Knongsrok

· 05-06

គិតចាប់ពីនាទីនេះតទៅ ផ្លូវមួយនេះយើងមានគ្នារួមដំណើរហើយ មិនថាគិត ឬធ្វើអ្វីក៏ដោយ យើងត្រូវជួយគិត និងពិភាក្សាគ្នា

#ចំណេះដឹង# #ទំនាក់ទំនងសេ្នហា# #ស្នេហា#

310

អាចនិយាយបានថា យើងមាននិស្ស័យនឹងគ្នាហើយ ទើបអាចបានមកស្គាល់គ្នា ហើយយើងក៏បានសាងទំនាក់ទំនងល្អជាមួយគ្នាច្រើនណាស់ហើយ ទើបអាចឱ្យយើងទាំងពីរនាក់មានថ្ងៃនេះជាមួយគ្នា មានលោកមេបាទាំងសងខាង និងញាតិបងប្អូនដឹងឮ ជួយធ្វើជាសាក្សីសម្រាប់ក្ដីស្រឡាញ់ និងចំណងជីវិតគូមួយនេះ។

កាលមុនធ្លាប់គិតថា គូខ្ញុំមានរូបរាងបែបណា? មុខមាត់យ៉ាងម៉េច? ជាមនុស្សបែបណា? ជាពិសេសគឺ តើយើងគួរស្រឡាញ់គ្នា ឬចាប់ផ្ដើមជាមួយគ្នាដោយរបៀបណា? តែពេលនេះដឹងហើយថា ម្នាក់នេះហើយជាគូខ្ញុំ ម្នាក់នេះហើយ ដែលត្រូវរួមដំណើរជីវិតជាមួយខ្ញុំ គិតចាប់ពីនាទីនេះតទៅ ហើយគិតថាយើងទាំងពីរក៏បានត្រៀមរួចរាល់ហើយដែរ ថានឹងចាប់ផ្ដើមរួមដំណើរជីវិតមួយនេះជាមួយគ្នាដោយបែបណា មិនដឹងទេថា យើងអាចចងទំនាក់ទំនងមួយនេះបានល្អប៉ុនណាទេ គ្រាន់តែដឹងថា យើងទាំងពីរនឹងព្យាយាមឱ្យល្អបំផុត សាងគ្រប់យ៉ាងឱ្យអស់ពីលទ្ធភាពដែលយើងមាន ហើយក៏ជឿថា អ្វីៗគ្រប់យ៉ាង នឹងបានល្អប្រសើរ។

អរគុណនិស្ស័យ ដែលបានដឹកដៃឱ្យយើងបានមកជួបគ្នា អរគុណពេលវេលា ដែលបានឱ្យយើងសាងអនុស្សាល្អៗច្រើនរាប់មិនអស់ ក៏អរគុណមនុស្សជាទីស្រឡាញ់ ដែលបានកាន់ដៃខ្ញុំ រហូតដល់យើងមានថ្ងៃនេះជាមួយគ្នា។ ទម្រាំមានថ្ងៃនេះ គិតថាយូរក៏យូរ គិតថាឆាប់ក៏ឆាប់ តែចាប់ពីពេលនេះតទៅ យើងត្រូវកាន់ដៃគ្នា រួមដំណើរជីវិតជាមួយគ្នា យូរអង្វែងទៀតណាស់ ដូច្នេះ មិនថាម្ខាងណាទេ ត្រូវតែសន្យា មិនថាគិត ឬធ្វើអ្វីក៏ដោយ សូមឱ្យយើងទាំងពីរ មានចិត្ត មានគំនិត ចេះគិត ចេះគោរព ចេះឱ្យតម្លៃ មានអ្វីក៏ដោយ ក៏ត្រូវតែឱ្យគ្នាបានដឹង ដោយសេចក្ដីស្រឡាញ់ ការគោរព និងភាពស្មោះត្រង់ចំពោះគ្នា។ មានគ្នាជួយគិត ជួយប្រឹក្សា ជួយផ្ដល់យោបល់ ទើបអ្វីៗអាចបានល្អប្រសើរឡើងទ្វេដង ដូចពាក្យគេថា "មនុស្សម្នាក់គំនិតមួយ មនុស្សពីរនាក់គំនិតបី" នេះហើយជាចំណុចដែលអាចជួយឱ្យយើងទទួលបានជោគជ័យ និងមានក្ដីសុខ សុភមង្គលក្នុងជីវិតគ្រួសាររបស់យើង៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស