TNAOT News

· 07-10

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ឯកឧត្តម គួច ចំរើន# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

7177

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖១. សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារជាមួយក្រុមប្រឹក្សាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។

២. លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគម អ.ម.ត និងក្រុមហ៊ុន ជីប ម៉ុង គ្រុប

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមហ៊ុន ជីប ម៉ុង គ្រុប ។

៣. កម្ពុជា-អាល្លឺម៉ង់ ចុះMOU ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុលអភិរក្សប្រាសាទ

អាជ្ញាធរជាតិអប្សរា និងភាគីអាល្លឺម៉ង់ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបន្តកិច្ចសហការក្នុងវិស័យជួសជុល អភិរក្សប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

៤. ឯកឧត្តម គួច ចំរើន ចូលរួមគោរពវិញ្ញាណក្ខន្ធសពក្មេងស្រីរងគ្រោះ៣នាក់ ក្នុងហេតុការណ៍លង់ទឹក នៅក្រុងតាខ្មៅ


អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីអាណិតអាសូរ ជាមួយគ្រួសារសពដែលបានបាត់បត់កូនស្រី ក្នុងហេតុការណ៍លង់ទឹក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

៥. កូនឈើចម្រុះចំនួនជាង ៤ម៉ឺនដើមចែកជូនដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ

ពិពរណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» សាធារណជនអាចទទួលបានកូនឈើចម្រុះទៅដាំដោយឥតគិតថ្លៃ ខណៈកូនឈើចម្រុះចំនួន ៤៤ ៥០០ដើម នឹងមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ។

៦. មនុស្សរាប់សិបនាក់នៅមីយ៉ាន់ម៉ា បន្តរាគរូសដោយមិនដឹងមូលហេតុ

ប្រទេសមីយ៉ាន់ម៉ា កំពុងបង្កើនការឆ្លើយតបបន្ទាប់ពីមនុស្សសរុបចំនួន ១៣០នាក់ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺរាគរូសនៅទីក្រុងYangon (យ៉ាំងហ្គោន) ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០២៤ មក។

៧. ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ២៥នាក់បន្ថែម

ប្រជាជនប៉ាឡេស្ទីន ២៥នាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសជាថ្មីរបស់អ៊ីស្រាអែលសំដៅទៅលើសាលារៀនមួយនៅក្នុងទីក្រុង ខាន់ យូនីស នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។

៨. ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលត្រូវបានរំពឹងថានឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែក លើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី ផលប្រយោជន៍នៃប្រជាជនទាំងពីរ។

៩.​ ទីតាំងត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះ មហាវិថី ស៊ី ជីនពីង

ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ នឹងត្រូវរៀបចំឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

១០. អ្នកសារព័ត៌មានចិន មកកម្ពុជាស្វែងយល់ពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន

ប្រតិភូអ្នកសារព័ត៌មានវ័យក្មេង របស់មជ្ឍមណ្ឌលទំនាក់ទំនងអន្តរជាតិ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខ្វាងស៊ី ប្រទេសចិន រួមជាមួយសិស្សមកពីសាលារៀនចិនឈុងជឺង សរុបចំនួន ២៩រូប បានមកធ្វើការសិក្សា ស្វែងយល់អំពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ពិសេសចង់ដឹងពីភាពរីកចំរើនលើវិស័យព័ត៌មាននៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស