TNAOT News

· 05-15

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១៥, ខែឧសភា ឆ្នាំ២០២៤

#ព្រឹត្តិការណ៍សំខាន់ៗ# #ឡេង ចាន់ណា# #សង្គម# #វ៉ាឌី ភាលីង# #សម្តេចធិបតី# #ព័ត៌មានសង្គម# #ប្រទេសចិន#

8161

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃនេះមានដូចជា៖ 

១. សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញនិងបានទៅដល់ សាធារណរដ្ឋកូរ៉េជាដំណើរទស្សនកិច្ចផ្លូវការ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៤ ហើយក៏បានអញ្ជើញទៅដល់កន្លែងស្នាក់នៅនារសៀលនេះដែរ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទីនោះ ។


២. សម្តេចធិបតី ប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ដើម្បីដោះស្រាយបញ្ហាដល់ពលរដ្ឋរងគ្រោះនៅក្នុងគម្រោង ឡេង ចាន់ណា

ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ត្រូវបានសម្តេចធិបតី ប្រគល់ភារកិច្ច ការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងនៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ។


៣. ប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ

ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។


៤. នារីម្នាក់ត្រូវអ្នករត់កង់បីឥណ្ឌា និងបក្សពួកបៀតបៀនកេរ្តិ៍ខ្មាស

នារីម្នាក់បានហៅម៉ូតូកង់បីឥណ្ឌា ដឹកទៅផ្ទះតែត្រូវបានម្ចាស់ម៉ូតូកង់បី ហៅបក្សពួកម្នាក់ទៀតជិះជាមួយ និងបានបៀតបៀនកេរ្តិ៍ខ្មាសស្ទើរពេញខ្លួនប្រាណ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២៧១ ។


៥. លោក Putin នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសចិនក្នុងសប្តាហ៍នេះ

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា លោក Putin នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ តបតាមការអញ្ជើញរបស់លោក Xi ។


៦. យានអវកាសរបស់ក្រុមហ៊ុន Boeing មានបញ្ហាលេចធ្លាយសារធាតុ អេល្យូម នៅក្នុងយាន

យានអវកាស Starliner របស់ក្រុមហ៊ុន Boeing ដែលគ្រោងនឹងបាញ់បង្ហោះនៅថ្ងៃសុក្រ ទី ១៧ នេះ ត្រូវបានពន្យាពេល ខណៈក្រុមអ្នកជំនាញរកឃើញបញ្ហាលេចធ្លាយសារធាតុ អេល្យូម(Helium) នៅក្នុងយាន។


៧. ប្រទេសចិន លើកលែងទិដ្ឋាការដល់ក្រុមអ្នកទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ទេសចរណ៍

ប្រទេសចិន នាថ្ងៃពុធ នេះបានអនុវត្តគោលនយោបាយអនុញ្ញាតឱ្យក្រុមទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ទាំងអស់ ចេញ និងចូលដោយគ្មានទិដ្ឋាការ នៅតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេស។


៨. សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី៦ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ

លំហាត់សមយុទ្ធនាគមាស លើកទី៦ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌» ដែលមានរយៈពេល១៤ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោកនឹងត្រូវធ្វើឡើង នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនៅលើសមុទ្រ គឺធ្វើឡើង នៅឯខេត្តព្រះសីហនុ។

 

៩. មន្រ្តីចរាចរណ៍ម្នាក់ បានលោតទឹកសម្លាប់ខ្លួន សង្ស័យមានវិបត្តិគ្រួសារ

នារីជាមន្រ្តីចរាចរណ៍ម្នាក់ បានលោតទឹកសម្លាប់ខ្លួន សង្ស័យមានវិបត្តិគ្រួសារ នៅលើស្ពានសេកុង ខេត្តស្ទឹងត្រែង លិចបាត់មិនទាន់ដឹងថាស្លាប់ ឬរស់នោះទេ។ ធ្វើឱ្យភ្ញាក់ផ្អើល បានកើតឡើងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។


១០. អ្នកនាង វ៉ាឌី ភាលី លាតត្រដាងការពិតរបស់ប្តី ស្រាប់តែមីងគ្រួសារខាងប្តីចេញសារកាន់ជើង

ក្រោយនេះរឿងរ៉ាវរបស់អ្នកនាង វ៉ាឌី ភាលី ក្រោយពីមានការរិះគន់បុរសជាប្តីរបស់អ្នកនាង វ៉ាឌី ភាលី យ៉ាងខ្លាំងពីសំណាក់មហាជន និងបណ្តាអ្នកគាំទ្រ នាពេលថ្មីៗនេះក៏ស្រាប់តែឃើញគណនីមួយដែលត្រូវបានគេស្គាល់ថាជា មីងរបស់គ្រួសារខាងប្តី បានបង្ហោះសារបែបនេះថា៖ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង តើអ្នកទះដៃមួយចំហៀងឮទេ? យកក្បាលមកគិតផងអ្នកស៊ែរជេគេតែម្ខាងហ្នឹង តើពួកអ្នកដឹងរឿងរបស់គេអស់ហើយឬនៅ? ខ្ញុំនិយាយនេះមិនបានកាន់ជើងខាងណា តែត្រូវគិតថាបើមិនមានភ្លើង ក៏គ្មានផ្សែងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស