TNAOT News

· 05-13

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤

#លោក ឃឹម ហ្វីណង់# #ព្រឹត្តិការណ៍សំខាន់ៗ# #ទេវរាជ# #សង្គម# #Transformers# #ព័ត៌មានសង្គម# #កីឡាករ​ Kozo Fujinaga#

8302

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃនេះមានដូចជា៖ 

១. ឯកឧត្តម ឃឹម ហ្វីណង់ បានបកស្រាយចំៗពីរឿងសណ្តែកកួរឡើងថ្លៃ

អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បាននិយាយថា៖ សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។

 

២. យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការថ្មីមួយទៀតបន្ទាប់ពី«យុទ្ធនាការកម្ពុជាស្អាត»

ក្រសួងបរិស្ថាននឹងប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ បន្ទាប់ពីការសាកល្បង «យុទ្ធនាការកម្ពុជាស្អាត» បន្ទាប់ពីសាកល្បងបានជោគជ័យ នៅខេត្តត្បូងឃ្មុំ ។

 

៣. កីឡាករ Kozo Fujinaga ប្រកាសបរិច្ចាគថវិកាបានពីការប្រកួតសប្បុរសធម៌ កម្ពុជា-ជប៉ុន ប្រគល់ជូនដល់មូលនិធិកុមារកំព្រាកម្ពុជា

កីឡាករប្រដាល់ជប៉ុនវ័យ៦៣ឆ្នាំ លោក Kozo Fujinaga បានប្រកាសថា លោកនឹងប្រគល់ជូនថវិកាដែលទទួលបានពីកម្មវិធីប្រកួតនេះជូនដល់មូលនិធិកុមារកម្ពុជាទាំងអស់។


៤. គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានអង្រួនព្រំដែននៃប្រទេសម៉ិកស៊ិក

គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ កម្រិត ៦,៤ រ៉ិចទ័រ បានអង្រួនព្រំដែននៃប្រទេសម៉ិកស៊ិក និងហ្គាតេម៉ាឡា កាលពីព្រឹកថ្ងៃអាទិត្យ បណ្ដាលឱ្យមានការរអិលបាក់ដីជាច្រើនកន្លែង។

 

៥. គ្រឿងញៀនជាង ៣០០គីឡូក្រាម លាក់ទុកក្នុងរូបសំណាកមនុស្សយន្ដ Transformer

អាជ្ញាធរថៃចាប់បានគ្រឿងញៀនជាង ៣០០គីឡូក្រាម គួរឲ្យភ្ញាក់ផ្អើល ខណៈគ្រឿងញៀនទាំងនោះលាក់ទុកក្នុងរូបសំណាកមនុស្សយន្ដ Transformer ។

 

៦. ហេតុការណ៍ដួលរលំអគារមួយកន្លែងកម្ពស់ ១០ជាន់នៅរុស្ស៊ីបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់

ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៤ នាក់ក្នុងហេតុការណ៍ដួលរលំអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Belgorod របស់ប្រទេសរុស្ស៊ី ។

 

៧. អ្នកនាង វ៉ាឌី ភាលី ទម្លាយរឿងឈឺចាប់ ដែលកំពុងធ្លាក់ខ្លួនជាស្ត្រីមេមាយ ត្រូវស្វាមីចុះចោលទៅមានស្រីថ្មី

តារាចម្រៀង និងជាអតីតបេក្ខនារីរដូវកាលទី៣ អ្នកនាង វ៉ាឌី ភាលី បានដាច់ចិត្តទម្លាយរឿងដ៏ឈឺចាប់មួយក្នុងវិបត្តិគ្រួសាររវាងអ្នកនាង និងស្វាមីជាសាធារណៈ ខណៈកំពុងធ្លាក់ខ្លួនជាស្ត្រីម្នាក់ដែលមានប្តីចុះចោលប្រពន្ធ និងកូន ២នាក់ ទៅមានស្រីថ្មីដោយគ្មានទំនួលខុសត្រូវទទួលចិញ្ចឹម ហើយថែមទាំងប្រកែកថារៀបការជាមួយគ្នាដោយគ្មានអេតាស៊ីវិលផងដែរ។

 

៨. ដែនជម្រកសត្វព្រៃលំផាត់ ជាទីតាំងដ៏សំខាន់សម្រាប់ផ្តល់ទីជម្រកដល់សត្វត្មាតភ្លើង

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ ថា ដែនជម្រកសត្វព្រៃលំផាត់គឺទីតាំងដ៏សំខាន់មួយក្នុងការគាំទ្រការរស់នៅរបស់សត្វត្មាតភ្លើង។ ត្មាតភ្លើងជាប្រភេទសត្វជិតផុតពូជបំផុតដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សត្វត្មាតប្រភេទនេះកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើម។ 


៩. សកម្មភាពហាត់សម នៃកម្មវិធីសម្ពោធជាផ្លូវការបទ «ទេវរាជ» របស់ក្រុមការងារអ្នកនាង ទេព បូព្រឹក្ស

តារាចម្រៀងដ៏ល្បីល្បាញប្រចាំកម្ពុជា អ្នកនាង ទេព បូព្រឹក្ស និងក្រុមការងារហាក់កំពុងមមាញឹកជាខ្លាំងជាមួយការហាត់សមសម្រាប់ត្រៀមសម្តែង និងបង្ហាញផ្ទាំងទស្សនីយភាពពិសេសៗនៅក្នុងកម្មវិធីសម្ពោធវីដេអូចម្រៀងបទ «ទេវរាជ» នៅសាលមហោស្រពកោះពេជ្រនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។

 

១០. ជនភៀសខ្លួនប៉ាឡេស្ទីនកាន់តែច្រើនឡើង ខណៈដែលតង់ប្រជាជនត្រូវបានតម្លើងពាសពេញច្រាំងសមុទ្រមេឌីទែរ៉ាណេនៃទីក្រុង Deir al-Balah

Deir al-Balah មិនអាចទប់ទល់នឹងចំនួនមនុស្សដ៏ច្រើន ដែលបានភៀសខ្លួនមកពីទីក្រុង Rafah

ព្រោះអ៊ីស្រាអែលត្រៀមវាយប្រហារ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស