TNAOT News

· 08-01

កីឡាការិនីគុនដាវអេហ្ស៊ីប បានសារភាពថាមានផ្ទៃពោះ៧ខែ អំឡុងចូលរួមប្រកួតអូឡាំពិក នៅប៉ារីស

#ប៉ារីស# #កីឡាអន្តរជាតិ# #TNAOT SPORT# #កីឡា# #មានផ្ទៃពោះ# #កីឡាការិនីគុនដាវអេហ្ស៊ីប# #Nada Hafez#

6354

កីឡាការិនីគុនដាវអេហ្ស៊ីប Nada Hafez បានសារភាពថាអ្នកនាងមានផ្ទៃពោះ៧ខែ អំឡុងការប្រកួតក្នុងជំនួបទី២របស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នាក្រុងប៉ារីស ប្រទេសបារាំង កាលពីពេលថ្មីៗនេះ។ គោលបំណងចម្បងរបស់អ្នកនាង គឺចង់ប្រាប់ពិភពលោកថា «នេះជាការតស៊ូរបស់ស្ត្រីអេហ្ស៊ីប»។

កីឡាការិនី Nada Hafez មានវ័យ ២៦ឆ្នាំ បានបង្ហាញខ្លួននៅអូឡាំពិកជាលើកទី៣ ក្នុងឆ្នាំនេះ​បន្ទាប់ពីបានចូលរួមនៅ Rio de Janeiro ឆ្នាំ២០១៦ និងនៅ Tokyo ឆ្នាំ២០២១។ យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ កីឡាការិនីគុនដាវដែលមានទេពកោសល្យ និងឆន្ទះខ្ពស់របស់អេហ្ស៊ីបរូបនេះ ប្រកួត២លើករួចមកហើយដោយបានផ្តួលកីឡាការិនី Elizabeth Tartakovsky របស់អាម៉េរិកក្នុងជំនួបដំបូងនៃការប្រកួតវិញ្ញាសា saber ឯកត្តជននារី មុនចាញ់កីឡារិនីកូរ៉េខាងត្បូង Jeon Hayoung របស់កូរ៉េខាងត្បូងនៅជំនួបទី២ ជុំទី១៦។

ក្រោយចាញ់កីឡាការិនីកូរ៉េខាងត្បូង កីឡាការិនី Hafez បានសរសេរលើបណ្តាញសង្គម Instagram របស់ខ្លួនថា៖ «អ្វីដែលអ្នកទាំងអស់គ្នាបានឃើញ គឺមានកីឡាការិនីពីរនាក់ប្រកួតលើឆាក ប៉ុន្តែការពិតគឺ៣នាក់គឺជាខ្ញុំ គូប្រជែងខ្ញុំ និងក្មេងក្នុងពោះខ្ញុំដែលមិនទាន់ឃើញពិភពលោក»។

ហើយមូលហេតុចម្បងដែល Nada Hafez បានលាតត្រដាងការពិតនោះដោយសារកីឡាការិនីចង់បង្ហាញមនុស្សនៅជុំវិញពិភពលោកថា ស្ត្រីក៏មានកម្លាំង ហើយនេះក៏ជាការតស៊ូរបស់ស្ត្រីអេសហ្ស៊ី។ ស្ត្រីនៅអំឡុងពេលពពោះ គឺមានភាពលំបាក ប៉ុន្តែការតស៊ូដើម្បីរក្សាស្ថិរភាពជីវិត និងកីឡា គឺគ្មានអ្វីដែលលំបាកនោះទេ។ វាពិតជាមានតម្លៃ និងមោទកភាពណាស់សម្រាប់អ្នកនាង៕ ប្រែសម្រួលដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស