TNAOT News

· 02-03

វិទ្យាស្ថានខុនជឺ រៀបចំពិព័រណ៍វប្បធម៌ចិន អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

10286

កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ វិទ្យាស្ថានខុនជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងសភាពាណិជ្ជកម្មចិន នៅកម្ពុជា បានរៀបចំកម្មវិធី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៅបរិវេនសួនទីក្រុងកម្សាន្តកោះពេជ្រ ក្រោមវត្តមានឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា និងលោក វ៉ាង ហ្វុង នាយកភាគីចិនវិទ្យាស្ថានខុនជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគណៈប្រតិភូ ជាច្រើនរូបផ្សេងទៀត។

ក្នុងឱកាសនោះ លោក ឆាង ជាន ក៏បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤ និងក៏ជាឆ្នាំរឹតចំណងមិត្តភាពរវាងកម្ពុជា-ចិន កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-ចិន។

ខណៈ កញ្ញា Qin Minjin ពិធីការិនីភាសាចិន ខ្មែរ និងអង់គ្លេស ក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា កិច្ចសហប្រត្តិបត្តិការរវាងកម្ពុជា-ចិន ក្រៅពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងដល់សង្គមជាតិទាំងមូល តែសម្រាប់អ្នកសិក្សាភាសាចិន នឹងទទួលបានឳកាសកាន់តែច្រើន។ ហេតុនេះ ឆ្នាំផ្លាស់ប្តូរប្រជាជន ២០២៤ គឺជាការផ្លាស់ប្តូរដ៏ល្អ មិនត្រឹមតែវប្បធម៌ សិល្បៈ អក្សរសិល្ប៍ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ នឹងជួយកាន់តែធ្វើឲ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធមួយកម្រិតទៀត។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងធំគឺ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ពោលគឺឆ្នាំថោះ ដែលជាឆ្នាំចាស់បានផុតទៅ ឆ្នាំរោង ឆ្នាំថ្មីក៏បានចូលមកដល់។ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ល្អមួយ មិនត្រឹមតែជា ឆ្នាំនៃមិត្តភាពកម្ពុជា-ចិន ប៉ុណ្ណោះទេថែមទាំងជា ខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ហើយក៏ដើម្បីបង្ហាញពីចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំស្របតាមពាក្យមិត្តភាពដែកថែប។

គួរបញ្ជាក់ផងដែរថា កម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤ បានបើកទូលាយឲ្យសាធារណៈជនទូទៅ ចូលទស្សនា កម្សាន្ត និងស្វែងយល់បន្ថែមពីវប្បធម៌ប្រពៃណីចិន ដោយក្នុងនោះក៏មានការបង្ហាញរបាំតោ និងរបាំនាគ ដែលតំណាងឲ្យសត្វមានឫទ្ធានុភាព ឬគេតែងហៅថា របាំម៉ុងសាយ មានរៀបចំស្តង់ពិព័រណ៍បង្ហាញពីវប្បធម៌ចិន សម្ភារៈចាំបាច់សម្រាប់ឳកាសនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន ម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងការតុបតែងសម្លៀកបំពាក់តាមបែបប្រពៃណីចិន និងមានការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស