទីរពេទ្យ Al-Shifa របស់ហ្គាហ្សាជាតំបន់មរណៈ ខណៈមនុស្សរាប់រយនាក់ស្លាប់

អង្គការសុខភាពពិភពលោក បាននិយាយថាមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេបំផុតនៅក្នុងតំបន់ហ្គាហ្សា បានក្លាយជាតំបន់មរណៈ និងបានជំរុញឱ្យមានការជម្លៀសមនុស្សចេញ ខណៈកងទ័ពអ៉ីស្រាអែលកំពុងពង្រីក ប្រតិបត្តិការដើម្បីកម្ទេចក្រុមហាម៉ាស់។

៧. ខេត្តកែបនឹងប្រារព្ធពិធីបុណ្យសមុទ្រដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅខែធ្នូខាងមុខ

នាពេលថ្មីៗនេះឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ក្នុងខេត្តកែប ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១-២-៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

៨. ប្រធានាធិបតីម៉ាល់ឌីវ ស្នើឱ្យប្រទេសឥណ្ឌាដកទ័ពចេញពីប្រទេសខ្លួន

ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ាល់ឌីវ លោក Mohamed Muizzu ដែលបានធ្វើយុទ្ធនាការផ្លាស់ប្តូរគោលនយោបាយ "India first" នៃប្រជុំកោះមហាសមុទ្រឥណ្ឌា បានស្នើឱ្យប្រទេសឥណ្ឌាដកទ័ពចេញពីប្រទេសខ្លួន។

៩. លើកទី១ របស់កីឡាបាល់ទាត់លើតុកម្ពុជាដែលចូលរួមប្រកួតព្រឹត្តិការណ៍ World Teqball Championship នៅប្រទេសថៃ

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា នឹងបញ្ជូនអត្ដពលិក៣រូប ទៅប្រកួតជ្រើសរើសជើងឯកពិភពលោកលើកទី៦ នៅទីក្រុងបាងកក ប្រទេសថៃ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ នេះជាលើកទី១ ហើយដែលកីឡាបាល់ទាត់លើតុកម្ពុជា បានចូលរួមក្នុងការប្រកួតកម្រិតពិភពលោកបែបនេះ។

១០. សហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅ ហ្គាហ្សា

យោងតាម កាសែត The Washington Post បានរាយការណ៍ថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស់ ខិតជិតដល់កិច្ចព្រមព្រៀងមួយ ដែលនឹងដោះលែងស្ត្រី និងកុមាររាប់សិបនាក់ ដែលកំពុងជាប់ជាចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស