ដើមអម្ពិល-DAP News

· 2023-11-20

វិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ប្រកាសជ្រើសរើស យុវជន មកពីគ្រួសារក្រីក្រ ចំនួន២១០០នាក់ ចូលរៀនវគ្គជំនាញ ដោយឥតបង់ថ្លៃ

#ខេត្តបន្ទាយមានជ័យ# #សង្គម# #ព័ត៌មានសង្គម# #វិទ្យាស្ថានពហុបច្ចេកទេស#

1632

ភ្នំពេញ ៖ វិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ប្រកាសជ្រើសរើស យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ ចំនួន២១០០នាក់ ចុះឈ្មោះចូលសិក្សា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេស ចំនួន ១២ ជំនាញ ។

ការជូនដំណឹងនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨០០០០ រៀលក្នុងមួយខែ ។

បើតាមវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ត្រូវការយុវជន យុវនារីមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន២១០០នាក់ ដែលចង់រៀន ជំនាញបច្ចេកទេសពិត សម្រាប់ប្រកបមុខរបរជាអាជីព ឱ្យចូលរៀនវគ្គបណ្តុះបណ្តាល ប្រភេទសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ការបណ្តុះបណ្តាលនេះ មានរយៈពេល៤ខែ ដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេសសំខាន់ៗ មួយចំនួន ដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ នាពេលបច្ចុប្បន្ន និងអនាគតដូចជា ៖ ១ ការងារកំបោរ ចំនួន១៥០នាក់ ការដំឡើងបណ្តាញបំពង់ទឹក ចំនួន ១៥០នាក់ ការដំឡើងបណ្តាញ អគ្គិសនីក្នុងអគារ ៤៥០នាក់ ការថែទាំ និងជួសជុលរថយន្ត ១៥០នាក់ ការថែទាំ និងជួសជុលអគ្គិសនី រថយន្ត ១៥០នាក់ ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ រថយន្ត ១៥០នាក់ ការរចនាក្រាហ្វិក ដោយកុំព្យូទ័រ ១៥០នាក់ សេវាកម្មកុំព្យូទ័រ ១៥០នាក់ សេវាកម្មរដ្ឋបាល ១៥០នាក់ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១៥០នាក់ ធុរកិច្ចភេសជ្ជៈ ១៥០នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០នាក់ ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន សូមមកចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ប្អូនៗ មានចំណេះជំនាញមួយ ច្បាស់លាស់ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ ។

ជាពិសេសប្អូនៗ មកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ គឺចូលរៀនមិនបង់ប្រាក់ និងទទួល បានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០ រៀល ថែមទៀត ។ នេះជាឱកាសមាស ដែលរាជរដ្ឋាភិបាល ផ្តល់ជូនយុវជន និងគិតគូរ ដល់អនាគតយុវជន និងប្រជាជន ។

លោកបន្ថែមថា គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេស ទាំងអស់គួរយកចិត្តទុកដាក់ ក្នុងការសម្អាតបរិស្ថានជុំវិញ ទីធ្លារសាលា របស់ខ្លួនឱ្យមានរបៀបរៀបរយ ដើម្បីស្វាគមន៍បងប្អូន ដែលជាយុវជន ដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិ ថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស