Sreynuon

· 2019-03-25

សត្វជ្រូក៨៩ក្បាលដែលខាងជំនាញឃាត់ទុកនោះ ពុំមានផ្ទុកនូវជំងឺប៉េសអាហ្រ្វិកទេ

0

ខេត្តស្វាយរៀង៖ រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងបានឱ្យដឹងថា ជាលទ្ធផលក្រោយធ្វើការបូមឈាមរបស់សត្វជ្រូកដែលបានឃាត់ទុកកាលពីចុងសប្តាហ៍កន្លងទៅចំនួន៨៩ក្បាល យកទៅធ្វើការពិសោធន៍នៅរាជធានីភ្នំពេញរួចមក បានបង្ហាញឱ្យឃើញថា សត្វជ្រូកទាំង៨៩ក្បាលនោះពុំមានផ្ទុកនូវជំងឺប៉េសអាហ្វ្រិកនោះទេ ក៏ប៉ុន្តែខាងមន្ទីរកសិកម្មខេត្តបានធ្វើការផាកពិន័យចំពោះក្រុមហ៊ុនCPដែលបានដឹកជ្រូកលើសចំនួនកំណត់១៥ក្បាល ដោយក្នុងឯកសារមានតែ៤០ក្បាលត្រូវធ្វើការផាកពិន័យចំនួន១៥លានរៀល ហើយជ្រូកចំនួន៣៤ក្បាលដែលក្រុមអាជីវកររកស៊ីទិញជ្រូកលក់នោះ ជ្រូកមានលិខិតស្នាមត្រឹមត្រូវតែ២០ក្បាលប៉ុណ្ណោះ ដោយឡែកជ្រូក១៤ក្បាលទៀតពុំមានឯកសារត្រូវធ្វើការផាកពិន័យចំនួន១០លានរៀលទុកជាការព្រមាននិងឱ្យធ្វើកិច្ចសន្យា។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ក្រោយពីបានធ្វើរបាយការណ៍ផ្ញើទៅក្រសួងរួចហើយនោះ នៅពុំទាន់់់់ដឹងថាខាងក្រសួងកសិកម្មនឹងធ្វើការផាកពិន័យប៉ុន្មាននោះទេ បើពិន័យទៅលើសគឺតំរូវឱ្យខាងក្រុមហ៊ុនCPនិងអាជីវករមកយកប្រាក់តម្កល់វិញតែបើខ្វះត្រូវបង់ប្រាក់ពិន័យបន្ថែមទៀត។

លោកបានបន្តថា រដ្ឋបាលខេត្តបានចេញលិខិតណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបានជាដាច់ខាតដោយមិនត្រូវឱ្យមានការនាំចូលសត្វជ្រូក រឺសាច់ជ្រូកពីប្រទេសជិតខាងចូលមកក្នុងប្រទេសជាដាច់ខាត ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញបានធ្វើការឃាត់ចាប់បាននិងធ្វើការដុតកំទេចចោលនូវប្រភេទសាច់ជ្រូកនិងសាច់មាន់ចំនួន២៥០គីឡូក្រាមដែលត្រូវបានឈ្មួញលួចដឹកបង្កប់ក្រោមបន្លែចូលតាមច្រករបៀងនៅក្រុងបាវិតផងដែរ។

លោកបានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ជំងឺប៉េសអាហ្វ្រិកនេះពុំទាន់មានថ្នាំព្យាបាលទេ ហើយនៅប្រទេសវៀតណាមមានខេត្តចំនួន១៩បាននឹងកំពុងផ្ទុះនូវជំងឺប៉េសអាហ្វិ្រកនេះតែកម្ពុជាមិនមានទេ។ សុខជាតិ+ភក្តី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)