
TNAOT News
· 2024-07-22
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤
#ម៉ឺន មេឃា# #សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
6995
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. សម្តេចធិបតីអំពាវនាវឱ្យអនុវត្តនូវគោលការណ៍ថ្មីដើម្បីសម្រួលដល់ការចរាចរណ៍ក្រដាសប្រាក់ចាស់ៗនៅខេត្តសៀមរាប
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។
២. យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មានសន្ទុះគាំទ្រពីសឹងគ្រប់រាជធានី-ខេត្ត
សន្ទុះគាំទ្រកើនច្រើនឡើងក្នុង យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការចូលរួមបរិច្ចាគនូវសំលៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗយ៉ាងច្រើនកុះករ។
៣. ម៉ឺន មេឃា មិនពេញចិត្ត បានត្រឹមជាប់ជាជើងឯករងក្នុងការប្រកួតជាមួយចាន់ ប៊ុនហឿន
ក្រោយមានភាពចម្រូងចម្រាសគ្នាចំពោះការកាត់ក្តីរបស់អាជ្ញាកណ្តាលនៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់កំពូលជើងឯកគុនខ្មែរក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម នៅលើសង្វៀន PNN កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដែលអំឡុងពេលនោះកីឡាករ ម៉ឺន មេឃា ង៉ក់ក្បាលព្រមប្រកួតបន្ត តែត្រូវអាជ្ញាកណ្តាលបញ្ឃប់ការប្រកួត ក្នុងទឹកទី៤ ដោយធ្វើឲ្យកីឡាករ ចាន់ ប៊ុនហឿន ឈ្នះខ្សែក្រវ៉ាត់ និងទទួលបានប្រាក់រង្វាន់នោះ ស្រាប់តែកីឡាករ មេឃា តវ៉ាដោយសារមិនពេញចិត្តក្នុងការសម្រេចបញ្ឈប់ការប្រកួតនេះ។
៤. អាកាសធាតុតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលអំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រដែលបាត់ដំណឹង
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឱ្យដឹងថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
៥. ប្រធានាធិបតី Joe Biden ប្រកាសដកខ្លួនចេញពីការបោះឆ្នោត
ប្រធានាធិបតីលោក Joe Biden បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X អំពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃអាទិត្យថា លោកសម្រេចចិត្តដកខ្លួនចេញពីការប្រជែងបោះឆ្នោតសកលជាផ្លូវការក្រោយពីវេទិកាជជែកដេញដោលជាមួយលោក Donald Trump ដែលបានធ្វើឱ្យមានការសង្ស័យអំពីកាយសម្បទារបស់លោកសម្រាប់តំណែងនេះ ខណៈការបោះឆ្នោតនៅសល់ត្រឹមតែបួនខែទៀតប៉ុណ្ណោះ។
៦. ក្រុមតារាចម្រៀង 2NE1 វិលត្រឡប់ចូលទ្រនាំចាស់ក្នុងផលិតកម្ម YG Entertainment
កាលពីថ្ងៃទី ២១ ខែកក្កដា លោក Yang Hyun Suk អ្នកដឹកនាំផលិតកម្ម YG Entertainment បាន ប្រកាសឲ្យដឹងថាក្រុមចម្រៀងនារី 2NE1 នឹងវិលត្រឡប់មកវិញម្ដងទៀត បន្ទាប់ពីបានរំសាយក្រុមអស់រយៈពេល៨ ឆ្នាំកន្លងទៅ។
៧. លោក Benjamin Netanyahu ប្រញាប់ប្រញាល់ទៅជួបលោក Biden នៅសហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃចន្ទនេះ (ម៉ោងក្នុងស្រុក) ដោយបន្សល់ទុកនូវសង្រ្គាមដ៏ឃោរឃៅមួយ។ មុនពេលឡើងយន្តហោះ លោក Netanyahu បាននិយាយថា លោកនឹងសង្កត់ធ្ងន់លើប្រធានបទនៃកិច្ចសហការទ្វេភាគីរបស់អ៊ីស្រាអែល នៅក្នុងសុន្ទរកថារបស់លោក ហើយបាននិយាយថា អ៊ីស្រាអែលនឹងនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅមជ្ឈិមបូព៌ា «មិនថាប្រជាជនអាម៉េរិកជ្រើសរើសនរណាជាប្រធានាធិបតីបន្ទាប់របស់ពួកគេនោះទេ»៕
៨. យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅជិតមាត់អូរព្រំដែនកម្ពុជា-ថៃ សរុបប្រហែល ៥០គ្រាប់
ពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនៅមាត់អូរព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចTV230497-1449563 មាត់អូរព្រំដែន ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ។
៩. ឯកឧត្តម Nguyen Phu Trong ជាបុគ្គលដ៏ឆ្នើមដែលរួមចំណែក កសាងសង្គមវៀតណាម
ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ត្រូវបានប្រជាជាតិវៀតណាម ចាត់ទុកថាជាមេដឹកនាំដ៏ឆ្នើម និងលេចធ្លោមួយរូបរបស់បក្ស ដែលបានរួមចំណែកដ៏សំខាន់ក្នុងការកសាងប្រទេសជាតិឱ្យរឹងមាំ រីកចម្រើន និងប្រជាជនមានសុភមង្គល វិបុលភាព ប្រកបដោយកិត្យានុភាព ដ៏ខ្ពង់ខ្ពស់ មិនត្រឹមតែក្នុងស្រុក និងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទៀតផង។
១០. ព្យុះទីហ្វុង បានវាយប្រហារប្រទេសចិនជាលើកទី៤ ក្នុងឆ្នាំនេះ បណ្តាលខេត្តជាច្រើនរងគ្រោះដោយសារខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង
ព្យុះទីហ្វុង Prapiroon ជាព្យុះទីហ្វុងទី ៤ ក្នុងឆ្នាំនេះ បានបោកបក់នៅតាមបណ្តោយឆ្នេរសមុទ្រនៃទីក្រុង Wanning ក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ក្នុងល្បឿន ២៨ ម៉ែត្រក្នុងមួយវិនាទី នេះបើយោងយតាមសេវាឧតុនិយមក្នុងតំបន់។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)