Cambo-China

· 09-05

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានចូលរួមចំណែកដល់ការស្តារកសាង អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

3348

ប្រធានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានចូលរួមចំណែកដល់ការស្តារកសាង អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ខណៈការជួយឧបត្ថម្ភរបស់ចិនមិនត្រឹមជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប៉ុណ្ណោះទេ តែបានធ្វើឱ្យកម្ពុជាមានឯករាជ្យភាពខាងនយោបាយ ការពារបាននូវបូរណភាពរបស់ខ្លួន ស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកឡើងដូចនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនក្រុងសៀងហៃ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។សម្តេចរដ្ឋសភាធិបតី បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន ដែលបានពូនជ្រំ ថែរក្សា លើកកម្ពស់ឥតឈប់ឈរ ដោយបច្ចុប្បន្នបាននាំមកនូវផលប្រយោជន៍មិនត្រឹមសម្រាប់ប្រទេស និងប្រជាជនទំាងពីរនោះទេ តែថែមទាំងដល់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន និងបានចូលរួមចំណែកថែរក្សា លើកកម្ពស់ វិបុលភាពប្រជាជាតិនៅក្នុងតំបន់ និងសកលលោកថែមទៀតផង។ សម្តេចរដ្ឋសភាធិបតីជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសភាប្រជាជនចិនក្រុងសៀងហៃនៅក្នុងឱកាសនេះ នឹងជំរុញលើកកម្ពស់ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទំាងពីរកាន់តែសកម្ម និងស៊ីជម្រៅ នាំមកនូវសមិទ្ធផលថ្មីៗថែមទៀតដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា និងសភាប្រជាជនចិនក្រុងសៀងហៃ ពង្រឹងពង្រីកថែមទៀត នៅគ្រប់កម្រិត ផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស