TNAOT News

· 05-15

សម្តេចធិបតី ប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ដើម្បីដោះស្រាយបញ្ហាដល់ពលរដ្ឋរងគ្រោះនៅក្នុងគម្រោង ឡេង ចាន់ណា

#ឯកឧត្តម គី តិច# #ឡេង ចាន់ណា# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #សម្តេចធិបតីហ៊ុន ម៉ាណែត#

7324

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតីហ៊ុន ម៉ាណែត បានបង្ហោះសារអមដោយលិខិតសិទ្ធិប្រទានប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងនៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលក្នុងនោះមានខ្លឹមសារយ៉ាងដូច្នេះថា៖

«ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។ ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ»។


សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែលថា៖ «សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។ ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ និងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និងសហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់»។


សម្តេចធិបតី បានបន្ថែមទៀតថា «ចុងក្រោយនេះខ្ញុំបានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមប្រព័ន្ធតុលាការ។ មិនតែប៉ុណ្ណោះសម្តេចធិបតី ក៏បានស្នើសុំឲ្យមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមានផងដែរ»៕ប្រែសម្រួលដោយ៖ Puthseyha 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស