TNAOT News

· 09-05

សត្វស្មោញ ជាសត្វបក្សីដែលកំពុងជិតផុតពូជ ឃើញមាននៅតំបន់ព្រែកទាល់នៃបឹងទន្លេសាប និងភាគខាងជើងប្រទេសកម្ពុជា

#សត្វស្មោញ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

5056

សត្វស្មោញជាប្រភេទបក្សីដែលមានកវែងដូចជាសត្វពស់ ចំពុះរបស់វាស្រួចដូចដាវ សម្បុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ សត្វនេះគេសង្កេតឃើញថា មានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងនៅតាមតំបន់មួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ សត្វស្មោញជាប្រភេទសត្វបក្សីធំ មានកម្ពស់ពី ៨៥ ទៅ ៩៧សង់ទីម៉ែត្រ។ បក្សីប្រភេទនេះមានលក្ខណៈពិសេស ដោយអាចហែល និងមុជទឹក មើលទៅដូចជាសត្វពស់អញ្ចឹ។ ស្មោញជាប្រភេទបក្សីជិតទទួលរងការគំរាមកំហែង តាមចំណាត់ថ្នាក់របស់អង្គការ IUCN។តាមរយៈទំព័រហ្វេសប៊ុកឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា សត្វស្មោញឃើញមានពេញមួយឆ្នាំនៅស្រុកខ្មែរ និងទីជម្រករបស់វាស្ថិតនៅតំបន់ព្រៃលិចទឹក បឹង វាលភក់ ទន្លេធំៗ ហើយបន្ទាយពងកូនដ៏ធំជាងគេ គឺនៅតំបន់ស្នូលព្រែកទាល់នៃបឹងទន្លេសាប ដែលជាតំបន់ឋបនីយជីវមណ្ឌល និងតំបន់តូចៗមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ វារកចំណីដោយមុជទឹកចាប់ត្រីជាអាហារ។ រដូវបន្តពូជរបស់ស្មោញ គឺចាប់ពីខែកក្កដា ដល់ខែមីនា ហើយស្មោញញីមានពងចំនួនពី ៣ ទៅ៦។បើយោងតាមឯកសាររបស់ក្រសួងបរិស្ថានវិញ សត្វស្មោញជាសត្វបក្សីដែលកំពុងជិតផុតពូជ នៅលើពិភពលោក មានចំនួនប្រមាណជា១ម៉ឺនក្បាលប៉ុណ្ណោះ។ សត្វស្មោញចូលចិត្តហែលទឹកណាស់ ដោយសាររោមវាជ្រាបទឹក វាមិនសូវអណ្ដែតទឹកទេ។ បន្ទាប់ពីមុជ ឬហែលទឹកហើយ វាតែងរលាស់ទឹកចេញ និងត្រូវទៅត្រដាងស្លាបអាំងថ្ងៃលើមែកឈើ ដើម្បីសម្ងួតរោម។សត្វស្មោញចូលចិត្តរកចំណីក្នុងទឹក តែមិនសូវជ្រៅ។ សត្វនេះពេលកើតមកភ្លាម កូនញាស់មានរោមសំឡីពណ៌ស ហើយបានប្ដូរពណ៌បន្តិចម្ដងៗទៅជាពណ៌ត្នោត។ វាដុះរោមពេញខ្លួននៅអាយុ៧សប្ដាហ៍ ពេលនោះវាអាចហើរចេញពីសម្បុកបានហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស