
TNAOT News
· 2024-05-15
កៀកថ្ងៃសម្ពោធ MVថ្មី អ្នកនាង ទេព បូព្រឹក្ស បញ្ចេញឈុតសម្លៀកបំពាក់ប្លែកៗ ដែលសម្ដែងក្នុង MV បទ «ទេវរាជ»
#Social Life# #បទ ទេវរាជ# #កម្សាន្ត# #តារាខ្មែរ# #អ្នកនាង ទេព បូព្រឹក្ស#
6567
បន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញ Teaser ប៉ុន្មានវិនាទីនៃ MV បទចម្រៀង «ទេវរាជ» ត្រូវបានអ្នកគាំទ្រសរសើរ និងបង្ហាញការពេញចិត្តជាខ្លាំង ដោយគិតថាស្នាដៃ MV ថ្មីមួយនេះជាស្នាដៃដ៏អស្ចារ្យទី២ បន្ទាប់ពី MV បទ «Top of Lady» ល្បីរន្ទឺជាខ្លាំងកាលពីអំឡុងឆ្នាំ ២០២១។
បើតាមរយៈការបង្ហាញរូបភាពផ្សេងៗ ព្រមទាំង Teaser នៃ MV ថ្មីនេះ អ្នកនាង ទេព បូព្រឹក្ស មានគោលបំណងចង់បង្ហាញពីអត្តសញ្ញាណខ្មែរ និង លើកស្ទួយនូវវប្បធម៌ អរិយធម៌ផ្សេងៗរបស់ខ្មែរជាច្រើន។ លើសពីនេះតារាច្រៀងស្រីពូកែតុបតែងខ្លួនរូបនេះ ក៏បានប្រកាសថ្ងៃរៀបចំកម្មវិធីសម្ពោធនូវ MV បទថ្មី «ទេវរាជ» នៅថ្ងៃទី២៦ ខែឧសភា ខាងមុខក្នុងសាលមហោស្របកោះពេជ្រ ថែមទាំងបានស្នើសុំឲ្យអ្នកចូលរួមទាំងអស់ស្លៀកពាក់ឈុតបែបប្រពៃណីបុរាណខ្មែរ ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និង ជួយផ្សព្វផ្សាយថែរក្សានូវវប្បធម៌ប្រពៃណីរបស់ខ្មែរមួយកម្រិតទៀតផង។
ស្របពេលដែលកាន់តែកៀកដល់ថ្ងៃនៃការរៀបចំកម្មវិធីសម្ពោធនេះ អ្នកនាង ទេព បូព្រឹក្ស ក៏បានបញ្ចេញនូវឈុតដែលសម្ដែងក្នុង MV នេះជាបន្តបន្ទាប់ ជាពិសេសឈុតមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភាពប្រណីតប្លែក និងសមសួនគ្មានទាស់នោះ មានឈ្មោះថា «ឈុតធីតានាគឯករាជ្យ» ដែលត្រូវបានដឹងថាជាឈុតសាកល្បងបង្កើតថ្មី ដោយពឹងផ្អែកទៅលើមូលដ្ឋានសិល្បៈបុរាណខ្មែរ រួមបញ្ជូលគ្នាជាមួយសិល្បៈសហសម័យ។ ចំពោះការរចនាឈុតនេះអ្នកនាងបានយក វិមានឯករាជ្យជាគោលធំក្នុងការបង្កើតម៉ូត ដោយចង់បង្ហាញ និងរំលឹកបន្ថែមអំពីការទាមទារដណ្តើមយកមកវិញនូវសុខសន្តិភាព និងទទួលបាននូវឯករាជ្យពេញលេញ ពីបារាំងក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងទុកជាការឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរគ្រប់រូបដែលបានតស៊ូពលីជីវិតដើម្បីប្រទេសកម្ពុជា។ ឈុតនេះត្រូវបានសាកល្បងតុបតែងលំអរទៅដោយពណ៌ និងក្បូរក្បាច់រចនាផ្សេងៗឲ្យកាន់តែមានសោភ័ណភាព ក្នុងគោលបំណងអភិវឌ្ឍដើម្បីអភិរក្សក្នុងលំហជាចលនាបែបខ្មែរផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)