Cambo-China

· 2024-10-27

ឯកឧត្តម វង សូត ផ្តល់អនុសាសន៍ចំនួន៥ ដើម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2756

ដើម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានផ្តល់នូវអនុសាសន៍៥ចំនុច ទៅកាន់អង្គសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន។

ឯកឧត្តម វង សូត នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលរៀបចំឡើងនៅស្រុកណានពីង ខេត្តហ្វូជាន ប្រទេសចិន។ ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តម មានប្រសាសន៍ថា ប្រធានបទនៃសន្និសីទនេះ មានសារៈសំខាន់ និងឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នដោយយើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលសកលភាវូបនីយកម្ម បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ គឺជាកត្តាកំណត់រូបរាងនៃអនាគតរបស់យើង។

ដូចនេះ ការសិក្សាអំពីអរិយធម៌ដ៏រុងរឿងរបស់ចិន ព្រមទាំងភាពជោគជ័យ និងគំនិតផ្តួចផ្តើមនានារបស់ចិន គឺពិតជាសំខាន់​ក្នុង​ការ​សម្រេច​បាន​សុខដុមនីយកម្មពិភពលោក ព្រោះអរិយធម៌ចិន ជាអរិយធម៌ចំណាស់ជាងគេមួយ និងស្ថិតស្ថេរបំផុត និងបានបានរួមចំណែកក្នុងការវិវឌ្ឍនៃទស្សនវិជ្ជា វិទ្យាសាស្រ្ត សិល្បៈ អភិបាលកិច្ច និងការទូតសកល។ឯកឧត្តម វង សូត បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅកាន់អង្គសន្និសីទ ដូចជា៖ ១) ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងអ្នកស្រាវជ្រាវពីចិន ទាំងទ្វេភាគី និងពហុភាគី ដើម្បីចែករំលែកពុទ្ធិរវាងគ្នា, ២) លើកកម្ពស់សុខដុមរវាងអរិយធម៌ចម្រុះ និងគោរពគោលការណ៍សន្តិសហវិជ្ជមាន ដែលជាតម្លៃមិនអាចខ្វះបានក្នុងការដោះស្រាយជម្លោះ និងភាពតានតឹងភូមិសាស្រ្តនយោបាយ, ៣) គាំទ្រគំនិតផ្តួចផ្តើមអភវិឌ្ឍប្រកបដោយចីរភាពនានា ក្នុងការធ្វើឱ្យទំនើបកម្មពិភពលោក ស្របតាមនិរន្តរភាពនៃបរិស្ថាន និងវិបុលភាពសកល។

ឯកឧត្តមបានផ្តល់នូវអនុសាសន៍លើកកម្ពស់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច ដោយសិក្សាពីគំរូនៃភាពជោគជ័យរបស់ប្រទេសចិន ឈាន​ទៅធានាបាន​​បរិយាបន្ន​នៃទំនើប​ភាវូបនីយកម្ម ដែលផ្តល់ប្រយោជន៍រួម, និង រួមដៃគ្នាកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ ដែលផ្តោតការគោរពគ្នាទៅវិញទៅមក ការរក្សាផលប្រយោជន៍រួម និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការជាមួយគ្រប់ភាគី គ្រប់ជាតិសាសន៍ ទោះមានវប្បធម៌ចម្រុះផ្សេងៗគ្នាក៏ដោយ ដើម្បីរក្សាសន្តិភាព និងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ឈានទៅសម្រេចបានពិភពលោកមួយប្រកបដោយសុខដុមរមនា៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស