Knongsrok
· 02-15
មានរឿង៣យ៉ាង ដែលមនុស្សស្រីមិនត្រូវបញ្ឈប់ជាដាច់ខាត ទោះបីវ័យស្ថិតលើតួលេខណាក៏ដោយ
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ការរៀនសូត្រ#
4037
មនុស្សស្រីទាំងឡាយ អ្នកត្រូវតែមានការយល់ដឹងអំពីការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់អ្នក មិនថាអ្នកនៅលីវ ឬរៀបការ មានកូន ឬអ្នកលែងលះ ជីវិតគ្រួសារបែកបាក់នោះឡើយ ក៏អ្នកត្រូវតែរក្សាឱ្យបាននូវចំណុចទាំង៣យ៉ាងខាងក្រោមនេះ ដាច់ខាតមិនត្រូវបញ្ឈប់វាឡើយ។
ក្រៅពីការចំណាយពេលវេលាដើម្បីអ្នកមានគុណ ក្រុមគ្រួសារ ឬស្វាមី និងកូនៗ អ្នកក៏ត្រូវតែមានពេលវេលាឱ្យបានគ្រប់គ្រាន់ក្នុងការមើលថែរក្សា និងធ្វើអ្វីៗដើម្បីខ្លួនឯងផងដែរ។ ដូច្នេះខាងក្រោមនេះ គឺជារឿងទាំង៣យ៉ាងដែលអ្នកត្រូវតែថែរក្សា កុំបញ្ឈប់ឱ្យសោះ ៖
១. ការរៀនសូត្រ
សម័យមុនចាស់ៗប្រកាន់នួវគំនិតមួយថា "មនុស្សស្រីមិនបាច់រៀនច្រើនពេកទេ ព្រោះចុងក្រោយនៅតែក្លាយជាប្រពន្ធគេ ម្ដាយគេ ត្រូវតែធ្វើការងារផ្ទះ មើលកូនតែប៉ុណ្ណោះ" និងមួយទៀតគឺ "កូនស្រីរៀនច្រើននាំតែចេះសរសេរសំបុត្រស្នេហា" ជាការពិតនេះជាគំនិតដែលចាស់ៗកាលពីមុនតែងតែគិត ក៏មានមួយចំនួនតូចក្នុងសម័យនេះនៅតែបន្តគិតបែបហ្នឹងដដែល។ ប៉ុន្តែគំនិតនេះ វាជាគំនិតក្នុងអណ្ដូងតែប៉ុណ្ណោះ ព្រោះចូលដល់សម័យនេះហើយ មនុស្សស្រីមិនអាចនៅតែចង្ក្រាន ចាំដាំបាយ ធ្វើម្ហូប បម្រើប្ដី មើលកូនតែប៉ុណ្ណឹងនោះឡើយ។
មនុស្សស្រីអ្នកត្រូវតែដឹងថា ការដែលមានចំណេះដឹងច្រើន វានឹងជួយឱ្យអ្នកស្គាល់ និងមានការយល់ដឹងកាន់តែច្បាស់ពីពិភពលោកដ៏ធំធេងមួយនេះ អ្នកមិនអាចនៅបង្វិលតែចង្ក្រាននោះទេ។ មិនថាអ្នកឈានដល់វ័យណាក៏ដោយ ការរៀនសូត្របន្ថែម គឺជាអ្វីដែលអ្នកត្រូវតែបន្តជានិច្ច ព្រោះមនុស្សម្នាក់ៗ មិនថាស្ត្រី ឬបុរសនោះទេ ត្រូវតែមានការសិក្សារៀនសូត្ររហូតដល់ថ្ងៃស្លាប់។
ព្រោះថាចំណេះដឹង វាពិតជាមានសារៈសំខាន់ ដែលអាចនាំអ្នកឱ្យយល់ ចេះប្រឈមមុខ ជាពិសេសនោះគឺ មានគំនិតកាន់តែសុទិដ្ឋិនិយមកាន់តែច្រើន ដើម្បីកែប្រែ និងជួយផ្លាស់ប្ដូរសង្គមរស់នៅរវាងគ្នា និងគ្នាទៅវិញទៅមក។
ត្រឡប់មកវិញ មនុស្សស្រីត្រូវដឹងថា ចំណេះដឹងដែលអ្នកមាន មិនត្រឹមតែអាចជួយអ្នកតែម្នាក់ឯងនោះទេ តែអ្នកគឺជាចំណែកមួយដែលអាចជួយជ្រោមជ្រែងដល់ស្វាមីដើម្បីទទួលបានជោគជ័យផ្សេងៗ និងជាគំរូក្នុងការបង្ហាត់បង្រៀនដល់កូនៗរបស់អ្នកផងដែរ។
២. ភាពស្រស់ស្អាត
កុំយកលេសថាអាយុច្រើនហើយ តែងខ្លួនធ្វើអី ស្អាតទៅណាទៀត ហើយក៏មិនត្រូវយកលេសថារវល់មើលកូន បម្រើប្ដីមិនមានពេលមើលថែរក្សាសម្រស់ និងថែភាពស្រស់ស្អាតឱ្យខ្លួនឯងនោះ។ ក៏ព្រោះតែដឹងថាអ្នករវល់ជាមួយនឹងកូន និងប្ដីបែបនេះហើយ ទើបគេប្រើពាក្យថា ឱ្យអ្នកចេះឆ្លៀតពេល ឬរំលែកពេលខ្លះឱ្យខ្លួនឯង មិនមែនបណ្ដែតបណ្ដោយឱ្យសម្រស់ទៅតាមវ័យនោះឡើយ។
មនុស្សស្រីមិនថាស្ថិតក្នុងវ័យណានោះទេ អ្នកសុទ្ធតែអាចស្អាតបានគ្រប់ពេលវេលាទាំងអស់ ព្រោះមនុស្សស្រីម្នាក់ៗ សុទ្ធតែមានភាពស្រស់ស្អាតតាមបែប តាមរបៀបរៀងៗខ្លួន ដូច្នេះ មិនមានអ្វីដែលជាលេសសម្រាប់អ្នកក្នុងការមិនថែរក្សាសម្រស់របស់ខ្លួនឯងនោះឡើយ តែអ្វីដែលសំខាន់ ឱ្យតែអ្នកចេះរៀបចំតុបតែងខ្លួនឱ្យមានភាពល្អ ស្រស់ស្អាតតាមរបៀបរបស់អ្នកខ្លួនឯង។
ម្យ៉ាងទៀត ដាច់ខាតកុំព្រោះតែសម្ដីប្ដីប្រាប់ថា "អូនឯងមិនបាច់តែងខ្លួនទេ ព្រោះបងស្រឡាញ់អូនជាអូនបែបនេះ" វាខុសហើយ ព្រោះមនុស្សប្រុសភាគច្រើនមិនឱ្យប្រសពន្ធតែងខ្លួនស្អាត ព្រោះខ្លាចមានអ្នកផ្សេងមកញ៉ែប្រពន្ធ ដល់ពេលប្រពន្ធបាក់សម្រស់លែងស្អាត គេប្រាកដជាទៅរកស្រីខាងក្រៅ ព្រោះស្រីក្រៅគេក្មេង ហើយស្អាត ទាក់ទាញ។ ដូច្នេះមនុស្សស្រីកុំចាញ់បោកសម្ដីប្ដីដែលប្រាប់ថានៅតែស្រឡាញ់អ្នកទោះអ្នកស្អាត ឬមិនស្អាត។ ផ្ទុយទៅវិញ អ្នកត្រូវតែចេះរក្សាភាពស្រស់ស្អាត និងថែសម្រស់របស់ខ្លួនឱ្យស្អាតទៅតាមវ័យ នោះប្ដីរបស់អ្នកនឹងកាន់តែស្រឡាញ់អ្នកទ្វេដង។
៣. រកលុយ
លុយមិនសំខាន់ទេ តែវាចាំបាច់ដែលយើងត្រូវតែមាន ព្រោះថានៅពេលដែលមានការចាំបាច់អ្វីមួយ គឺមានតែលុយនេះហើយ ដែលអាចនាំមុខ និងជួយដោះស្រាយបានយ៉ាងរហ័ស។ ដូច្នេះមនុស្សស្រីមិនថាអ្នកមានប្ដី ឬនៅលីវក្រោមបន្ទុកឪពុកម្ដាយឡើយ អ្នកត្រូវតែយល់ដឹង និងចេះធ្វើការ រកស៊ីទៅតាមចំណេះជំនាញដែលអ្នកមាន ក្នុងការរកលុយដោយខ្លួនឯង។
កំហុសដ៏ធំរបស់មនុស្សស្រីមួយចំនួនគឺ តាមប្ដីបោះបង់ចោលការងារ ការរកស៊ី ព្រោះតែប្ដី ឬឪពុកម្ដាយក្មេកនិយាយថា នៅតែផ្ទះ មើលតែកូនទៅ រឿងរកលុយទុកឱ្យប្ដីជាអ្នករក ចំណុចនេះ គឺជាកំហុសដ៏ធំរបស់អ្នកជាប្រពន្ធ។
មនុស្សស្រីត្រូវដឹងថា ការដែលអ្នកមានប្ដីរកស៊ីចិញ្ចឹម និងទ្រទ្រង់គ្រប់បែបយ៉ាងនៅក្នុងគ្រួសារ វាគឺជាសំណាងរបស់អ្នក តែបើអ្នកចង់មានសំណាង ហើយថែមទាំងមានគុណតម្លៃទៀតនោះ គឺអ្នកត្រូវតែជាផ្នែកមួយដែលជួយប្ដីធ្វើការរកលុយ ដើម្បីគ្រួសាររបស់អ្នក។ បើសិនជាស្វាមីរបស់អ្នកនិយាយថា "ការរលុយទុកឱ្យគាត់ជាអ្នករ៉ាប់រង" អ្នកក៏គួរតែតបទៅវិញថា "ជាប្ដីប្រពន្ធជួយគ្នារកលុយគឺជារឿងសមហេតុសមផលណាស់" ព្រោះអ្នកជាប្រពន្ធ ចង់ជួយចែករំលែក និងសម្រាលអម្រែក បន្ទុកមួយនេះរបស់ស្វាមី មិនអាចដេកស៊ី ចាំលាដៃសុំលុយពីប្ដីតែម្ខាងនោះឡើយ។
លើសពីនេះ មនុស្សស្រីអ្នកងាយនឹងត្រូវប្រឈមមុខក្នុងការបាត់បង់ការមើល និងទ្រទ្រង់ពីស្វាមី ដែលជាមេគ្រួសារណាស់ ព្រោះថានៅពេលដែលអ្នកក្លាយជាបន្ទុករបស់ដៃគូ អ្នកក៏មិនមានសិទ្ធនិយាយ ឬបញ្ចេញមតិអ្វីដែល ព្រោះតែគេជាអ្នកធ្វើការ ជាអ្នករក គេក៏ជាអ្នកគ្រប់គ្រង និងក្ដោបក្ដាប់ លើជីវិតរបស់អ្នកដូចគ្នា។
លើសពីនេះ វាជារឿងដែលត្រូវគិត ព្រោះថាជីវិតប្ដីប្រពន្ធវាក៏ផុយស្រួយដែរ ដូច្នេះ អ្នកត្រូវតែមានការងារធ្វើដោយខ្លួនឯង អាចរកលុយបានដោយខ្លួនឯង ប្រសិនបើថ្ងៃណាមួយស្រាប់តែជីវិតប្ដីប្រពន្ធរបស់អ្នកដើរដល់ផ្លូវបំបែក អ្នកក៏មិនចាំបាច់ត្រូវហេលហាល ព្រោះតែបាត់សសរ ឬបង្គោលគ្រួសារនោះឡើយ ព្រោះយ៉ាងណា អ្នកក៏នឹងអាចមើលថែ និងចិញ្ចឹមខ្លួនឯងបានដែរ ដោយមិនបានពឹងផ្អែកលើមនុស្សប្រុសម្នាក់នោះទេ៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុករក្សាសិទ្ធិ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)