Cambo-China

· 07-31

កាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជន និងវិនិយោគិន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

4021

ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានជម្រាបសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម ខណៈឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។

សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សម្តេចបានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើត និងបង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។សម្តេចបានបញ្ជាក់ថា ជំនួបនេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន ដោយសម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើនចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស