Cambo-China

· 06-28

ពិធីដំណើរការរត់សាកល្បងយានយន្តដោយប្រើយន្តការ GMS CBTA ពីប្រទេសចិន មកកម្ពុជា ជាលើកដំបូង

#ប្រទេសកម្ពុជា# #ក្រុមហ៊ុនដឹកជញ្ជូន# #យានយន្ត# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

3751

ពិធីទទួលស្វាគមន៍ដំណើរប្រតិបត្តិការសាកល្បងយានយន្តដឹកជញ្ជូន ពីទីក្រុងគុនមីង (ប្រទេសចិន) មកកាន់ភ្នំពេញ (ប្រទេសកម្ពុជា) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង” លើចម្ងាយផ្លូវជាង ២០០០គីឡូម៉ែត្រ បានមកដល់រាជធានីភ្នំពេញ ដោយជោគជ័យ នៅមជ្ឈមណ្ឌលបង្រៀនបើកបរយានយន្តធុនធ្ងន់ព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោមវត្តមាន ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់។  ឯកឧត្តម តូច ចាន់កុសល បានមានប្រសាសន៍ថា «ថ្ងៃនេះ ជាថ្ងៃដ៏ល្អមួយ ដែលយើងស្វាគមន៍យានយន្តដឹកជញ្ជូនពីប្រទេសចិន មកកាន់រាជធានីភ្នំពេញ ជាលើក ដំបូង ក្នុងប្រវត្តិសាស្ត្រ។ កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) បានបំពេញបន្ថែមទៅឱ្យការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI របស់ចិន) ដើម្បីជាប្រយោជន៍ដល់ប្រទេស GMS ទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជា ក៏ទន្ទឹងរង់ចាំរៀបចំដំណើរការរត់សាកល្បងស្រដៀងគ្នានេះ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាង»។ ជាក់ស្តែង ក្នុងដំណើរការរត់សាកល្បង EH CBTA Trial Run នេះ គឺមានក្បួនរថយន្តចំនួន ០៧គ្រឿង (ដែលយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត,និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូ GMS ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត) ដោយបានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។តាមរយៈការដឹកជញ្ជូនដោយប្រើប្រាស់យន្តការ GMS CBTA នេះ គឺអាចបង្កើននូវការប្រកួតប្រជែងក្នុងអនុតំបន់ GMS ដោយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ (ទំនិញ និងមធ្យោបាយដឹកជញ្ជូន)។ បើផ្គួបផ្សំជាមួយនឹងការវិនិយោគលើការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវដែក ដែលមានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ (នាពេលអនាគតឆាប់ៗខាងមុខនេះ) និងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនពីគុនមីងទៅបាងកក… គឺវាចូលរួមបង្កើននូវសក្តានុពល ដល់ការដឹកជញ្ជូនពហុរូបភាព (Multimodal Transport) និងទេសចរណ៍ពហុទិស (Multi-destination Tourism) ដោយនាំមកនូវការដឹកជញ្ជូនតាមផ្លូវគោកក្នុងអនុតំបន់មួយ ដែលរត់ទាន់បរិបទដឹកជញ្ជូនក្នុងសតវត្សទី២១ នេះផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស