TNAOT News

· 2024-06-10

តំណាលនៃការរៀបចំពិធី «សែននំចាំង» របស់ប្រជាជនចិន

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6299

បុណ្យសែននំចាំង ត្រូវបានចាត់ទុកជាថ្ងៃសំខាន់មួយរបស់ចិន។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ថ្ងៃទី០៥ ខែ០៥ តាមប្រតិទិនចន្ទគតិចិន ដើម្បីរំឮកដល់លោក ឈីយៀន (Qu Yuan) (340-278 មុនគ.ស.) ដែលលោកជាមន្រ្តី និងជាកវី ដែលត្រូវស្លាប់ដោយសារលោតទឹកសម្លាប់ខ្លួន។ ហើយទំនៀមតក្រោយមក ពិធីបុណ្យនេះក៏ត្រូវបានរដ្ឋាភិបាលចិនរៀបចំចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោក «បុណ្យសែននំចាំង» នេះបានក្លាយជាបុណ្យប្រពៃណីចិន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។តាមតំណាល កាលពីនៅក្នុងសម័យអាណាចក្រឈូមានបុរសម្នាក់ឈ្មោះ ឈីយៀន ជាកវី និងជាមន្ត្រី ដ៏មានចំណេះដឹង ស្មោះត្រង់ ចេះជួយប្រជារាស្ត្រ បានធ្វើឲ្យប្រជារាស្ត្រស្រឡាញ់រូបលោកគ្រប់ៗគ្នា។ តែហេតុដោយសារតែមានប្រជារាស្ត្រស្រឡាញ់ច្រើន ទើបធ្វើឲ្យកើតមានការច្រណែន និងស្អប់ពីមន្រ្តីពុករលួយ មិនពេញចិត្តនឹងរូបលោកនោះទេ។ មន្រ្តីទាំងនោះ បានរៀបផែនការចោទប្រកាន់មន្ត្រីឈីយៀន។

ក្រោយពីព្រះរាជា បានចាញ់កលល្បិចរបស់មន្រ្តីទាំងនោះ ទ្រង់បានសម្រេចចិត្តនិរទេសលោកមន្ត្រី ឈីយៀន ចេញពីនគរ។ លោក ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង លោកក៏បានសម្រេចចិត្តសម្លាប់ខ្លួន ដោយលោតចូលទន្លេ ដើម្បីបញ្ជាក់ពីចិត្តស្មោះត្រង់របស់លោក នៅថ្ងៃទី០៥ ខែ០៥។ ដោយសារចិត្តស្រលាញ់ ចំពោះមន្រ្តីល្អស្មោះត្រង់ ប្រជារាស្រ្តបានជិះទូកស្វែងរកសពរបស់លោក និងបានចោះចំនី បញ្ឆោតអោយត្រីស៊ី ដើម្បីកុំអោយត្រីស៊ីសាកសពលោក។ ប៉ុន្តែជាអកុសល ប្រជារាស្រ្តមិនអាចរកសាកសពលោកឃើញឡើយ។

ក្រោយៗមករៀងរាល់ឆ្នាំ នៅថ្ងៃទី០៥ ខែ០៥ ប្រជារាស្រ្ត តែងតែយកនំចំនី ប្រារព្ធពិធីសែនព្រេន បោះទៅក្នុងទន្លេ ដោយមានការវេចខ្ចប់ដោយស្លឹកឬស្សី ឬស្លឹកចាក ដើម្បីកុំអោយត្រីស៊ី ក្រោយៗមកទៀត គេក៏ប្រារព្ធពិធីប្រណាំងទូកជាដើម។

ក្រៅពីសែននំចាំងហើយ បច្ចុប្បន្ននៅហុងកុង និងកៅឡុង ក៏នៅមានអ្នករៀបចំ ប្រពៃណីប្រណាំងទូក នាគ (Dragon Boat Festival) ដែរ ដោយជនជាតិចិនបុរាណមានជំនឿថា ជាថ្ងៃដែលបណ្ដាពួកបិសាចចេញមកអុកឡុក ទើបត្រូវការពារ ដោយការបោសសម្អាតផ្ទះសម្បែង រួមទាំងអុជគ្រឿងក្រអូប ជ័រក្រអូបដើម្បីឲ្យបរិយាកាសនៅក្នុងផ្ទះ ក្រអូប ស្រស់ស្រាយ ខ្មោចព្រាយបិសាចនឹងមិនហ៊ានចូលផងដែរ៕

ដោយ៖ Adelia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស