TA X2

· 03-05

អាពាហ៍ពិពាហ៍នៅកូរ៉េខាងត្បូងធ្លាក់ចុះ ៤០ភាគរយ ក្នុងរយៈពេល ១ទសវត្សរ៍

#កូរ៉េខាងត្បូង# #ព័ត៌មាន# #អាពាហ៍ពិពាហ៍# #ព័ត៍មានអន្តរជាតិ#

4909

ស្ថិតិរបស់រដ្ឋាភិបាលដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ (ទី៣ ខែកុម្ភៈ) បានបង្ហាញឲ្យឃើញថា ចំនួនអាពាហ៍ពិពាហ៍នៅឆ្នាំ២០២៣ បានធ្លាក់ចុះ ៤០ភាគរយ បើធៀបនឹងកម្រិតដែលបានកត់ត្រា កាលពី ១ទសវត្សរ៍មុន ដោយនេះគឺព័ត៌មានមិនល្អមួយផ្សេងទៀត បង្ហាញពីវិបត្តិប្រជាសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូងដែលជិតកើតមាន។


យោងតាមស្ថិតិរបស់ការិយាល័យស្ថិតិកូរ៉េ Statistics Korea បានឲ្យដឹងថា មានគូស្នេហ៍ប្រមាណជា ១៩៣.៦៧៣គូ បានរៀបមង្គលការជាមួយគ្នានៅឆ្នាំ២០២៣ ដោយធ្លាក់ចុះ ៤០ភាគរយ ធៀបនឹងស្វាមីភរិយាចំនួន ៣២២.៨០៧គូ ដែលបានរៀបការក្នុងឆ្នាំ២០១៣។ តែយ៉ាងណាក្ដី បើធៀបនឹងឆ្នាំមុន តួលេខឆ្នាំ២០២៣ មានការកើនឡើង ១ភាគរយ ឬការរៀបអាពាហ៍ពិពាហ៍ ១.៩៨៣គូបន្ថែមទៀត។ នៅឆ្នាំ២០២២ អាពាហ៍ពិពាហ៍បានធ្លាក់ចុះដល់កម្រិតទាបបំផុត គឺចំនួន ១៩១.៦៩០គូ។ ការធ្លាក់ចុះនៃចំនួនអាពាហ៍ពិពាហ៍បានបន្តកើតមានអស់រយៈពេល ១១ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២។

ទិន្នន័យអាពាហ៍ពិពាហ៍កើតមានមិនជាយូរប៉ុន្មាននោះឡើយបន្ទាប់ពីមានព័ត៌មាន ដែលថា អត្រានៃការមានកូនរបស់ប្រទេស ពោលគឺចំនួនកូនជាមធ្យមដែលត្រូវបានរំពឹងថា ស្ត្រីនឹងមានអំឡុងជីវិតរបស់នាង បានធ្លាក់ចុះដល់កម្រិតទាបបំផុតចំនួន ០,៧២ ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ របាយការណ៍មួយផ្សេងទៀតដែលចេញផ្សាយដោយ Statistics Korea បានបង្ហាញថា នៅពីក្រោយការធ្លាក់ចុះ ៤០ភាគរយនៃអាពាហ៍ពិពាហ៍ក្នុងរយៈពេល ១ទសវត្សរ៍ កំពុងផ្លាស់ប្តូរបទដ្ឋានសង្គម។

របាយការណ៍នោះបានបង្ហាញថា ក្នុងចំណោមអ្នកដែលមានអាយុចន្លោះពី ១៩ ទៅ ៣៤ឆ្នាំ ក្នុងឆ្នាំ២០២២ ប្រជាជនកូរ៉េខាងត្បូងប្រមាណជាម្នាក់ ក្នុងចំណោម ៣នាក់ មានទស្សនៈវិជ្ជមានលើការរៀបការ។ ចំនួននេះតំណាងឲ្យការប្រែប្រួលពីឆ្នាំ២០១២ នៅពេលដែលជាងពាក់កណ្តាលនៃចំនួននោះ (៥៦,៦ភាគរយ) មានអារម្មណ៍វិជ្ជមាន ចំពោះអាពាហ៍ពិពាហ៍។ តាមយេនឌ័រ បុរស ៤៣,៨ភាគរយ បង្ហាញពីទស្សនៈវិជ្ជមាន ខណៈពេលដែលតួលេខដែលត្រូវគ្នាសម្រាប់ស្ត្រី គឺ ២៨ភាគរយ ដោយធ្លាក់ចុះពី ៦៦,១ភាគរយ និង ៤៦,៩ភាគរៀងៗខ្លួន។

បើនិយាយពីក្រុមអាយុ មានការប្រែប្រួលគួរឲ្យកត់សម្គាល់ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង ក្នុងវ័យ ២០ឆ្នាំ ដែលចៀសពីការរៀបអាពាហ៍ពិពាហ៍។ ភាគរយនៃការរៀបមង្គលការក្នុងក្រុមមនុស្សអាយុចន្លោះពី ២៥ ទៅ ២៩ឆ្នាំ បានធ្លាក់ចុះពី ៥៩,៥ភាគរយ ក្នុងឆ្នាំ២០១២ មកត្រឹម ៣៦ភាគរយ ក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនោះ អ្នកដែលមានអាយុពី ៣០ ទៅ ៣៤ឆ្នាំ បានបង្ហាញថា អាពាហ៍ពិពាហ៍ជាជម្រើសអាទិភាព ពោលគឺមានកម្រិត ៣៩ភាគរយ ដោយធ្លាក់ចុះពីចំនួន ៥៤,៣ភាគរយ កាលពី ១ទសវត្សរ៍មុន។ ការិយាល័យស្ថិតិនេះបានឲ្យដឹងទៀតថា សម្រាប់យុវជនកូរ៉េខាងត្បូង ឧបសគ្គដ៏ធំបំផុត ក្នុងការរៀបអាពាហ៍ពិពាហ៍ គឺបញ្ហាលុយកាក់៕


https://www.straitstimes.com/asia/east-asia/marriages-in-south-korea-fall-by-40-within-a-decade

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)