Cambo-China

· 11-05

ឯកឧត្តម ហែម វណ្ណឌី និងឯកអគ្គរដ្ឋទូតចិន ពិភាក្សាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2731

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ថ្លែងក្នុងឱកាសជំនួបនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជា និង​មិត្តចិន​មាន​ទំនាក់ទំនង​មិត្តភាព​ដ៏រឹងមាំ និង​យូរអង្វែង ហើយការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា ​គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាលឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។

កិច្ចពិភាក្សាក៏បានផ្តោតលើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនរបស់កម្ពុជា ដោយឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួន ដូចជាស្តង់ដារនីយកម្ម, មាត្រាសាស្ត្រ, សេវាមន្ទីរពិសោធន៍, និងសេវាទឹកស្អាត។ឯកឧត្តម វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបានស្នើឱ្យគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចិននឹងរៀបចំនាពេលខាងមុខ រួមទាំងកិច្ចប្រជុំច្រករបៀងនវានុវត្តន៍ មេគង្គ-ឡានឆាង និងសន្និសីទបញ្ញាសប្បនិម្មិត នៅក្នុងឆ្នាំ២០២៥ ផងដែរ។គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រដែលមានប្រភពវិនិយោគពីសាធារណ​រដ្ឋប្រជាមានិតចិនចំនួន ១.២៧៣ ក្នុងទំហំទុនវិនិយោគចំនួន ៩,០៨៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុប៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស