Cambo-China

· 09-24

ទំនាក់ទំនងកម្ពុជា-ចិនជាមិត្តដែកថែប និងបានពង្រីកជាលំដាប់ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ដើម្បីផលប្រយោជន៍ទាំងទ្វេ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

3170

កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ក្រោមប្រធានបទកាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នាបានប្រារព្ធធ្វើទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថាយុវជន គឺជាសសរទ្រូង ជាឆ្អឹងខ្នង ជាចលករសម្រាប់រុញនាវាកម្ពុជា-ចិនឱ្យទៅមុខ ដូច្នេះហើយយុវជន ត្រូវតែខំរៀនទាំងប្រវត្តិសាស្ត្រ វប្បធម៌ ភាសាវាងប្រទេសទាំងពីរឱ្យបានស៊ីជម្រៅដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត។ បន្តមកឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិនជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ចូលរួមសកម្មភាពផ្សេងៗជាមួយគ្នាឱ្យបានច្រើនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ។ក្រោយពីបានស្តាប់ប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជារួចមក ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមថា៖ យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-ចិន ហើយត្រូវដឹងពីអត្ថប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ ចូលរួមជាមួយគ្នាតាមរយៈវេទិកាកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយពីគ្នាឱ្យបានទូលំទូលាយ។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖«ទំនាក់ទំនងកម្ពុជា-ចិនមកដល់ថ្ងៃនេះ បានផ្តល់ឱកាសដល់កម្ពុជាយើងឱ្យមានភាពរឹងមាំ មានឯករាជ្យ អធិបតេយ្យ ហើយម្ចាស់ការក្នុងការអភិវឌ្ឍ ហើយមិត្តចិនមិនមកណែនាំយើងថាធ្វើយ៉ាងម៉ិចទេ! ចិនបានស្វែងយល់ពីយើង ហើយជួយគ្នា។ ខ្ញុំសង្ឃឹមថា យុវជនជាអ្នកបន្តវេន នឹងបន្តថែរក្សា ពង្រឹងពង្រីក នូវទំនាក់ទំនងប្រទេសយើងទាំងពីរដូចអ្វីដែលសម្តេចតា និងសម្តេចតេជោចាប់ផ្តើម ហើយដូចអ្វី ដែលសម្តេចធិបតីកំពុងតែអនុវត្តន៍ ដូច្នេះ យើងទាំងអស់គ្នាត្រូវបន្តចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា ចិននេះឱ្យបានគង់វង្ស»។

សូមបញ្ជាក់ថា ប្រទេសចិននិងកម្ពុជាចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ មិត្តភាពជាប្រពៃណីរវាងប្រទេសយើងទាំងពីរ ត្រូវបានត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ។ បច្ចុប្បន្ននេះ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា លើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់និងអន្តរជាតិជាដើម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស