Cambo-China

· 05-15

សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី៦ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ

#សមយុទ្ធ# #ប្រទេសកម្ពុជា# #កងទ័ព# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

4775

លំហាត់សមយុទ្ធនាគមាស លើកទី៦ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌» ដែលមានរយៈពេល១៤ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោកនឹងត្រូវធ្វើឡើង នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនៅលើសមុទ្រ គឺធ្វើឡើង នៅឯខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់ពី ​​ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ដែលជាអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១៣ ខែឧសភា។

ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានមានប្រសាសន៍ថា «ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ ឆ្នាំ២០២៤នេះ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីកម្ពុជា មិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។ កម្ពុជាស្វាគមន៍ជានិច្ចចំពោះប្រទេសជាមិត្ត ដែលមានបំណងធ្វើលំហាត់សមយុទ្ធ ប៉ុន្តែត្រូវគោរពសិទ្ធិរបស់កម្ពុជា»។បើតាមការឲ្យដឹងពីប្រភព បានបញ្ជាក់ថា ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ ​នឹងមានទំហំធំជាងលើកមុនៗ ដោយសារតែមានកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះ ភាគីទាំងពីរនឹងប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿង។ ហើយចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់គឺ ២,០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន ១,៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។

ដោយឡែកគ្រឿងបំពាក់ សម្រាប់ការចូលរួមធ្វើសមយោគលើគោករួមមាន៖ រថក្រោះដែក រថយន្តគ្រប់ប្រភេទចំនួន៧៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀតផងដែរ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស