TNAOT News

· 10-30

ពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ បង្ហាញនូវការរំលឹកដល់បុព្វហេតុនៃសិល្បៈនិងវប្បធម៌ដូនតាខ្មែរសម័យដ៏រុងរឿង

#ពិធីដង្ហែក្បួនព្រះមហាក្សត្រ# #ប្រាសាទអង្គរវត្ត# #សង្គម# #ស្នាមញញឹមនៃកម្ពុជាលើកទី២# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2825

ក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ ក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺដើម្បីរំលឹកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ។ ក្នុងពិធីដង្ហែនោះឧកញ៉ា ខេមរៈ សិរីមន្ត បានសម្តែងជាតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សម្តែងជាព្រះនាងឥន្ទ្រទេវី។

ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានពិពណ៌នាពីភាពរលូន និងជោគជ័យដែលក្នុងនោះអាកាសធាតុដ៏ត្រជាក់ហាក់ដូចប្រទានពីបុព្វបុរសខ្មែរសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ «ស្នាមញញឹមនៃកម្ពុជា» ដែលត្រូវបានពលរដ្ឋខ្មែរជំនាន់ក្រោយបានរំលឹកដឹងគុណពីភាពស្នាដៃដ៏អស្ចារ្យនៃយុគសម័យដ៏រុងរឿងរបស់ពួកគាត់។ ព្រឹត្តិការណ៍ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយបានទទួលការចូលរួមយ៉ាងច្រើនមិនថាមន្រ្តីពាក់ព័ន្ធ អ្នកទេសចរ ពលរដ្ឋ អ្នកសិល្បៈជាដើម ដែលនេះជាការបង្ហាញនូវ ការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើតនិងបន្សល់ទុក និងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះផងដែរ។ ក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជានេះ បានរៀបចំឡើងដោយផ្សារភ្ជាប់នឹងការអបអរខួប២០ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងព្រឹត្តិការណ៍នេះថា «ស្នាមញញឹមនៃកម្ពុជា» ជាសកម្មភាពសង្គម ដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹម ដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា។ ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា មានន័យជាសញ្ញាដែលបង្ហាញពីការពេញចិត្តនិងអំណរចិត្តនៅក្នុងសង្គមខ្មែរ។

តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឱ្យស្នាមញញឹម ក្លាយជាសញ្ញានៃសន្តិភាព និងសាមគ្គីភាព។ ដោយឡែកសម្រាប់ក្នុងពេលរាត្រីបរិវេណប្រាសាទអង្គរវត្ត ត្រូវបានគេបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាថតរូប និងដើរកម្សាន្តយ៉ាងច្រើនកុះករដូចគ្នា។ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដោយមានការតាំងបង្ហាញនូវម្ហូបអាហារ ស្ដង់ពិព័រណ៍ ការសម្ដែងសិល្បៈចម្រុះបែប៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស