TNAOT News

· 2024-07-23

សម្ដេចតេជោអះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាងវៀតណាម

#សម្ដេចតេជោអះអាង# #ផ្ដល់ប្រយោជន៍ឱ្យកម្ពុជា# #NEW NEWS# #សង្គម# #តំបន់អភិវឌ្ឍន៍ត្រីកោណ# #ព័ត៌មានសង្គម#

6191

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន អះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាងវៀតណាម និងឡាវ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះក្នុងសារពិសេសទាក់ទងនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម នាថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៤។

សម្តេចតេជោបញ្ចាក់ថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងតំបន់ត្រីកោណ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកទំនិញឆ្លងកាត់ទៅកាន់សមុទ្រនៅខាងវៀតណាម បញ្ហាសន្តិសុខ និងការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន កាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាម និងឡាវ។

ក្នុងនោះ កម្ពុជាក៏នឹងទទួលបានកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងកិច្ចសហការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនៅតាមព្រំដែនជាដើម។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ប្រទេសឡាវ មានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។

តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស