Cambo-China

· 08-10

កិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

#កិច្ចសន្ទនា# #កិច្ចសហប្រតិបត្តិការ# #សង្គម# #កាលានុវត្តភាព# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

3049

រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានកិច្ចសហការពីអគ្គស្ថានីយ៍និងទូរទស្សន៍មជ្ឈិមចិន និងទទួលបានការគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវកិច្ចសន្ទនា ស្ដីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្ដម Wang Wenbin បានបង្ហាញសេចក្ដីសោមនស្សចំពោះការរៀបចំកិច្ចសន្ទនានានេះ ដែលបានជួបអ្នកសារព័ត៌មានកម្ពុជា ដើម្បីចែករំលែកព័ត៌មានដ៏អស្ចារ្យនៃកំណែទម្រង់របស់សាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឯកឧត្ដមបានលើកឡើងនូវប្រវត្តិនៃកិច្ចប្រជុំពេញអង្គនៃបក្សកុម្មុយនីស្តចិននាពេលកន្លងមក និងកិច្ចប្រជុំពេញអង្គនៃបក្សកុម្មុយនីស្តចិននាខែកក្កដាថ្មីៗនេះថា គឺជាបង្អួចសំខាន់មួយសម្រាប់បរទេសដែលអាចស្វែងយល់ពីប្រទេសចិន ដែលបើកចំហរ ហើយគេពិតជាបានមើលឃើញប្រទេសចិន នៅក្នុងវឌ្ឍនភាពថ្មី ការចាត់ចែងការងារដោយផ្ទាល់ និងជំរុញដោយផ្ទាល់ ហើយសម្រេចបានដោយជោគជ័យលើកំណែទម្រង់គ្រប់វិស័យ សម្រាប់ការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ជាប្រព័ន្ធ និងជារួម។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងក្នុងឱកាសបើវេទិកាកិច្ចសន្ទនានេះថា កម្ពុជា-ចិន បានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង២ពាន់ឆ្នាំកន្លេងទៅហើយ ហើយភស្តុតាងដែលជាសាក្ខីភាពនេះគឺ ចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលគូសបញ្ជាក់អំពីវត្តមានចិននៅកម្ពុជា ពិសេសអ្នកការទូតចិនគឺលោក ជីវ តាក្វាន់ ដែលអ្នកបានកត់ត្រានូវប្រវត្តិសាស្ត្រនិងស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរ ពិសេសនៅក្នុងសម័យអង្គរ ហើយស្នាដៃរបស់លោក ក៏បានក្លាយជាឯកសារដ៏សំខាន់មួយបន្ថែមទៀត នៅក្នុងការសិក្សាប្រវត្តិសាស្ត្រខ្មែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ថា កម្ពុជានិងចិនអាចពង្រឹងទំនាក់ទំនងនឹងគ្នាតាមរយៈវិស័យទេសចរណ៍ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយចិននឹងផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ពិសេសទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ដែលប្រទេសកម្ពុជាជាប្រទេសមានវប្បធម៌ដ៏ចំណាស់មួយនៅអាស៊ីអាគ្នេយ៍។

ជាកិច្ចបញ្ចប់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានបានជំរុញឱ្យភាគីទាំងពីរ កម្ពុជា-ចិន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដោយឯកឧត្ដមបានថ្លែងសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាជនទាំងពីរ កម្ពុជា-ចិន និងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន គឺជាយន្តការដ៏សំខាន់នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស